អានតួអត្ថបទ
កម្ពុជា-សង្គម

សហគមន៍ខ្មែរនៅអូស្ត្រាលីគ្រោងបាតុកម្មប្រឆាំងវត្តមាន លោកហ៊ុន ម៉ាណែតក្នុងកិច្ចប្រជុំអាស៊ាន-អូស្ត្រាលី

ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលីក្នុងរដ្ឋវិចតូរីយ៉ាបានប្រកាសពីការត្រៀមធ្វើមហាបាតុកម្មប្រឆាំងនឹងវត្តមានប្រមុខរដ្ឋាភិបាលកម្ពុជាលោកហ៊ុន ម៉ាណែត ដែលគ្រោងទៅបំពេញទស្សនកិច្ចក្នុងប្រទេសអូស្រ្តាលី។ កម្មវត្ថុនៃមហាបាតុកម្មនៅថ្ងៃសៅរ៍ ទី០២មីនា គឺដើម្បីទាមទារឲ្យរដ្ឋាភិបាលកម្ពុជាគោរពឡើងវិញនូវស្មារតីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស និងត្រូវដោះលែងអ្នកទោសនយោបាយដែលកំពុងជាប់ឃុំ។

សហគមន៍ខ្មែរនៅអូស្ត្រាលីគ្រោងបាតុកម្មប្រឆាំងវត្តមាន លោកហ៊ុន ម៉ាណែតក្នុងកិច្ចប្រជុំអាស៊ាន-អូស្ត្រាលី
សហគមន៍ខ្មែរនៅអូស្ត្រាលីគ្រោងបាតុកម្មប្រឆាំងវត្តមាន លោកហ៊ុន ម៉ាណែតក្នុងកិច្ចប្រជុំអាស៊ាន-អូស្ត្រាលី © សហការី
ផ្សាយពាណិជ្ជកម្ម

តាមគម្រោង ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលីប្រមាណជា៥០០នាក់នឹងជួបជុំគ្នានៅខាងមុខរដ្ឋសភាជាតិអូស្ត្រាលីក្នុងទីក្រុងម៉ែលប៊ន រដ្ឋវិចតូរីយ៉ា។ នេះបើតាមការបញ្ជាក់របស់លោក តាក់ ម៉េងហ៊ាង សមាជិកសភាអូស្ត្រាលីដើមកំណើតខ្មែរប្រចាំរដ្ឋវិចតូរីយ៉ាប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃសុក្រ ទី០១ មីនានេះ។ តាមលោក ម៉េង ហ៊ាង មហាបាតុកម្មរបស់ប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលីនឹងមានការកាន់បដាទាមទារឲ្យរដ្ឋាភិបាលកម្ពុជាគោរពសិទិ្ធមនុស្ស លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ដោះលែងអ្នកទោសនយោបាយដូចជាលោក កឹម សុខា កញ្ញា ឈឹម ស៊ីថរ។ ល។

បន្ថែមពីនេះ មហាបាតុកម្មនៅថ្ងៃសៅរ៍ ទី២ មីនាក៏មានការទាមទារឲ្យបើកឡើងវិញនូវប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលរដ្ឋាភិបាលកម្ពុជាបានបិទ រួមមាន វិទ្យុអាស៊ីសេរី កាសែតខេមបូឌាដេលី រួមទាំងស្ថាប័នអង្គការឯករាជ្យផ្សេងទៀត។ សមាជិកសភាអូស្ត្រាលីដើមកំណើតខ្មែររូបនេះដដែលបានឲ្យដឹងទៀតថា ក្រុមប្រជាពលរដ្ឋខ្មែរនឹងស្នើដល់នាយករដ្ឋមន្ត្រីអូស្ត្រាលីឲ្យជជែកពីបញ្ហាទាំងអស់នេះជាមួយនាយករដ្ឋមន្ត្រីកម្ពុជា។

ដោយឡែក ក្នុងចំណោមប្រជាពលរដ្ឋខ្មែរដែលគ្រោងធ្វើបាតុកម្មនៅថ្ងៃសៅរ៍ ទី២ មីនាក៏នឹងមានលោកស្រីប៊ូ រចនាដែលជាភរិយាសពលោកបណ្ឌិត កែម ឡីដែរ។ លោកស្រីប៊ូ រចនាបានអះអាងលើបណ្តាញសង្គមហ្វេសប៊ុកពីការត្រៀមខ្លួនរួចរាល់សម្រាប់គម្រោងមហាបាតុកម្មប្រឆាំងលោកហ៊ុន ម៉ាណែត។ លោកស្រី ប៊ូ រចនាបានបន្ថែមថា លោកស្រីបានឃើញតែរឿងអយុត្តិធម៌ដូចនឹងអ្វីដែលលោកស្រីជួបជាក់ស្តែងនៅគ្រាដែលលោកបណ្ឌិតកែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងឆ្នាំ២០១៦។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតនឹងត្រូវចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលីដែលគ្រោងរៀបចំពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ មីនា។ នៅក្នុងដំណើរទៅកាន់អូស្ត្រាលី ប្រមុខរដ្ឋាភិបាលកម្ពុជាក៏នឹងមានជំនួបដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក អេនថូនី អាល់បានីស៊ី រួមទាំងសមាជិកអាស៊ានមួយចំនួនដើម្បីពង្រឹងទំនាក់ទំនងការទូត។

ដោយឡែក ខណៈដែលមានពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលីមួយចំនួនត្រៀមធ្វ់បាតុកម្មប្រឆាំងនឹងវត្តមានលោកហ៊ុន ម៉ាណែត ប្រព័ន្ធផ្សព្វផ្សាយរបស់លោក ហ៊ុន ម៉ាណែតបានបង្ហាញពីវីដេអូខ្លីបមួយចំនួនស្តីពីពីការបញ្ចេញមតិគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលី។ ខ្លឹមសារវីដេអូទាំងនោះបានបង្ហាញចំណាប់អារម្មណ៍រីករាយ និងលើកសរសើរពីការដឹកនាំដោយរក្សាបាននូវសន្តិភាពរបស់រដ្ឋាភិបាលកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ