អានតួអត្ថបទ
ទំនាស់កម្មសិទ្ធិដី

សង្គមស៊ីវិល៖ អាជ្ញាធរកាយដីពលរដ្ឋធ្វើប្រឡាយរំដោះទឹក ខណៈក្រុមហ៊ុនឯកជនចាក់ដីលុបបឹង

នៅព្រឹកថ្ងៃទី២៧កុម្ភៈនេះ មានផ្ទុះហេតុការណ៍ប្រតាយប្រតប់គ្នារវាងកងកម្លាំងសន្តិសុខខណ្ឌព្រែកព្នៅ និងសហគមន៍សំរោងខាងត្បូងដែលនៅជាប់បឹងតាមោក។ ហេតុការណ៍នេះបានកើតឡើង បន្ទាប់ពីមានពលរដ្ឋមួយចំនួនរស់នៅក្នុងសហគមន៍សំរោងខាងត្បូងបានចុះទៅហាមឃាត់អេស្កាវ៉ាទ័រឲ្យបញ្ឈប់សកម្មភាពកាយដីរបស់ពលរដ្ឋដើម្បីធ្វើប្រឡាយទឹក។ រឿងរ៉ាវមួយនេះត្រូវបានសង្គមស៊ីវិលបញ្ចេញប្រតិកម្មអស់សំណើចដោយលើកឡើងថា បន្ទាប់ពីក្រុមហ៊ុនឯកជនចាក់ដីលុបបឹង អាជ្ញាធរបែរជាផ្ដើមកាយដីដែលកំពុងមានវិវាទជាមួយពលរដ្ឋដើម្បីធ្វើប្រឡាយរំដោះទឹកទៅវិញ។

សង្គមស៊ីវិល៖ អាជ្ញាធរកាយដីពលរដ្ឋធ្វើប្រឡាយរំដោះទឹក ខណៈក្រុមហ៊ុនឯកជនចាក់ដីលុបបឹង
សង្គមស៊ីវិល៖ អាជ្ញាធរកាយដីពលរដ្ឋធ្វើប្រឡាយរំដោះទឹក ខណៈក្រុមហ៊ុនឯកជនចាក់ដីលុបបឹង © RFI
ផ្សាយពាណិជ្ជកម្ម

ទោះ​បី​មាន​ផ្ទុះ​ហេតុការណ៍​ប្រតាយប្រតប់​ក៏​សកម្មភាពកាយ​ដីធ្វើជា​ប្រឡាយ​រំដោះ​ទឹក​មិន​បានផ្អាក​ដែរ។ ហេតុការណ៍​ប្រតាយប្រតប់​នេះបាន​ធ្វើ​ឲ្យស្ត្រីម្នាក់​សន្លប់​បាត់​ស្មារតី និង​ការស្រែកយំ​របស់​ពលរដ្ឋ​ផ្សេង​ទៀត​ដើម្បី​ទាមទាររក​អ្នក​ទទួល​ខុសត្រូវលើ​ទង្វើ​នេះ។ លោក ស៊ាង មួយឡៃ ប្រធានកម្មវិធី​សិទ្ធិរស់នៅ​ក្នុងទីក្រុង​នៃ​សមាគមធាង​ត្នោតបាន​ប្រាប់​ពីសាវតានៃ​រឿង​នេះ​ថា នៅពេល​ដែល​ក្រុមហ៊ុនឯកជន​លុបផ្ទៃបឹងតាមោក​ជិតអស់​ក៏​ធ្វើ​ឲ្យ​គ្មាន​ផ្លូវ​ទឹក អាជ្ញាធរ​បាន​ចាប់ផ្ដើម​កាយប្រឡាយ​ទឹកលើដី​សហគមន៍​ដែលកំពុង​មាន​ទំនាស់។ នេះ​ហើយ​ជាដើមចម​នៃការ​ផ្ទុះសកម្មភាព​តវ៉ាប្រឆាំង​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​កុម្ភៈ​នេះ។

ការលើក​ឡើង​របស់​លោកស៊ាង មួយឡៃនេះ នៅ​មិនទាន់​មានការ​ឆ្លើយតប​ជាថ្មីយ៉ាងណាពី​អាជ្ញាធរ​ពាក់ព័ន្ធ ឬសាលារាជធានី​ភ្នំពេញ​នៅឡើយ​ទេ។ គួរបញ្ជាក់ថា ទីតាំង​ដីដែល​កាយ​ធ្វើជាប្រឡាយ​ស្ថិត​នៅខាងកើត​បឹង​តាមោក និង​ស្ថិតពីក្រោយ​សហគមន៍​សំរោងខាង​ត្បូង​ខណ្ឌព្រែក​ព្នៅ រាជធានីភ្នំពេញ។ តាមលោក ស៊ាង មួយឡៃ ទីតាំង​ដីនេះមិន​ស្ថិត​នៅ​ក្នុង​ប្លង់គោល​ប្រើប្រាស់​ដី​ក្នុង​រាជធានីភ្នំពេញ​ឡើយ។ ប្រធានកម្មវិធី​សិទ្ធិរស់នៅក្នុង​ទីក្រុង​នៃសមាគមធាងត្នោត​ដដែល​បាន​បញ្ជាក់​ថា សហគមន៍​សំរោង​ត្បូងមាន​ព្រំប្រទល់​ជាប់​បឹង​តាមោក ហើយ​ប្រជាពលរដ្ឋបាន​ទៅ​រស់​នៅ​ទី​នោះ​តាំង​ពី​ឆ្នាំ ១៩៩៦ ដោយ​មាន​ផ្ទះ​ចំនួន ៧៦ខ្នង។

ដូច្នេះ​សម្រាប់​លោកស៊ាង មួយឡៃ ប្រជាពលរដ្ឋ​មិនបានរស់​នៅ​លើ​ដី​បឹង​ទេ តែ​បែរ​ជា​តម្រូ​វឲ្យ​ប្រជាពលរដ្ឋ​រុះរើ​លំនៅដ្ឋាន​ចេញ​ទៅ​វិញ។ ទោះយ៉ាងណា លោក ស៊ាង មួយឡៃ​មើល​ឃើញថា មួយរយៈ​ចុងក្រោយ​នេះ អាជ្ញាធរ​បាន​ប្តូរ​ពីចោទពលរដ្ឋ​រស់នៅលើ​ដី​បឹង​ទៅ​ជាការ​ចោទ​រស់​នៅ​លើដី​ចំណី​ផ្លូវ​របស់​រដ្ឋ​វិញ​ម្ដង។ តែ​លោកមួយឡៃ មិន​ភ្លេចបញ្ជាក់​ថា បើ​ពលរដ្ឋ​សហគមន៍​សំរោងខាងត្បូង​ពិត​ជា​រស់​នៅកៀក​ចំណី​ផ្លូវ​មែន ពួកគេ​អាច​បង្ខិត​ផ្ទះ​មក​ក្រោយបន្តិច​ក៏​បាន ប្រសិន​បើអាជ្ញាធរ​ចង់​ពង្រីក​ទំហំផ្លូវ​បន្ថែម​មែន។

គួរបញ្ជាក់ថា រឿងរ៉ាវដដែល​មួយនេះធ្លាប់​ត្រូវបាន​អ្នកនាំពាក្យ​សាលារាជធានីភ្នំពេញ លោកម៉េត មាសភក្ដី បញ្ជាក់ប្រាប់វិទ្យុបារាំង​អន្តរ​ជាតិ​ថា ពលរដ្ឋ​រស់នៅ​សហគមន៍​សំរោង​កំពុងរស់​នៅ​លើ​សំណង់​មិនរៀបរយ​ទើប​អាជ្ញាធរ​រក​ទីតាំងថ្មី​ដើម្បី​ឲ្យពួកគាត់​រស់​នៅ​សមរម្យ។ តាមលោក ម៉េត មាសភក្ដី ទីតាំង​ថ្មី​នោះនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទី​តាំង​ចាស់ ពោល​ស្ថិត​នៅបណ្ដោយ​ផ្លូវ១៥១​ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ