ក្រសួងបរិស្ថាន និងអង្គការពាក់ព័ន្ធផ្ដើមយុទ្ធនាការបញ្ឈប់ការជួញដូរសត្វព្រៃ នៅខេត្តមណ្ឌលគិរី
ក្រសួងបរិស្ថាន រដ្ឋបាលខេត្តមណ្ឌលគិរី អង្គការWWF និងដៃគូរមួយចំនួន ប្រារព្ធបើកជាផ្លូវការនូវ យុទ្ធនាការបញ្ឈប់ការជួញដូរសត្វព្រៃ នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីចុងសប្ដាហ៍មុន។ យុទ្ធនាការនេះ រួមមានសកម្មភាព ផ្លាស់ប្តូរផ្នត់គំនិត និងអាកប្បកិរិយាពលរដ្ឋទៅលើការបរិភោគសាច់សត្វព្រៃ ឱ្យងាកមកចូលរួមអភិរក្សសត្វព្រៃកម្ពុជា ក្នុងគោលបំណងការពារសុខភាពសាធារណៈឱ្យចៀសផុតពីជំងឺឆ្លងនានានៅពេលអនាគត។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៥៧
លោក នេត្រ ភក្រ្កា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថានបានលើកឡើងថា នេះជាពេលសម្រាប់អ្នកនិយមបរិភោគ និងជួញដូរសត្វព្រៃទាំងអស់មកចូលរួម ដើម្បីធ្វើការផ្លាស់ប្តូរជាវិជ្ជមាន ក្នុងការបញ្ឈប់ការបរិភោគ ឬជួញដូរសត្វព្រៃ ហើយងាកមកការពារសត្វព្រៃ និងធនធានធម្មជាតិ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងទេសចរណ៍ធម្មជាតិ និងជាប្រយោជន៍ដល់ការការពារប្រព័ន្ធអេកូឡូស៊ីទាំងក្នុងប្រទេសកម្ពុជា និងក្នុងសកលលោក។ អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះបានបន្ដថា ការទប់ស្កាត់ និងការបញ្ឈប់ការជួញដូរ និងការបរិភោគសាច់សត្វព្រៃ គឺជាកាតព្វកិច្ចរបស់ពលរដ្ឋទាំងអស់គ្នា។
ជាមួយគ្នានេះ លោក សេង ទៀក ប្រធានអង្គការ WWFកម្ពុជា យល់ឃើញថា ដើម្បីអាចបញ្ឈប់ការទិញ ការលក់ ការជួញដូរ និងបរិភោគសត្វព្រៃ លុះត្រាតែអ្នកទិញ អ្នកលក់ អ្នកជួញដូរយល់ដឹងអំពីហានិភ័យដល់សុខភាព តាមរយៈការបរិភោគ និងការជួញដូរសត្វព្រៃ។
ចំណែកឯ លោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី បានឱ្យដឹងថា ការអនុវត្តច្បាប់របស់ខេត្តមណ្ឌលគិរី កន្លងមក បានរួមចំណែកកាត់បន្ថយផលិតផលសត្វព្រៃ និងសាច់សត្វព្រៃនៅទីផ្សារ និងភោជនីយដ្ឋានក្នុងខេត្ត ក៏ប៉ុន្តែបទល្មើសសត្វព្រៃនៅតែមានជាបន្តបន្ទាប់ ដោយសារនៅតែមានតម្រូវការសាច់សត្វព្រៃ ដែលកត្តានេះ បានគំរាមកំហែងដល់ជីវិតរបស់សត្វព្រៃ ព្រមទាំងបង្កហានិភ័យនៃការអាចចម្លងជំងឺពីសត្វទៅមនុស្ស។ អភិបាលរងខេត្តមណ្ឌលគិរីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ឱ្យបញ្ឈប់ការជួញដូរ និងបរិភោគសាច់សត្វព្រៃ និងចូលថែរក្សាធនធានធម្មជាតិកម្ពុជាឱ្យបានគង់វង្ស។
សូមរំលឹកថា យុទ្ធនាការបញ្ឈប់ការជួញដូរសត្វព្រៃជាផ្នែកមួយនៃយុទ្ធនាការធំដែលមានឈ្មោះថា «យុទ្ធនាការអន្ទាក់សូន្យ»។
គួរជម្រាបផងដែរជូនថា ក្នុងរយៈពេល១៨ខែចុងក្រោយនេះ សាច់សត្វព្រៃសរុបចំនួន ១ ៣៥៣គីឡូក្រាម ដែលចរាចរណ៍ក្នុងទីផ្សារជួញដូរ ត្រូវបានរឹបអូស ខណៈ មន្រ្ទីអនុវត្តច្បាប់ក្នុងខេត្តស្ទឹងត្រែង និងរតនៈគិរីរឹបអូសបានសាច់សត្វព្រៃសរុបជាង ២០០គីឡូក្រាម នៅពេលចុះបង្រាបនៅតាមទីផ្សារ ក្នុងរយៈពេល៦ខែចុងក្រោយ។ នេះបើតាមរបាយការណ៍ការអនុវត្តច្បាប់របស់ក្រុមអនុវត្តច្បាប់ចល័តប្រចាំខេត្តមណ្ឌលគិរី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ