អានតួអត្ថបទ

គ.​ជ.ប ព្រមឲ្យ​បក្សឆន្ទៈខ្មែរ​ និង​បក្ស​កម្លាំងជាតិ​ចូលរួម​បោះឆ្នោត​ព្រឹទ្ធសភា​ដោយ​រលូន

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(គ.ជ.ប) ​កាលពី​ថ្ងៃទី១១ ​ខែធ្នូ ​បានសម្រេច​ដំណាលគ្នា​ឲ្យគណបក្ស​ឆន្ទៈខ្មែរ ​និង​គណបក្ស​កម្លាំងជាតិ​ចូលរួមបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាលទី​៥ ឆ្នាំ​២០២៤។ ​បន្ទាប់ពី​គ.ជ.ប ទទួលស្គាល់​ដោយ​រលូន គណបក្ស​ប្រឆាំងទាំងពីរ​ បានបង្កើន​សកម្មភាពរារាំង ​និង​អូសទាញ​អង្គបោះឆ្នោត​ជាង​២​ពាន់នាក់​ ដែលជា​ក្រុមប្រឹក្សាឃុំ ​សង្កាត់​របស់គណបក្ស​ភ្លើងទៀន ខណៈ​គណបក្សឆន្ទៈខ្មែរ​ បានដើរ​តួនាទី​ជំនួស​គណបក្ស​ភ្លើងទៀន ​ដែលមិនមាន​សិទ្ធិ​ចូលរួម​បោះឆ្នោត​។

គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិប្រជែងអង្គបោះឆ្នោតគ្នា ក្រោយ គ.ជ.ប សម្រេចឲ្យចូលរួមបោះឆ្នោតព្រឹទ្ធសភា
ឡូហ្គោគណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ © សហការី
ផ្សាយពាណិជ្ជកម្ម

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(គ.ជ.ប) បាន​សម្រេចចំនួន៣ចំណុច នៅថ្ងៃតែមួយថា ស្ថាប័ន​រៀបចំការបោះឆ្នោតកំពូលនេះ ទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីរបស់គណបក្សឆន្ទៈខ្មែរ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ​សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា​នីតិកាលទី៥ ឆ្នាំ២០២៤។ ​ការសម្រេចដូចគ្នានេះ ក៏ គ.ជ.ប ​បានបញ្ជាក់សម្រាប់គណបក្ស​កម្លាំងជាតិដែរ គឺអនុញ្ញាតឲ្យគណបក្សប្រឆាំងទី២នេះ បាន​ចូលរួមការបោះឆ្នោតព្រឹទ្ធសភា។

ប៉ុន្មានម៉ោងក្រោយការសម្រេច​របស់ គ.ជ.ប គណបក្សភ្លើងទៀន ​ក៏បានចេញលិខិតជាថ្មីម្តងទៀត​ប្រាប់ទៅក្រុមការងារ​គណបក្សថ្នាក់ក្រោមជាតិ ​ជាពិសេសសមាជិកក្រុមប្រឹក្សាឃុំ​ សង្កាត់ ទាំងជាង២ពាន់​នាក់ ដែលជាប់ឆ្នោត​តាមរយៈគណបក្ស​ភ្លើងទៀន ពីការជ្រើសរើស​យកគណបក្សឆន្ទៈខ្មែរ ​តំណាងឲ្យគណបក្សភ្លើងទៀន ក្នុងការ​ចូលរួមការបោះឆ្នោត​ជ្រើសតាំងព្រឹទ្ធសភា​។

ភ្លើងទៀនបញ្ជាក់ថាពុំមាន​គណបក្សដទៃណាអាចបង្ខំ ​ឬគំរាមកំហែងឲ្យសមាជិក ក្រុម​ប្រឹក្សាឃុំ សង្កាត់ ជាប់ឆ្នោតពីគណបក្ស​ភ្លើងទៀនទៅបោះឆ្នោតឲ្យគណបក្ស​ផ្សេងក្រៅពីគណបក្សឆន្ទៈខ្មែរ​ឡើយ។ គណបក្សភ្លើងទៀន​ ជាគណបក្សតែមួយគត់ មាន​សិទ្ធិអំណាចក្នុងការគ្រប់គ្រង និង​ការពារសមាជិកក្រុមប្រឹក្សាឃុំ​ សង្កាត់ទាំង ២១៩៨រូប ដែលជាប់ឆ្នោត​ពីគណបក្សភ្លើងទៀន។​ នេះបើតាមសេចក្តី​ណែនាំរបស់គណបក្ស​ភ្លើងទៀន​។

ដោយឡែក ​លោក ជា មុនី អ្នកនាំពាក្យគណបក្ស​កម្លាំងជាតិរំពឹងថា​ ក្រុមប្រឹក្សាឃុំ សង្កាត់របស់​គណបក្សភ្លើងទៀន នឹងគាំទ្រ​ដល់គណបក្សកម្លាំងជាតិ ក៏ព្រោះ​ថាមេដឹកនាំគណបក្សកម្លាំងជាតិ ​ដែលបានបែកចេញពីគណបក្ស​ភ្លើងទៀន ធ្លាប់បានបំពេញ​ការងារជាមួយគ្នា​កាលពីពេលកន្លងទៅ​។

អ្នកតាមដានសង្គម ​និងនយោបាយមួយចំនួន​មើលឃើញថា​គណបក្សប្រឆាំងនៅតែ​មិនមានឥទ្ធិពលអាចធ្វើឲ្យ​គណបក្សកាន់អំណាច​បារម្ភតាមរយៈការបោះឆ្នោត​បានទេ ដរាបណា​ពួកគេនៅតែ​ឈរម្ខាងម្នាក់។

សូមរំលឹកថា​គណបក្សភ្លើងទៀន ​មិនត្រូវបានអនុញ្ញាតឲ្យ​ចូលរួមការបោះឆ្នោតព្រឹទ្ធសភា​នីតិកាលទី៥ នៅថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៤ទេ ដោយសារខ្វះ​ឯកសារចុះបញ្ជីគណបក្ស​ច្បាប់ដើម។ ដូច្នេះគណបក្ស​នេះ បានជ្រើសរើស​គណបក្សឆន្ទៈខ្មែរ​ ដែលស្ថិតក្នុងសម្ព័ន្ធភាព​ជាមួយគ្នាឲ្យឈរឈ្មោះ​ជំនួស ចូលរួមការបោះឆ្នោតអសកល​មួយនេះ។

ក៏ប៉ុន្តែគណបក្សកម្លាំង​ជាតិ ដែលមេដឹកនាំបាន​បែកចេញពីគណបក្ស​ភ្លើងទៀន ក៏បានដាក់ពាក្យ​ចូលប្រកួតប្រជែងដែរ​ ដោយរំពឹងថានឹងអាចទាញ​អង្គបោះឆ្នោតពី​គណបក្សភ្លើងទៀន​តិច ឬច្រើន ប្រកបដោយក្តី​សង្ឃឹមថានឹងទទួលបាន​អាសនៈក្នុងព្រឹទ្ធសភា​នីតិកាលថ្មី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ