អានតួអត្ថបទ
ថាមពល-ឧស្ម័នកាបូនិក

ភ្នាក់ងារថាមពលអន្តរជាតិ៖ ពិភពលោកនៅតែ​បញ្ចេញ​ឧស្ម័នកាបូនិកក្រាស់ក្រែល ប៉ុន្តែ តិចជាង​ការព្យាករ

ការបញ្ចេញឧស្ម័នកាបូនិក នៅក្នុង​វិស័យថាមពល នៅក្នុង​ពិភពលោក​បានបន្ត​កើនឡើង នៅ​ឆ្នាំ ២០២២។ របាយការណ៍​របស់ទីភ្នាក់ងារ​ថាមពលអន្តរជាតិ IEA ចុះផ្សាយ កាលពីថ្ងៃ​ព្រហស្បតិ៍ បង្ហាញថា នៅ​ឆ្នាំ ២០២២ ការបញ្ចេញ​ឧស្ម័នកាបូនិក ក្នុង​វិស័យ​ថាមពល​បានកើនឡើង ០,៩%។ យ៉ាងណា​វាជា​តួលេខទាប បើប្រៀបធៀប​នឹង​ឆ្នាំ ២០២១ នៅពេល​ការបញ្ចេញ​ឧស្ម័នកាបូនិក​បាន​ហក់កើនឡើង​ដល់​៦% ដោយសារ​ការចាប់ផ្តើម​សេដ្ឋកិច្ច ក្រោយសម័យកូវីដ។ តាម​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ វិស័យថាមពល​បញ្ចេញឧស្ម័នកាបូនិកតិចជាង​ការប៉ាន់ប្រមាណ ដោយមកពីការកើនឡើង​នៃ​ការប្រើប្រាស់​ថាមពល​ស្អាតស្អំ ថាមពល​កកើតឡើង​វិញ ដូចជាថាមពល​បានមកពី ផ្ទាំងសូឡា និង​កង្ហារខ្យល់ ជាដើម។

រោងចក្រអគ្គិសនី​ដើរដោយ​ថាមពល​ធ្យូងថ្ម​នៅប្រទេស​អាល្លឺម៉ង់
រោងចក្រអគ្គិសនី​ដើរដោយ​ថាមពល​ធ្យូងថ្ម​នៅប្រទេស​អាល្លឺម៉ង់ ASSOCIATED PRESS - Martin Meissner
ផ្សាយពាណិជ្ជកម្ម

ការបញ្ចេញ​ឧស្ម័នកាបូនិក នៅក្នុង​វិស័យថាមពល​តំណាង​ឲ្យ​៣ភាគ ៤​នៃ​ឧស្ម័ន​ផ្ទះកញ្ចក់ ប្រភព​នៃ​ការឡើង​កំដៅ​ផែនដី និងការប្រែប្រួលអាកាសធាតុ។ នៅក្នុង​របាយការណ៍វិភាគ​របស់​អង្គការ​ថាមពល​អន្តរជាតិ ការបញ្ចេញ​ឧស្ម័ន​កាបូនិកនៅក្នុងពិភពលោក នៅតែបន្តកើនឡើង គួរ​ឲ្យ​ព្រួយបារម្ភ នៅ​ឆ្នាំ ២០២២។ ការជាប់គាំង មិនដំណើរការ​របស់​រោងចក្រអគ្គិសនី​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ និង​ការត្រលប់​ទៅប្រើប្រាស់កាន់តែច្រើន ​ថាមពល​ធ្យូងថ្ម សម្រាប់​តម្រូវការ​អគ្គិសនី នា​រដូវរងា បណ្តាល​ឲ្យ​ការបញ្ចេញឧស្ម័នកាបូនិក នៅក្នុង​ពិភពលោក​កើនឡើង ០,៩%។ តាមទីភ្នាក់ងារ​ថាមពល​អន្តរជាតិ នៅក្នុងពិភពលោក វិស័យថាមពល​ជាប្រភពបញ្ចេញឧស្ម័ន​ប្រមាណ ៣៦,៨ពាន់លាន​តោន នៅ​ឆ្នាំ ២០២២។

អ្នកជំនាញ​ធ្លាប់​បារម្ភថា តម្រូវការ​ថាមពលកើនឡើង សម្រាប់​សកម្មភាព​សេដ្ឋកិច្ច​ក្រោយសម័យកូវីដ និងការត្រលប់​ទៅប្រើប្រាស់​ថាមពល​ធ្យូងថ្ម ដើម្បី ផលិតអគ្គិសនី ក្នុង​កាលៈទេសៈ​សង្រ្គាមអ៊ុយក្រែន នឹងអាច​ធ្វើ​ឲ្យ​ការបញ្ចេញឧស្ម័នកាបូនិក ក្នុង​វិស័យ​ថាមពល​ហក់​កើនឡើងខ្ពស់ ដូច​ឆ្នាំ​២០២១។ ប៉ុន្តែ របាយការណ៍​របស់​អង្គការថាមពល​អន្តរជាតិ​បាន​បង្ហាញ នៅក្នុងការពិតជាក់ស្តែង ​ការបញ្ចេញ​ឧស្ម័ន​កាបូនិក នៅក្នុង​វិស័យថាមពល បានកើនឡើង ក្នុង​កម្រិត​មួយ ទាប​ជាង​ការរំពឹងទុក។

តាម​ការពន្យល់​របស់​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ តម្រូវ​ការថាមពល នៅក្នុង​ពិភពលោក នៅបន្តកើនឡើងដដែល ប៉ុន្តែ និន្នាការ​ប្រើប្រាស់​ថាមពល​ស្អាតស្អំ ដូចជា ដែលថាមពល​បានមកពី​ផ្ទាំងសូឡា វាយោអគ្គិសនី បាន​ជួយឲ្យគេជៀសវាង មិន​បញ្ចេញ​ឧស្ម័នកាបូនិក ប្រមាណ ៥៥០លានតោន នៅ​ឆ្នាំ ២០២២។

តាំងពីអាស៊ី ដល់អឺរ៉ុប និន្នាការត្រលប់ទៅប្រើប្រាស់​ធ្យូងថ្ម ដើម្បីជំនួស​ហ្គាសរុស្ស៊ី ឬ​ដោយសារ​សារ​ឧស្ម័នឡើង​ថ្លៃ បាន​ធ្វើ​ឲ្យ​ការបញ្ចេញឧស្ម័នកាបូនិក​ពីក្នុង​រោងចក្រ​អគ្គិសនី ដើរ​ដោយថាមពល​ធ្យូងថ្ម​កើនឡើង ១,៦% ចំណែក​ប្រេង​ជាប្រភពបញ្ចេញ​ឧស្ម័នកាបូនិក​២,៥%។

ដោយមិនរាប់បញ្ចូលចិន អាស៊ីជាទូទៅបាន​បញ្ចេញ​ឧស្ម័នកាបូនិក បន្ថែម ៤,២% ដោយសារ​សកម្មភាព កំណើនសេដ្ឋកិច្ច ក្រោយ​កូវីដ។ នៅអាមេរិក ការបញ្ចេញឧស្ម័នកាបូនិក​នៅក្នុង​វិស័យថាមពលកើនឡើង ដោយសារ​តម្រូវការភ្លើងអគ្គិសនី ក្នុងរដូវរងា។ មានតែ​អឺរ៉ុបដែលធ្វើគំរូគេ ព្រោះ​ការបញ្ចេញ​ឧស្ម័នកាបូនិក នៅអឺរ៉ុប​ធ្លាក់ចុះ អស់ ២% បន្ទាប់ពី អឺរ៉ុប​បង្កើន​ប្រើប្រាស់​ថាមពល​ស្អាតស្អំ ដែលបានមកពី​ផ្ទាំងសូឡា កង្ហារខ្យល់ សម្រាប់ផលិតអគ្គិសនី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ