អានតួអត្ថបទ

គណបក្សកម្លាំងជាតិ ចាត់តាំង លោក ជា មុនី ជាអ្នកនាំពាក្យ

លោក ​ជា ​មុនី ​ប្អូន​ប្រុស​បង្កើត​លោក​ ជា​ វិជ្ជា​ អតីត​ប្រធាន​សហជីព​សេរី​កម្មករ ​ត្រូវ​បាន​ចាត់​តាំង​ជា​អ្នក​នាំ​ពាក្យ​ឲ្យ​គណ​បក្ស​កម្លាំង​ជាតិ​។​ លោក ​ជា ​មុនី​ បាន​ក្លាយ​ជា​អនុ​ប្រធាន​គណ​បក្ស​ប្រឆាំង​ថ្មី​នេះ ​បន្ទាប់​ពីលោក​បាន​ចាក​ចេញពី​គណ​បក្ស​ភ្លើង​ទៀន​។

លោក ជា មុនី ជាអ្នកនាំពាក្យគណបក្សកម្លាំងជាតិ
លោក ជា មុនី ជាអ្នកនាំពាក្យគណបក្សកម្លាំងជាតិ © SUN Chanthy
ផ្សាយពាណិជ្ជកម្ម

លោក ​ជា ​មុនី ​បាន​ឡើង​ជា​ប្រធាន​សហជីព​សេរី​កម្មករ​នៅ​ដើម​ឆ្នាំ​២០០៤ ​ពោល​តាំង​បង​ប្រុស​របស់​លោក គឺ​លោក​ ជា​ វិជ្ជា​ ត្រូវ​បាន​ខ្មាន់ ​កាំ​ភ្លើង​បាញ់​សម្លាប់​នៅ​កន្លែង​លក់​កាសែត​ជាប់​របង​វត្ត​លង្កា ​កាលពី​ថ្ងៃ​ទី២២​មករា​២០០៤​។​ ប៉ុន្តែ​លោក​ជា​ មុនី ​បាន​លាឈប់​ពី​ប្រធាន​សហជីព​សេរី​កម្មករ​បន្ទាប់ពី​ដឹក​នាំ​បាន​១១ឆ្នាំ​ ពោល​លោក​លា​ឈប់​នៅ​ឆ្នាំ​២០១៥​។

ក្រោយ​ឈប់​ពីសហជីព​លោក​ជា ​មុនី​ ហាក់​បាត់​សំឡេង​មួយ​រយៈ​ពេល​ធំ ​ប៉ុន្តែ​លោក​ទើប​ចេញ​មុខ​ឡើង​វិញ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ដោយ​ចូល​រួម​ជា​មួយ​គណ​បក្ស​ភ្លើង​ទៀន​។​ ប៉ុន្តែ​លោក​បាន​លា​ឈប់​ពី​គណបក្ស​នេះ ​កាល​ពី​ខែ​មុន​ ហើយ​ទៅ​ចូល​រួម​ជា​មួយ​គណ​បក្ស​កម្លាំង​ជាតិ​ ដែល​ស្ថាបនិក​ភាគ​ច្រើន​ចេញ​ពីគណ​បក្ស​ភ្លើង​ទៀន​រួម​ទាំង​លោក ​រ៉ុង​ ឈុន​ ដែលត្រូវ​បានតែង​តាំង ជាទីប្រឹក្សា​។

គណ​បក្ស​កម្លាំង​ជាតិ​នេះ ​ត្រូវ​បាន​គ.ជ.ប​ កាលពី​ថ្ងៃ​ទី១៦​វិច្ឆិកា ​ទើប​ទទួល​យក​សេចក្តី​ចម្លង​នៃការប្រកាស​ស្តីពី​ការចុះ​ឈ្មោះ​ និង​ការចុះ​បញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហា​ផ្ទៃ​ ដែល​មាន​បញ្ជាក់​នីត្យានុកូលកម្ម​ ដែល​បង្កើត​ថ្មី​កាល​ពី​ពាក់កណ្តាល​ខែ​តុលា ឆ្នាំ នេះ។

គណ​បក្ស​ប្រឆាំង​ថ្មី​នេះ បាន​ប្រកាស​ថា​ខ្លួន​នឹង​ចូល​បោះ​ឆ្នោត​ព្រឹទ្ធសភា ​និង​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​រាជ​ធានី ខេត្ត ​ក្រុង​ ស្រុក​ ខណ្ឌ ​ពេល​ខាង​មុខ​ បើ​ទោះ​ជា​ខ្លួន​គ្មាន​អង្គ​បោះ​ឆ្នោត​ក៏ដោយ​។ ​ការ​ចូល​រួម​របស់​គណ​បក្ស​នេះ ​គឺ​ស្រប​ពេល​ដែល​គណ​បក្ស​ភ្លើង​ទៀន​ ទំនង​នៅ​តែ​មិន​អាច​ចូល​រួម​ការ​បោះ​ឆ្នោត​បាន​តទៅ​ទៀត ​ក្រោម​ហេតុ​ផល​របស់​គជប​ ថា​គណ​បក្ស​គ្មាន​ សំបុត្រ​កំណើត ​ខណៈ​គណបក្ស​នេះ​អះអាងថា ​សំបុត្រ​កំណើត​នោះ​បាន​បាត់​នៅ​ពេល​អាជ្ញាធរ​ចូល​បង្ក្រាប​ទី​ស្នាក់​ការ​គណ​បក្ស​សង្គ្រោះជាតិ​នៅ​ឆ្នាំ​២០១៧​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ