អានតួអត្ថបទ
ប្រេងឆៅ

តម្លៃប្រេងឆៅ​ហក់​ឡើង ក្រោយ​ឮប្រកាស​កាត់​បន្ថយ​ការបូមប្រេង

តម្លៃ​ប្រេង​ឆៅ​លើ​ទីផ្សារ​បាន​ហក់​ឡើង​យ៉ាង​ខ្លាំង ប្រមាណ​ជាង​៥% ​នៅថ្ងៃ​ចន្ទទី ៣​មេសា​២០២៣​នេះ ក្រោយ​ពី​ក្រុមប្រទេស​នាំ​ប្រេង​ចេញ​ប្រកាស​កាត់​បន្ថយ​ការ​បូម​ប្រេង ចាប់​ពី​ខែ​ឧសភា​ទៅ រហូត​ដល់​ដំណាច់​ឆ្នាំ។ សម្រាប់​ក្រុម​អ្នក​ផលិត​ប្រេង​ នេះ​ជា​វិធានការ​បង្ការ​​ដើម្បីទ្រទ្រង់ស្ថិរភាព​ទីផ្សារ​។

តម្លៃប្រេងឆៅ​ហក់​ឡើង ក្រោយ​ឮប្រកាស​កាត់​បន្ថយ​ការបូមប្រេង
តម្លៃប្រេងឆៅ​ហក់​ឡើង ក្រោយ​ឮប្រកាស​កាត់​បន្ថយ​ការបូមប្រេង © ©Dr
ផ្សាយពាណិជ្ជកម្ម

​​បញ្ចុះ​បរិមាណ​​បូម​ប្រេង នឹង​ប្រព្រឹត្ត​ទៅ​នៅគ្រប់​ទីកន្លែង​ និង​ដោយ​​សហការ​សម្របសម្រួលជាមួយ​គ្រប់​ប្រទេស​ជា​សមាជិក​និង​មិនមែន​ជាសមាជិក​អង្គការ​ប្រទេស​អ្នក​នាំចេញ​ប្រេង​ Opep ទាំង​អស់។ អ៊ីរ៉ាក់ អាល់ហ្សេរី អារាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម អូម៉ង់ និង​កូវែត នឹង​​កាត់​បន្ថយ​ការ​បូមប្រេង​ចាប់​ពី​ខែ​ឧសភា រហូត​ដល់​ដំណាច់​ឆ្នាំ។ ជា​ការ​កាត់បន្ថយ​បរិមាណ​ ផលិតកម្ម​បូមប្រេង​សរុប​ចំនួន ប្រមាណ​១លាន​ធុង​បារីល​ក្នុង​មួយ​ថ្ងៃ ពោលគឺ​ជា​កាត់​បន្ថយ​ដ៏​ខ្លាំង​បំផុត​គិត​តាំងពី​ខែ​តុលាមក។ នេះ​បើ​តាមប្រភព​​ក្រសួង​ថាមពល​អាល់ហ្សេរី ដោយ​ពន្យល់​ថា តម្លៃ​ប្រេង​លើ​ទីផ្សារ​ក្នុង​ខែ​មីនា​ បាន​ធ្លាក់​ចុះ​ថោក​ខ្លាំង (ក្រោម​៨០​ដុល្លារ​ក្នុង​មួយធុងបារីស) ដែល​ក្រុមប្រទេស​អ្នក​ផលិតមិន​អាច​ទទួល​យក​បាន​ទេ។ សម្រាប់​អារ៉ាប៊ីសាអូឌីត អេមីរ៉ាត់ ... ការ​បន្ថយ​ផលិតកម្មពេល​នេះ​ ​ជា​វិធានការ​ ​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ​ ដោយ​ការ​ស្ម័គ្រ​ចិត្ត និង​ជា​វិធានការ​​បង្ការ​ ដើម្បី​នាំ​ទីផ្សារ​ប្រេង​ឱ្យ​មាន​សិ្ថរភាព។

​ថ្វីបើអ្នក​ជំនាញគិត​ថា​អាច​នឹង​មាន​ករណី​កាត់​បន្ថយ​ការ​បូមប្រេង​ជា​ថ្មី​ទៀត​មែន ប៉ុន្តែ​ពួកគេ​ភ្ញាក់​ផ្អើល​បំផុត នៅពេល​ឃើញ​​ទំហំ​នៃ​ការ​បញ្ចុះ ព្រោះ​វា​ជា​ការ​កាត់​បន្ថយ ជាន់​បន្ថែម​​ពីលើ​កិច្ចព្រមព្រៀង​កាលពី​ខែ​តុលា​២០២២ ដែល​សម្រេចបន្ថយ​ផលិត​កម្ម​ប្រេង​​ចំនួន​២លាន​ធុង​បារីល​ក្នុង​ថ្ងៃ​ដើម្បី​ទ្រទ្រង់​តម្លៃ​ប្រេង​ឆៅ​លើ​ទីផ្សារ។​ ជា​ប្រតិកម្ម តម្លៃ​ប្រេង​ឆៅ​​បាន​ស្ទុះ​ឡើង​ថ្លៃ​ ជាង​ ៥%​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​៣មេសា​នេះ។

សេចក្តីប្រកាស​កាត់​បន្ថយ​ការ​បូមប្រេងថ្ងៃ​នេះ ​ធ្វើ​ឡើង​ចំពេល​​ដែល​គណៈកម្មការ​អន្តរក្រសួង នៃ​អង្គការ​ប្រទេស​នាំចេញ​ប្រេង​និង​សម្ព័ន្ធមិត្ត​ Opep+ ត្រូវ​ជួប​ប្រជុំ​គ្នា​តាម​ប្រព័ន្ធ​វីដេអូ​។ កាលពី​ខែ​កុម្ភៈ​ សមាជិក​គណៈកម្មការ​នេះ បាន​បញ្ជាក់ម្តងហើយ​ អំពី​ការ​​ប្តេជ្ញា​ចិត្ត​គោរព​កិច្ច​ព្រមព្រៀង​បញ្ចុះ​ការ​បូមប្រេង​ខែ​តុលា​នោះ ដោយ​មិន​ខ្វល់​នឹងការ​អំពាវនាវ​របស់​សហរដ្ឋ​អាមេរិក ឱ្យ​ដំឡើង​បរិមាណ​បូមប្រេងប្រចាំថ្ងៃ ដើម្បី​ទប់​ទល់​​អតិផរណា និង​​ការ​បើក​សេដ្ឋកិច្ច​ឡើង​វិញរបស់​ចិន៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ