អានតួអត្ថបទ

តើជំនួបរវាងលោក Daniel J. Kritenbrink និងលោកហ៊ុន ម៉ាណែតបាននិយាយពីអ្វីខ្លះ?

ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Daniel J. Kritenbrink ទទួលបន្ទុកកិច្ចការតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបានបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងថ្ងៃទី២៦ ខែកុម្ភៈ។ នៅក្នុងទីក្រុងភ្នំពេញ លោក Daniel J. Kritenbrink បានចូលជួបនាយករដ្ឋមន្រ្តីកម្ពុជាលោកហ៊ុន ម៉ាណែត និងដែលមានប្រធានរឿងជាច្រើនត្រូវបានលើកយកទៅជជែកនៅក្នុងជំនួប ក្នុងនោះក៏មានបញ្ហាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាដែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានចេញផ្សាយដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។

ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកជួបនាយករដ្ឋមន្រ្តីកម្ពុជាលោកហ៊ុន ម៉ាណែត
ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកជួបនាយករដ្ឋមន្រ្តីកម្ពុជាលោកហ៊ុន ម៉ាណែត © សេង បារាំង
ផ្សាយពាណិជ្ជកម្ម

នៅក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីកម្ពុជាលោកហ៊ុន ម៉ាណែត ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Daniel J. Kritenbrink ក៏បានលើកឡើងពីទំនាក់ទំនងទ្វេភាគីសហរដ្ឋអាមេរិក និងកម្ពុជា និងបញ្ហាដែលជាក្តីកង្វល់រួម។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានចេញផ្សាយដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី២៦ ខែកុម្ភៈ។ តាមសេចក្តីប្រកាសព័ត៌មានដដែល ភាគីទាំងពីរក៏បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការដែលកំពុងមាន ដូចជាការអនុវត្តទណ្ឌកម្មរបស់អង្គការសហប្រជាជាតិប្រឆាំងកូរ៉េខាងជើង ឬការថ្កោលទោសការឈ្លានពានរបស់ប្រទេសរុស្ស៊ីលើអ៊ុយក្រែនជាដើម។ ទន្ទឹមគ្នានេះ កម្មវិធីជំនួយបរទេស ការរុករកឈ្លើយសឹក យុទ្ធជនបាត់ខ្លួនក្នុងសង្គ្រាម និងការពង្រឹងការអនុវត្តច្បាប់ក៏ត្រូវបានលើកយកទៅជជែកដែរ។

តែក្នុងពេលជាមួយគ្នា អាមេរិកក៏មិនភ្លេចនិយាយពីការពិនិត្យទៅលើវិស័យនានាសម្រាប់វឌ្ឍនភាពនាពេលខាងមុខនៅប្រទេសកម្ពុជា ដូចជាលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស ការជួញដូរមនុស្ស ការបង្កើតលទ្ធភាពសម្រាប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសេរី ព្រមទាំងបញ្ហាសន្តិសុខតំបន់។ នៅចំពោះមុខលោក ហ៊ុន ម៉ាណែត លោកឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិកបានលើកឡើងជាពិសេសថា សហរដ្ឋអាមេរិកនៅតែមានការប្តេជ្ញាចិត្តចំពោះប្រជាជនកម្ពុជាដែលមានបំណងប្រាថ្នា និងចង់ឲ្យប្រទេសមានវិបុលភាព លទ្ធិប្រជាធិបតេយ្យ និងឯករាជ្យ។ តាមឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិករូបនេះដដែល សំឡេងទាំងអស់ត្រូវបានគេស្តាប់ និងគោរព ហើយអធិបតេយ្យភាពរបស់កម្ពុជាត្រូវបានការពារ។ សូមបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងការបរទេសនៅមិនទាន់បានប្រាប់លទ្ធផលយ៉ាងណាជុំវិញជំនួបរវាងប្រមុខរដ្ឋាភិបាលកម្ពុជា និងឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Daniel J. Kritenbrink នេះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ