អានតួអត្ថបទ

គណបក្ស​ប្រជាជន​ប្រកាស​ឲ្យ​ប្រើ​ឡូហ្គោ​មាន​រូប​លោក​ ហ៊ុន ម៉ាណែត ​សម្រាប់​ថ្ងៃ​៧​មករា

ខុទ្ទកាល័យ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​ ដែល​កំពុង​កាន់អំណាច​កាលពី​ថ្ងៃទី​១៧ ​ខែ​ធ្នូម្សិលមិញ​ បានប្រាប់​ទៅ​ថ្នាក់ដឹកនាំ​គណបក្ស​នៅតាម​រាជធានី ​ខេត្ត ​ក្រសួង ​និង​ស្ថាប័ន ​ឲ្យ​ប្រើប្រាស់​ឡូហ្គោ ​ដែលមាន​រូប​ឥស្សរជន​កំពូល​ទាំងបី ​ក្នុងនោះ​មានលោក​ ហ៊ុន ម៉ាណែត ​ផងដែរ ​សម្រាប់​អបអរ​បុណ្យ៧​មករា​ខាងមុខ​។ ការ​រំលេច​រូបលោក ​ហ៊ុន ម៉ាណែត ​នៅលើ​ឡូហ្គោ​បុណ្យ​៧​មករា ​ត្រូវអ្នក​វិភាគ​យល់ថា​ជាការ​បង្ហាញ​កាន់តែច្បាស់​ពី​យន្តការ​បន្តវេន​ទាំងនៅ​ក្នុង​បក្ស ​និងនៅ​ក្នុង​រដ្ឋាភិបាល​។

ឡូហ្គោគណបក្សប្រជាជនថ្មីសម្រាប់អបអរខួប៤៥ឆ្នាំ ថ្ងៃជ័យជម្នះ ៧មករា
ឡូហ្គោគណបក្សប្រជាជនថ្មីសម្រាប់អបអរថ្ងៃ៧មករា © FB
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីណែនាំ​ខ្លី​ ដែល​ខុទ្ទកាល័យ​គណៈកម្មាធិការ​កណ្តាល​គណបក្សប្រជាជន​កម្ពុជា​បានប្រាប់ទៅប្រធាន​គណៈកម្មាធិការ​បក្ស​រាជធានី ខេត្ត​ និងក្រសួង​ ស្ថាប័ន នោះគឺ​សម្រាប់ការប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើកទី​៤៥ នៃ​ទិវាជ័យជម្នះ ​៧មករា​ខាងមុខ​ គណៈអចិន្ត្រៃយ៍នៃ​គណៈកម្មាធិការកណ្តាល​បានសម្រេចឲ្យ​ប្រើប្រាស់​ឡូហ្គោថ្មី ​ដែលមាន​រូបសម្តេចទាំងបី ​ដែលបាន​ភ្ជាប់​មកជាមួយ​សេចក្តី​បង្គាប់នេះ​។

ឡូហ្គោថ្មី ​ដែលគណបក្ស​កាន់អំណាចតម្រូវឲ្យ​ប្រើប្រាស់​សម្រាប់ថ្ងៃ៧​មករាខាងមុខ​នេះ មានរំលេច​រូបថតមេដឹកនាំ​កំពូល៣រូប ​គឺ​លោក ហេង សំរិន ​ប្រធានកិត្តិយស ​លោក ហ៊ុន សែន ​ប្រធានគណបក្ស ​និងលោក ​ហ៊ុន ម៉ាណែត ​អនុប្រធាន​គណបក្ស និងជា​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​។

លោក ​ឯម សុវណ្ណារ៉ា ​សាស្ត្រាចារ្យ​ផ្នែកវិទ្យាសាស្ត្រ​នយោបាយ ​យល់ឃើញថា​ការដាក់រូបភាព​មេដឹកនាំបក្ស​កាន់អំណាច​ ៣នាក់​ឡើងវិញ ​នៅលើ​ឡូហ្គោ​អបអរបុណ្យ ​៧មករា គឺជា​ការរំលេចតួអង្គ​លោក ហ៊ុន ម៉ាណែត ​កាន់តែច្បាស់ ​ដែលនេះ​បង្ហាញថា​ការបន្តវេន​មិនត្រឹមតែនៅក្នុង​រដ្ឋាភិបាលទេ ​នៅក្នុង​គណបក្សក៏ដូច​គ្នាដែរ​។

ទោះយ៉ាងណា ​លិខិតដែល​មានចុះហត្ថលេខា​ដោយលោក ​ម៉ម សារិន ប្រធាន​ខុទ្ទកាល័យ​គណបក្សប្រជាជន ​បានបញ្ជាក់ថា​ឡូហ្គោ​រូបសម្តេចទាំងបី ​ក៏ត្រូវបន្ត​ប្រើប្រាស់ទៅមុខ​ទៀត​សម្រាប់ការ​ឃោសនាបោះឆ្នោត​ទាំងសកល ​និង​អសកល​ផងដែរ​។

សូមរំលឹកថា​កាលពីអតីតកាល ​ឡូហ្គោ​ដើម្បីអបអរ​ខួបអនុស្សាវរីយ៍​ថ្ងៃជ័យជម្នះ ​៧មករា ​ត្រូវបាន​រំលេចដោយ​រូបភាពឥស្សរជន​ជាន់ខ្ពស់​គណបក្ស​៣រូប គឺ​លោក ​ជា ស៊ីម លោក​ ហេង សំរិន និង​លោក ​ហ៊ុន សែន។ ​ក៏ប៉ុន្តែចាប់តាំងពី​លោក ជា ស៊ីម ​ទទួលមរណភាព​នៅឆ្នាំ​២០១៥មក ​ឡូហ្គោបុណ្យ​៧មករា ​និង​ឡូហ្គោ​សម្រាប់ឃោសនា​គណបក្ស​គឺមានតែ​រូបភាព​លោក ហេង សំរិន ​និង​លោក ហ៊ុន សែន​ ប៉ុណ្ណោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ