អានតួអត្ថបទ

លោក ហ៊ុន ម៉ាណែត ឡើងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា

លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​ម៉ាណែត​ ត្រូវ​សមាជិក​គណ​បក្ស​ប្រជា​ជន​កម្ពុជា​បោះ​ឆ្នោត​ឲ្យ​ឡើង​ជា​អនុប្រ​ធាន​គណ​បក្ស​កាន់​អំណាច​នេះ​ ខណៈ​ឪពុក​របស់​លោក​គឺ​ លោក​ ហ៊ុន​ សែន​ ជា​ប្រធាន​គណ​បក្ស​។ ការ​បោះ​ឆ្នោត​តែង​តាំង​កូន​ប្រុស​ច្បង​របស់​លោក ​ហ៊ុន ​សែន ​ឲ្យ​កាន់​តំណែង​ធំ​នៅ​ក្នុង​បក្ស​បន្ទាប់ពី​ឪពុក​នេះ​ គឺ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១០​ ខែ​ធ្នូ​ ឆ្នាំ​២០២៣ ​ខណៈ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ដែល​មាន​ប្រតិ​ភូតំណាង​ជាង​ ៣២០០នាក់​ បន្ត​ដំណើរ​ការ​ប្រជុំ​ថ្ងៃ​ទី​២​ នៃ​សន្និបាត​គណៈ​កម្មាធិការ​កណ្តាល​លើក​ទី​៤៤​ អាណត្តិ​ទី៥​។​ នេះ​បើ​តាម​លោក​ សូ ​ណារ៉ូ​ រដ្ឋ​មន្ត្រី​ប្រតិ​ភូអម​នាយក​រដ្ឋ​មន្ត្រី​។

លោក ហ៊ុន ម៉ាណែត នៅក្នុងសន្និបាតគណបក្សប្រជាជនកម្ពុជា១០ធ្នូ២០២៣
លោក ហ៊ុន ម៉ាណែត នៅក្នុងសន្និបាតគណបក្សប្រជាជនកម្ពុជា១០ធ្នូ២០២៣ © FB
ផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្ន ចំនួន​អនុ​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ បាន​កើន​ដល់​ចំនួន​៥​រូប​ ខណៈ​លោក​ ហ៊ុន​ សែន​ ជាប្រធាន​គណ​បក្ស​ លោក​ ហេង​ សំរិន​ ប្រធាន​កិត្តិយស ​លោក​ ស ខេង ​លោក​ សាយ​ ឈុំ​ លោក​ ទៀ​ បាញ់ លោកស្រី ​ម៉ែន​ សំអន​ និង​លោក​ ហ៊ុន​ ម៉ាណែត​គឺជា​អនុប្រធាន​បក្ស​។

បើ​តាម ​លោក ​សូ ណារ៉ូ ក្រៅពី​បោះឆ្នោត​តែងតាំង ​លោក ​ហ៊ុន ​ម៉ាណែត​ ឲ្យ​ក្លាយ​ជា​អនុប្រធាន​បក្ស​នោះ ក៏មាន​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​បំពេញ​បន្ថែម​សមាជិក​គណៈ​អចិន្រ្តៃយ៍​របស់​គណ​បក្ស​ប្រជាជន​កម្ពុជាចំនួន​២៣​រូប​ថែម​ទៀត​ ខណៈ ​លោក​ សូ ​ណារ៉ូ ​ក៏ត្រូវ​បាន​ជាប់​ឆ្នោត​ជា​សមាជិក​គណកម្មា​ធិការ​កណ្តាលថ្មី​ម្នាក់​ ក្នុង​ចំណោម​សមាជិក​ថ្មី​ចំនួន​ ៤៩៦​ នាក់​។

សូម​បញ្ជាក់​ថា ​សមាជិក​គណៈ​អចិន្រ្តៃយ៍នៃ​គណ​បក្ស​កាន់​អំណាច​ចាស់​វស្សានេះ​ គឺ​ពី​មុន​មាន​សរុប​៣៦រូប ​តែ​ស្លាប់​ម្នាក់​ និង​ព្យូរ​តួនាទី​ម្នាក់​ គឺ​នៅ​សល់​៣៤​រូប​។ ​ប៉ុន្តែ​ក្រោយ​បោះ​ឆ្នោត​ជ្រើស​តាំង​បំពេញ​បន្ថែមនៅ​ពេល​នេះ​ បាន​ធ្វើ​ឲ្យ​សមាសភាព​ដឹក​នាំ​ក្បាល​ម៉ាស៊ីន​គណ​បក្ស​នេះ​កើន​ដល់​៥៧​រូប​។

ចំណែក ​សមាជិក​គណៈ​កម្មាធិ​ការ​កណ្តាល​គណបក្សប្រជាជន​កម្ពុជា ​ក៏បាន​កើន​ដល់​  ១.​៣១២​រូប បន្ទាប់ពី​បោះឆ្នោត​ជ្រើស​តាំង​ថ្មី​ចំនួន​ ៤៩៦ ​រូប​ នៅក្នុង​សមាជ​វិសមញ្ញ​រយៈ​ពេល​ពីរ​ថ្ងៃនេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ