អានតួអត្ថបទ

ក្រសួងកសិកម្ម៖អាមេរិកដោះលែងលោកគ្រី ម៉ះផលបង្ហាញថាមន្ត្រីខ្មែរស្អាតស្អំ

លោកគ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវៈចម្រុះនៃក្រសួងកសិកម្មកម្ពុជាត្រូវបានតុលាការអាមេរិកដោះលែងឱ្យមានសេរីភាព និងបានមកដល់ប្រទេសកម្ពុជានៅថ្ងៃទី២៥ មីនា។ ការដោះលែងនេះធ្វើឡើង បន្ទាប់ពីតុលាការអាមេរិកបានសម្រេចលើកលែងការចោទប្រកាន់លោក គ្រី ម៉ះផល ក្នុងបទជួញដូរស្វាក្តាមខុសច្បាប់ចូលសហរដ្ឋអាមេរិក។ ចំពោះក្រសួងកសិកម្មកម្ពុជា នេះជាសក្ខីកម្មដែលបង្ហាញពីភាពស្អាតស្អំរបស់មន្រ្តីខ្មែរដែលអាមេរិកមិនអាចរំលោភបំពានបានឡើយ។

ក្រសួងកសិកម្ម៖អាមេរិកដោះលែងលោកគ្រី ម៉ះផលបង្ហាញថាមន្ត្រីខ្មែរស្អាតស្អំ
ក្រសួងកសិកម្ម៖អាមេរិកដោះលែងលោកគ្រី ម៉ះផលបង្ហាញថាមន្ត្រីខ្មែរស្អាតស្អំ © ក្រសងកសិកម្ម
ផ្សាយពាណិជ្ជកម្ម

រយៈពេល១ឆ្នាំ ៤ខែ និង១០ថ្ងៃដែលលោក គ្រី ម៉ះផលត្រូវបានតុលាការអាមេរិកបង្ខាំងមិនឱ្យចេញពីទឹកដីអាមេរិកដោយសាររឿងក្តីក្តាំពាក់ព័ន្ធនឹងការជួញដូរស្វាក្តាមខុសច្បាប់ចូលសហរដ្ឋអាមេរិក។ បើតាមក្រសួងកសិកម្មកម្ពុជា លោក គ្រី ម៉ះផលត្រូវបានដោះលែងនិងបានមកដល់ប្រទេសកម្ពុជានៅថ្ងៃទី២៥ មីនា ឆ្នាំ២០២៤។

ក្នុងថ្ងៃទី២៥ មីនាដដែល ក្រសួងកសិកម្មកម្ពុជាបានចាត់ទុកការសម្រេចចិត្តរបស់រដ្ឋអាជ្ញាអាមេរិក និងទីភ្នាក់ងារមច្ឆជាតិ  និងសត្វព្រៃអាមេរិកជាយុត្តិធម៌ដែលតុលាការអាមេរិកផ្តល់ឱ្យលោក គ្រី ម៉ះផល។

សម្រាប់ក្រសួងកសិកម្ម សេចក្តីសម្រេចនេះជាសង្ខីកម្មដែលបង្ហាញពីភាពស្អាតស្អំរបស់មន្ត្រីខ្មែរដែលគ្មានប្រទេសណាអាចបំពាន ទោះស្ថិតក្នុងកាលៈទេសៈ និងពីសំណាក់មជ្ឈដ្ឋានណាក៏ដោយ សូម្បីអាមេរិក។ បើតាមក្រសួងកសិកម្ម កម្ពុជាតាមរយៈក្រសួងការបរទេស ក្រសួងយុត្តិធម៌ ស្ថានទូតកម្ពុជាប្រចាំទីក្រុងវ៉ាស៊ីនតោន  និងក្រុងញូយ៉ក មេធាវី និងក្រុមអ្នកច្បាប់បានរួមគ្នាតតាំងក្តីប្រឆាំងនឹងរដ្ឋអាជ្ញា ព្រមទាំងទីភ្នាក់ងារ  និងសត្វព្រៃអាមេរិកដែលបានចោទមន្ត្រីខ្មែរដោយផ្អែកលើភស្តុតាងដែលបានពីការស៊ើបអង្កេតមិនត្រឹមត្រូវ លាក់បាំងពីអាជ្ញាធរកម្ពុជា និងពុំបានគោរមតាមឧត្តមានុវត្តអន្តរជាតិក្នុងការអនុវត្តច្បាប់ឆ្លងដែន។

ទន្ទឹមនឹងទាមទារបាននូវយុត្តិធម៌ឱ្យមន្ត្រីខ្លួន   ក្រសួងកសិកម្មក៏បានប្រកាសថ្កោលទោសទីភ្នាក់ងារមច្ឆជាតិ  និងសត្វព្រៃអាមេរិកពីបទបានរំលោភអំណាច  និងពុំគោរពតាមឧត្តមានុវត្តអន្តរជាតិក្នុងការអនុវត្តច្បាប់ឆ្លងដែន។

គួរជម្រាបថា លោក គ្រី ម៉ះផលត្រូវបានចាប់ ខ្លួននៅព្រលានយន្តហោះក្រុងញូយ៉កកាលពីថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០២២ពីបទចោទសមគំនិត និងរត់ពន្ធស្វាក្តាមខុសច្បាប់ចូលសហរដ្ឋអាមេរិក។ បន្ទាប់មកក្នុងខែធ្នូ ឆ្នាំ ២០២២ដដែល លោកត្រូវបានដោះលែងឱ្យនៅក្រៅឃុំ។ គឺទើបនៅថ្ងៃទី២២មីនា ឆ្នាំ២០២៤ ដែលលោក គ្រី ម៉ះផលត្រូវបានតុលាការអាមេរិកសម្រេចលើកលែងការចោទប្រកាន់ ក្រោមហេតុផលគ្មានភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់បន្ទុក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ