អានតួអត្ថបទ
បារាំង-អង់គ្លេស

បារាំង និងក្រុមប្រទេសសម្ព័ន្ធមិត្តប្រារព្ធខួប ៧៥ឆ្នាំនៃការរំដោះបារាំងចេញកណ្តាប់ដៃអាល្លឺម៉ង់ណាហ្ស៊ី

៦ មិថុនា ១៩៤៤-៦ មិថុនា ២០១៩ ថ្ងៃ​នេះ​ជា​ខួបគម្រប់ ៧៥ឆ្នាំ​នៃ​ការ​រំដោះ​ប្រទេស​បារាំង​ចេញ​ពី​ការ​ឈ្លានពាន​របស់​អាល្លឺម៉ង់ណាហ្ស៊ី។ ក្នុង​ថ្ងៃទី៦ មិថុនា ឆ្នាំ ១៩៤៤ កម្លាំងសម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក មាន​កម្លាំងទ័ពជើងគោក ជើងអាកាស និង​ជើងទឹក​សរុប​ជាង ១៥០ ០០០នាក់​បាន​មក​ដល់​ឆ្នេរសមុទ្រ​ណរម៉ង់ឌី (Normandie) ស្ថិត​ប៉ែកខាងលិច​ប្រទេស​បារាំង​ដើម្បី​ជួយ​គាំទ្រ​ដល់​កម្លាំងទ័ព​បារាំង​ក្នុង​ការ​បណ្តេញ​ទ័ពអាល្លឺម៉ង់ណាហ្ស៊ី។ តែ​មុន​នឹង​រៀបចំ​ធ្វើ​នៅ​ឆ្នេរសមុទ្រ​ណរម៉ង់ឌី​ចំ​ថ្ងៃទី៦ មិថុនា ពិធី​បុណ្យ​មួយ​នេះ​បាន​រៀបចំ​ធ្វើ​នា​ថ្ងៃ​ពុធ ទី៥ មិថុនា​នៅ Portsmouth ក្នុង​ប្រទេស​អង់គ្លេស។ គឺ​នៅ Portsmouth ដែល​ជា​ទីកន្លែង​ចេញ​ដំណើរ​តាម​សមុទ្រ​របស់​កម្លាំងសម្ព័ន្ធមិត្ត​ឆ្ពោះ​ទៅ​កាន់​ឆ្នេរសមុទ្រ​ណរម៉ង់ឌី។ ពិធី​រៀបចំ​នៅ Portmouth មាន​ការ​ចូលរួម​ប្រមាណ​ជា ១៥ប្រទេស ព្រម​ទាំង​ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល​គ្រាក់ៗ ពិសេស​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ សមភាគី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង មហាក្សត្រិយានី​អង់គ្លេស Elizabeth ទី២ ឬ​ប្រមុខ​រដ្ឋាភិបាល​អង់គ្លេស​លោកស្រី​តេរ៉េហ្សាមេ។ បន្ទាប់​ពី​ព្រះសុន្ទរកថា​របស់​មហាក្សត្រិយានី​អង់គ្លេស Elizabeth ទី២ លោក​ម៉ាក្រុង​បាន​អាន​សំបុត្រ​មួយ​របស់​អ្នកតស៊ូបារាំង​ម្នាក់​ដែល​បាន​សរសេរ​ឲ្យ​ម្តាយ​មុន​នឹង​ស្លាប់។ ចំណែក​លោក​ត្រាំ​វិញ​បាន​អាន​សារ​មួយ​របស់​ប្រធានាធិបតី​អាមេរិក​ជំនាន់​នោះ គឺ​លោក Franklin Roosevlt។ លោក Roosevelt ដែល​បាន​ថ្លែង​តាម​វិទ្យុ​ក្នុង​យប់​ថ្ងៃទី៦ មិថុនា ឆ្នាំ ១៩៤៤ ដោយ​ស្នើ​ឲ្យ​ពលរដ្ឋ​អាមេរិក​ទាំង​អស់​ចូលរួម​បន់ស្រន់​ជាមួយ​លោក​ដើម្បី​គាំទ្រ​ដល់​អ្នក​ដែល​ប្រយុទ្ធ​ដើម្បី​រំដោះ​មនុស្សជាតិ​ពី​ក្តី​ឈឺ​ចាប់។ តើ​ខ្លឹមសារ​នៅ​ក្នុង​សារ​របស់​លោក Roosevelt មាន​អត្ថន័យ​យ៉ាង​ខ្លះ?។

បារាំង និងក្រុមប្រទេសសម្ព័ន្ធមិត្តប្រារព្ធខួប ៧៥ឆ្នាំនៃការរំដោះបារាំងចេញកណ្តាប់ដៃអាល្លឺម៉ង់ណាហ្ស៊ី
បារាំង និងក្រុមប្រទេសសម្ព័ន្ធមិត្តប្រារព្ធខួប ៧៥ឆ្នាំនៃការរំដោះបារាំងចេញកណ្តាប់ដៃអាល្លឺម៉ង់ណាហ្ស៊ី Mandel NGAN / AFP
ផ្សាយពាណិជ្ជកម្ម

« ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ ថ្ងៃ​នេះ កូនចៅ​របស់​ទូលព្រះបង្គំយើង​បាន​ផ្តើម​បេកកម្ម​មួយ​ដ៏​អស្ចារ្យ នោះ​គឺ​ការ​ចេញ​ប្រយុទ្ធ​ដើម្បី​រក្សា​សាធារណរដ្ឋ សាសនា និង​អារ្យធម៌ ព្រម​ទាំង​ដើម្បី​រំដោះ​មនុស្សជាតិ​ឲ្យ​រួច​ផុត​ពី​ការ​ឈឺចាប់។

កូនចៅ​របស់​ទូលព្រះបង្គំយើង​ត្រូវ​ការ​ពរជ័យ​ពី​ព្រះអង្គ ព្រោះ​ខ្មាំងសត្រូវ​មាន​កម្លាំង​ខ្លាំងក្លា​ណាស់។ កម្លាំង​របស់​ទូលព្រះបង្គំយើង​អាច​នឹង​ត្រូវ​ខ្មាំងសត្រូវ​រុញ​ថយក្រោយ តែ​កូនចៅ​របស់​ទូលព្រះបង្គំយើង​នឹង​រំកិល​ទៅ​មុខ​កាន់​តែ​លឿន​ជាង​មុន ហើយ​ទូលព្រះបង្គំយើង​ដឹង​ថា ដោយសារ​តែ​ព្រះគុណ​របស់​ព្រះអង្គ និង​ដោយសារ​ភាព​យុត្តិធម៌​នៃ​បុព្វហេតុ​របស់​ទូលព្រះបង្គំយើង កូនចៅ​របស់​ទូលព្រះបង្គំយើង​នឹង​ទទួល​ជ័យជំនះ។

តែ​ទូលព្រះបង្គំយើង​ក៏​បាន​ដឹង​ថា មាន​កូនចៅ​ខ្លះ​នឹង​ត្រូវ​បាត់បង់​ជីវិត​លើ​សមរភូមិ​ដោយ​គ្មាន​ថ្ងៃ​ត្រឡប់​មក​ផ្ទះ​វិញ​ទេ។ សូម​ព្រះអង្គ​ទទួល​យក​ពួក​គេ​ក្នុង​នាម​ជា​អ្នក​បម្រើ​ដ៏​ក្លាហាន​នៅ​ក្នុង​នគរ​របស់​ព្រះអង្គ។ ឱព្រះអង្គអើយ សូម​ប្រទាន​សេចក្តីក្លាហាន​ដល់​ទូលព្រះបង្គំយើង ដល់​កូនចៅ​របស់​ទូលព្រះបង្គំយើង។ ប្រទាន​ឲ្យមាន​ជំនឿទុកចិត្ត​លើ​គ្នា​ទៅ​វិញ​ទៅ​មក និង​នៅ​ក្នុង​រង្វង់​សម្ព័ន្ធមិត្ត​របស់​ទូលព្រះបង្គំយើង ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ