អានតួអត្ថបទ
កម្ពុជា-កីឡា

កីឡាការីនីខ្មែរ លោកស្រី អ៊ុក ស្រីមុំ ឈ្នះមេដាយមាសក្នុងការប្រកួតកីឡាប៉េតង់ពិភពលោកក្នុងប្រទេសអេស្ប៉ាញ

កីឡាការី​នីខ្មែរ​ លោក​ស្រី ​អ៊ុក​ ស្រីមុំ​ បាន​ឈ្នះ​មេដាយ​មាស​ក្នុង​ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​ប៉េ​​តង់​ជ្រើស​រើស​ជើង​ឯក​ពិភពលោក​ ឆ្នាំ​២០២១ ​នៅ​ទីក្រុង​ Santa​ Susanna​ ប្រទេសអេស៉្បាញ។ សម្រាប់ លោក វ៉ាត់ ចំរើន អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ មេដាយមាសដែលកម្ពុជាទទួលបានតាម​រយៈ​ជ័យ​ជម្នះ​នេះ គឺ​បង្ហាញ​ពី​ភាព​ប្រឹង​ប្រែង​គ្រប់​កាលៈទេសៈ​របស់​កីឡា​ករ​ កីឡា​ការី​នីប៉េតង់​កម្ពុជា​គ្រប់​រូប ​នា​ពេល​កន្លង​មក​។ និង​ជា​ក្តី​សង្ឃឹម​មួយ​ខ្ពស់​បន្ថែម​ទៀត ​ដើម្បីឆ្ពោះ​ទៅ​ដណ្តើម​មេដាយ​មាស​ ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​២០២៣​ខាង​មុខ​។

កីឡាការី អ៊ុក ស្រីមុំ ទទួលបានមេដាយមាសកម្រិតពិភពលោកក្នុងការប្រកួតកីឡាប៉េតង់ពិភពលោកនៅក្នុងប្រទេសអេស្បាញ
កីឡាការី អ៊ុក ស្រីមុំ ទទួលបានមេដាយមាសកម្រិតពិភពលោកក្នុងការប្រកួតកីឡាប៉េតង់ពិភពលោកនៅក្នុងប្រទេសអេស្បាញ © Internet/Cambodia SEAGAME 2023
ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃទី ១៣ វិច្ឆិកា កីឡាការីនីខ្មែរ គឺលោកស្រី អ៊ុក ស្រីមុំ បានទទួលមេដាយមាស​ក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកឆ្នាំ២០២១ បន្ទាប់ពីបានយកឈ្នះកីឡាការីជនជាតិថៃ ក្នុងវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផល ៣៧​ទល់២៩។  ការប្រកួតកីឡាប៉េតង់ក្នុងកម្រិតពិភពលោកនេះ រៀបចំ​ធ្វើនៅក្នុងទីក្រុង Santa Susanna ប្រទេសអេស្ប៉ាញ។

បើយោងតាមការបញ្ជាក់ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មុនពេលកីឡាការីនី អ៊ុក ស្រីមុំ ដណ្តើមបានមេដាយមាស ជើងឯកពិភពលោក លោកស្រី​បានយកឈ្នះកីឡាការិនីកាណាដា នៅវគ្គ១ដែលមាន៤វគ្គ ក្នុងលទ្ធផល ២៩ទល់២។ និងបន្តយកឈ្នះកីឡាការិនីន័រវេស នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ២៥ទល់១៨ រហូតបានឈានទៅវគ្គផ្តាច់ព្រ័ត្រ បន្តឈ្នះកីឡាការិនីថៃ ក្នុងលទ្ធផល ៣៧ទល់២៩។

ក្រោយកីឡាការីនីខ្មែរដណ្តើមបានមេដាយមាសពិភពលោក លោក វ៉ាត់ ចំរើន អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជាបានប្រាប់វិទ្យុបារាំងអន្តរជាតិ នាថ្ងៃអាទិត្យ ទី១៤ វិច្ឆិកាថា ជ័យជម្នះនេះ សរបញ្ជាក់ពីភាពជោគជ័យគួរឱ្យកោតសរសើរមួយខ្ពស់ចំពោះកីឡាការី អ៊ុក ស្រីមុំ។ ហើយភាពជោគជ័យនេះ ក៏បានបង្ហាញពីភាពកិច្ចខិតខំប្រឹងប្រែងរបស់កីឡាករ និងកីឡាការីនីប៉េតង់កម្ពុជាគ្រប់រូប ក្នុងការហ្វឹកហាត់លុតដំខ្លួនជាប្រចាំ បើទោះស្ថិតក្នុងស្ថានភាពជំងឺកូវីដ១៩កំពុងរីករាលដាលយ៉ាងណាក្តី។   

បើតាមអគ្គលេខាធិការូបនេះ មេដាយមាសដែលកម្ពុជាទទួលបានពីការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកឆ្នាំ២០២១នៅពេលនេះ​ គឺជាផលវិជ្ជមាន និងជាសារក្រើនរំឭកដល់កីឡាករ កីឡាការីនីកម្ពុជាគ្រប់រូប ឱ្យត្រៀមខ្លួនបូករួមនឹងកម្លាំងចិត្ត សម្រាប់ដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្នុងនោះ លោក វ៉ាត់ ចំរើន បានគូសបញ្ជាក់ផងដែរថា កម្ពុជាក៏បានត្រៀមយុទ្ធសាស្ត្រ និងដាក់គោលដៅយ៉ាងម៉ឺងម៉ាត់ហើយថា នឹងដណ្តើមយកមេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ឱ្យបានច្រើនជូនជាតិ។  

សូមរំឭកថា ម្ចាស់ជើងឯកមេដាយមាសកម្រិតពិភពលោកឆ្នាំ២០២១ លោកស្រី អ៊ុក ស្រីមុំ ក៏ធ្លាប់ជាម្ចាស់មេដាយមាសក្នុងវិញ្ញាសាឯកត្តជននាឆ្នាំ២០១៧កន្លងទៅផងដែរ។ នៅពេលនោះ លោកស្រីបានយកឈ្នះកីឡាការីនីទុយណេស៊ី ក្រោមលទ្ធផល១៣-៧ពិន្ទុ ក្នុងការប្រកួតកីឡាប៉េតង់ពិភពលោក នៅប្រទេសប៊ែលហ្ស៊ិក៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ