អានតួអត្ថបទ
អារ៉ាប៊ីសាអូឌីត-ប្រេងកាត

ក្រុមហ៊ុនប្រេង​អារ៉ាប៊ីសាអូឌីត​ចំណេញ​កប់ពពក នៅ​ឆ្នាំ ២០២២

ក្រុមហ៊ុនប្រេងរដ្ឋអារ៉ាប៊ី សាអូឌីត Saudi Aramco បានប្រកាស​ប្រាក់ចំណេញ​កប់ពពក នៅ​ឆ្នាំ ២០២២។ នៅក្នុង​របាយការណ៍​របស់​ក្រុមហ៊ុនចេញផ្សាយ​នៅថ្ងៃអាទិត្យនេះ ក្នុងរយៈពេល ១ឆ្នាំ មុន ក្រុមហ៊ុនប្រេងធំបំផុត​របស់​អារ៉ាប៊ីសាអូឌីត​រកបាន​ប្រាក់ចំណេញ ប្រមាណ ១៦១ពាន់លានដុល្លារ ពោល​គឺកើនឡើងជាង ៤៦% បើធៀបនឹង​ឆ្នាំ​២០២១។ ក្រុមហ៊ុនប្រេង​អារ៉ាប៊ីសាអូឌីត​រកបានប្រាក់ចំណេញក្រាសក្រែល ដោយ​មកពី​តម្លៃប្រេងឡើងថ្លៃ និង​តម្រូវការប្រេង​កើនឡើង នៅក្រោយ រុស្ស៊ី​ចាប់ធ្វើ​សង្រ្គាម​ឈ្លានពាន​អ៊ុយក្រែន។

ក្រុមហ៊ុនប្រេងរដ្ឋអារ៉ាប៊ី សាអូឌីត Saudi Aramcoប្រកាស​ចូលក្នុងទីផ្សារភាគហ៊ុន​នៅ​ឆ្នាំ ២០១៩
ក្រុមហ៊ុនប្រេងរដ្ឋអារ៉ាប៊ី សាអូឌីត Saudi Aramcoប្រកាស​ចូលក្នុងទីផ្សារភាគហ៊ុន​នៅ​ឆ្នាំ ២០១៩ AP - Amr Nabil
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ប្រទេស​នាំ​ចេញ​ប្រេង ធំ​ជាងគេ នៅក្នុងពិភពលោក ក្រុមហ៊ុនប្រេងរដ្ឋអារ៉ាប៊ី សាអូឌីត Saudi Aramco​រកបានប្រាក់ចំណេញ​សុទ្ធ​ចំនួន ១៦១,០៧​ពាន់លាន​ដុល្លារនៅ​ឆ្នាំ មុន។ ធៀប​នឹង​ឆ្នាំ​២០២១ ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​ប្រេង Saudi Aramco បាន​កើនឡើង​៤៦%។

នៅក្នុង​សេចក្តីប្រកាស​ចេញផ្សាយ នៅថ្ងៃអាទិត្យ ក្រុមហ៊ុនប្រេងអារ៉ាប៊ីសាអូឌីត បានលើកឡើង​ពី​ប្រាក់ចំណេញ​ដ៏ខ្ពស់បំផុត​ដែលក្រុមហ៊ុន​ជួបប្រទះ ពោល​គឺ​ទ្វេដង ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា នៅ​ឆ្នាំ ២០១៩ នៅមុន​សម័យកូវីដ (៨៨,២ពាន់លានដុល្លារ)។

តម្លៃប្រេង​កើន​ឡើងខ្ពស់ នៅក្រោយ​រុស្ស៊ី​ធ្វើ​សង្រ្គាម​ឈ្លានពាន​អ៊ុយក្រែន បូកផ្សំ នឹង​យុទ្ធសាស្រ្ត​របស់​អារ៉ាប៊ីសាអូឌីត ដែល​បង្កើន​បរិមាណ​ប្រេង​លក់ នៅទីផ្សារ​អន្តរជាតិ ជាហេតុផល​សំខាន់ ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ប្រេងរដ្ឋ​អារ៉ាប៊ី សាអូឌីត​រកបាន​ប្រាក់ចំណេញ​កប់ពពក នៅ​ឆ្នាំ២០២២។

នៅក្រោយវិបត្តិកូវីដ និង​ដោយសារ​សង្រ្គាម​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន តម្រូវការ​ប្រេង​ហក់​កើនឡើងខ្ពស់ នៅ​ទូទាំង​ពិភពលោក។ វាជា​ឱកាស​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ប្រេង​ធំៗ រកបានប្រាក់ចំណេញ​កប់ពពក នៅ​ឆ្នាំ ២០២២។ ជាក់ស្តែង ក្រុមហ៊ុន​ប្រេងបារាំង អង់គ្លេស និងអាមេរិក ចំនួន ៥ ដូចជា Shell BP Chevron ExxonMobil TotalEnergies​ទទួល​ប្រាក់​ចំណេញសរុប ១៥០ពាន់លាន​ដុល្លារ ឬ អាច​ដល់​២០០ពាន់លាន​ដុល្លារផង បើសិន គ្មានការដាក់ទណ្ឌកម្ម​ឲ្យ​ឈប់ទិញប្រេង ពីរុស្ស៊ី។

ប្រាក់ចំណេញ​របស់​ក្រុមហ៊ុនប្រេង​នឹង​បន្តមាន​ច្រើនតទៅទៀត នៅ ឆ្នាំ​២០២៣ ជាមួយ តម្លៃប្រេង នៅតែ​ឡើងថ្លៃ បន្ទាប់ពីក្រុមប្រទេស​ផលិត​ប្រេង OPEC និង​Cartel ដែលមាន​អារ៉ាប៊ី សាអូឌីត និង​រុស្ស៊ី ជាសហប្រធាន​សម្រេច​កាត់បន្ថយ​ការផលិតប្រេង នៅ​ខែ តុលា​កន្លងទៅ។ វ៉ាស៊ីនតោន​ធ្លាប់​បាន​រិះគន់ខ្លាំងៗ​ការសម្រេចចិត្ត​របស់​ក្រុមប្រទេស​OPEC ដែល​នឹង​ធ្វើ​ឲ្យ​តម្លៃ​ប្រេងឡើង​ថ្លៃខ្ពស់ ឧបសគ្គ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ។

នៅអារ៉ាប៊ីសាអូឌីត ប្រាក់ចំណេញ​ខ្ពស់​របស់​ក្រុមហ៊ុនប្រេង​រដ្ឋ​ក៏ជា​កត្តាជំរុញ សេដ្ឋកិច្ច​របស់​ប្រទេស​មហាសេដ្ឋីប្រេង ដែលមាន​កំណើនសេដ្ឋកិច្ច ៨,៧%​ដែល​ជាកំណើនសេដ្ឋកិច្ច​ខ្ពស់ជាងគេបំផុត នៅក្នុងចំណោម​ប្រទេសមានសេដ្ឋកិច្ច​លូតលាស់ខ្លាំង ហ្សេ ២០ ដែលនៅក្នុងនោះ មានអាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ ឬ​ចិន​ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ