អានតួអត្ថបទ
អង់គ្លេស

អង្គការ​អក់ស្វាម៖ មនុស្ស​នឹង​ជួប​បញ្ហា​ខ្វះ​អាហាររូបត្ថម្ភ ដោយសារ​តែ​បាតុភូត អែល នីញ៉ូ

យ៉ាងហោច មនុស្ស​១០​លាន​នាក់ នៅក្នុង​ពិភពលោក នឹង​ជួប​បញ្ហា​ខ្វះ​អាហាររូបត្ថម្ភ នៅ​ឆ្នាំនេះ និង​ឆ្នាំក្រោយ។ នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ នៅថ្ងៃ​ព្រហស្បតិ៍នេះ ​អង្គការ​អក់ស្វាម ដែល​មានទីតាំង​ក្នុង​ទីក្រុង​ឡុងដ៍​បាន​សរសេរ​ថា គឺ​កត្តា​ប្រែប្រួល​អាកាសធាតុ និង​បាតុភូត​អែល នីញ៉ូ ដែល​ជា​ដើមហេតុ​ធ្វើ​ឲ្យ​មនុស្ស​ប្រឈម​ទៅ​នឹង​ការខ្វះចំណីអាហារ។ 

គ្រោះរាំងស្ងួត​ខ្លាំង​នៅ​Botswana
គ្រោះរាំងស្ងួត​ខ្លាំង​នៅ​Botswana Getty Images/Edwin Remsberg
ផ្សាយពាណិជ្ជកម្ម

អង្គការ​អក់ស្វាម ដែល​ធ្វើការ ដើម្បី​លុបបំបាត់​ចោល​ភាពអយុត្តិធម៌ និង​ភាពក្រីក្រ ក្នុង​ពិភពលោក បាន​ទាញ​សញ្ញា​អាសន្ន ក្រើនរំលឹក​ពី​បញ្ហា​កង្វះអាហាររូបត្ថម្ភ ដែល​មនុស្ស​រាប់លាន​នាក់ ត្រូវ​ប្រឈម នៅ​ឆ្នាំនេះ និង​ឆ្នាំ​ក្រោយ។ តួលេខ របស់​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ បង្ហាញ​ថា មាន​មនុស្ស​ប្រមាណ ៤លាន ៥​សែន​នាក់ នៅ​ប្រទេស​អេត្យូពី កំពុង​ត្រូវការ​ជំនួយ​ផ្នែកចំណីអាហារ។ អេត្យូពី​បច្ចុប្បន្ន កំពុង​រងគ្រោះ​ដោយសារ​តែ បាតុភូត​អែលនីញ៉ូ និង​កត្តាប្រែប្រួល​អាកាសធាតុ ដែល​ធ្វើ​ឲ្យ​ទឹកភ្លៀង​ធ្លាក់​មិនទៀតទាត់។

 
តាម​អក់ស្វាម ចាប់ពី​ខែ​តុលា នេះ រហូត​ដល់​ខែ​មករា​ឆ្នាំក្រោយ គេ​នឹង​ជួប​បាតុភូត​អែលនីញ៉ូ ដែល​ខ្លាំង​បំផុត មិន​ធ្លាប់​មាន​ពី​មុនមក។ គួរ​បញ្ជាក់​ថា បាតុភូត​អេលនីញ៉ូ​គឺ​ជា​ បាតុភូត​ធម្មជាតិ​មួយ​ដែល​នាំ​ឲ្យ​កើត​មាន​គ្រោះ​រាំងស្ងួត និង​ទឹក​ជំនន់​ធ្ងន់ធ្ងរ នៅ​តាម​តំបន់​មួយ​ចំនួន។ បាតុភូត​នេះ​បណ្តាល​មក​ពី​ការឡើង​កំដៅ នៅ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិច​ ដែល​កំដៅ​នោះ​នឹង​បង្ក​ចេញ​ជា​ចំហាយ​អណ្តែត​ទៅ​លើ​លំហ​អាកាស។ ចំហាយ​ក្តៅ​ទាំង​នោះ​ នឹង​បណ្តាល​ឲ្យ​មាន​សម្ពាធ​សីតុណ្ហភាព​ក្តៅ​ហួតហែង​ នៅ​តាម​តំបន់​ដែល​វា​ឆ្លងកាត់ ​ហើយ​អាច​បង្ក​ជា​ខ្យល់​ព្យុះ​  រឺ​ភ្លៀង​ធ្លាក់​ជា​គំហុក។ តំបន់​ខ្លះ​អាច​មាន​ភ្លៀង​ធ្លាក់​ខ្លាំង បង្ក​ជា​ទឹក​ជំនន់ ចំណែក​តំបន់​ខ្លះ​ទៀត​ត្រូវ​ជួប​គ្រោះ​រាំងស្ងួត។

តាម Mark Goldring​ប្រធានអង្គការ​អក់ស្វាម នៅ​ទីក្រុង​ឡុងដ៍ បាតុភូត​អែលនីញ៉ូ​នឹង​ប៉ះពាល់​ខ្លាំង ដល់​ប្រទេស​ក្រីក្រ ដែល​ពឹង​អាស្រ័យ​ទៅ​លើ​របរ​កសិកម្ម។ គ្រោះរាំងស្ងួត បណ្តាល​មកពី បាតុភូត អែលនីញ៉ូ កំពុង​គំរាមកំហែង​ដល់​ដំណាំ​ស្រូវ និង​ពោត ដែល​តាមពិត ជា​អាហាររូបត្ថម្ភ​ចំបង របស់​ប្រជាជន​ក្រីក្រ រស់នៅ​តំបន់ អាហ្វ្រិក​ខាងត្បូង និង​អាមេរិក​កណ្តាល។

អង្គការ​FAO​របស់​អង្គការ​សហប្រជាជាតិ​ធ្លាប់​បាន​បង្ហាញថា ​គ្រោះ​រាំងស្ងួត រយៈពេល​វែង នៅ​ឆ្នាំនេះ បាន​ធ្វើ​ដំណាំពោត និង​សណ្តែក នៅ​អាមេរិក​កណ្តាល ធ្លាក់ចុះ អស់​ជាង ៦០ភាគរយ។ អាស៊ី​អាគ្នេយ៍ ដែល​ស្ថិតនៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ក៏​នឹង​ត្រូវ​ប្រឈម​រងគ្រោះ​ដោយសារ​បាតុភូត​អែលនីញ៉ូ នៅ​ចុងឆ្នាំនេះដែរ។ មួយវិញទៀត តាម​របាយការណ៍​របស់​អង្គការ​អក់ស្វាម ការឡើង​កំដៅ ទឹកសមុទ្រ​ដែល​ជាលទ្ធផល​នៃ​ការប្រែប្រួល​អាកាសធាតុ នឹងអាច​បណ្តាល​ឲ្យ​មាន​បាតុភូត​អែលនីញ៉ូ កម្រិតខ្លាំង ឬ​ហៅថា Super​អែលនីញ៉ូ​នោះ កាន់តែ​ញឹកញាប់​ជាងមុន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ