អានតួអត្ថបទ
បារាំង

បារាំង៖​នាយករដ្ឋមន្រ្តី​ទទួល​ជួប​តំណាង​ក្រុម​អាវកាក់លឿង និង​មេបក្សនយោបាយ​មក​ពី​គ្រប់​និន្នាការ

នៅ​ក្នុង​ប្រទេស​បារាំង លោក​នាយករដ្ឋមន្រ្តី​អេឌ័រ ហ្វីលីព​បាន​ផ្តើម​ទទួល​ជួប​តំណាង​ចលនា​អាវកាក់លឿង និង​មេដឹកនាំ​បក្សនយោបាយ​មក​ពី​គ្រប់និន្នាការ។ កម្មវត្ថុ​នៃ​ជំនួប​ក្នុង​ថ្ងៃ​ចន្ទ ទី៣ ធ្នូ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ផ្ទុះ​អំពើហិង្សា​ខ្លាំងក្លា​នា​ឱកាស​បាតុកម្ម​របស់​ចលនា​អាវកាក់លឿង​ក្នុង​ទីក្រុង​ប៉ារីស​កាល​ពី​ថ្ងៃ​សៅរ៍ ទី១ ធ្នូ។ អ្វី​ដែល​រដ្ឋាភិបាល​ចង់​បាន​តាម​រយៈ​ជំនួប​ជាមួយ​គ្រប់​តួអង្គ​ពេល​នេះ គឺ​ការ​ស្វែង​រក​ច្រកចេញ​មួយ​ដើម្បី​បិទបញ្ចប់​វិបត្តិ​ដែល​បាន​អូសបន្លាយ​តាំង​ពី​ជាង ៣សប្តាហ៍​កន្លង​មក។

លោក អេឌ័រ ហ្វីលីព (Edouard Philippe) នាយករដ្ឋមន្រ្តី​បារាំង
លោក អេឌ័រ ហ្វីលីព (Edouard Philippe) នាយករដ្ឋមន្រ្តី​បារាំង REUTERS/Gonzalo Fuentes
ផ្សាយពាណិជ្ជកម្ម

កម្មវិធី​របស់​លោក​អេឌ័រ ហ្វីលីព​ពេញ​មួយ​ថ្ងៃ​ចន្ទ ទី៣ ធ្នូ​នេះ គឺ​ទទួល​ជួប​មេបក្ស​នយោបាយ​មក​ពី​គ្រប់​និន្នាការ​ទាំង​អស់។ ឥស្សរជន​ដែល​លោក​អេឌ័រ ហ្វីលីព​បាន​ទទួល​ជួប​មុន​គេ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ ទី៣ ធ្នូ​នេះ គឺ​ចៅហ្វាយក្រុង​ប៉ារីស​លោកស្រី​អាន ហ៊ីដាល់ហ្គូ (Anne Hidalgo)។ ជាមួយ​លោក​ហ្វីលីព លោកស្រី​អាន​បាន​ធ្វើ​តុល្យការ​រួម​ស្តីពី​អំពើ​ហិង្សា និង​ការ​ខូចខាត​នៅ​ក្នុង​ទីក្រុង​ប៉ារីស ពិសេស​តំបន់​ដែល​បាន​រងគ្រោះ​ដោយ​អំពើហិង្សា​កាល​ពី​ថ្ងៃ​សៅរ៍ ទី១ធ្នូ។ ទន្ទឹម​គ្នា​នេះ ចៅហ្វាយ​ក្រុង​ប៉ារីស​ក៏​បាន​លើក​យក​ទៅ​និយាយ​ជាមួយ​លោក​នាយករដ្ឋមន្រ្តី​ពី​ក្តី​បារម្ភ​ទាក់ទង​នឹង​គម្រោង​បាតុកម្ម​របស់​ចលនា​អាវកាក់លឿង​នៅ​ថ្ងៃ​សៅរ៍ ទី៨ ធ្នូ​ចុង​សប្តាហ៍​នេះ។

បន្ទាប់​ពី​ចៅហ្វាយ​ក្រុង​ប៉ារីស លោក​អេឌ័រ ហ្វីលីព​បន្ត​ទទួល​ជួប​មេបក្សនយោបាយ​សំខាន់ៗ ទាំង​បក្ស​ដែល​មាន​សម្លេង​នៅ​ក្នុង​សភា និង​បក្ស​ដែល​គ្មាន​សម្លេង​នៅ​ក្នុង​សភា។ ចំណែក​ជំនួប​ជាមួយ​ក្រុមអ្នកតំណាង​ឲ្យ​ចលនា​អាវកាក់លឿង​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ ទី៤ ធ្នូ។ បន្ទាប់​នៅ​ថ្ងៃ​ពុធ ទី៥ ធ្នូ វិបត្តិ​អាវកាក់លឿង​នឹង​ត្រូវ​លើក​យក​ទៅ​តស៊ូមតិ​នៅ​ក្នុង​រដ្ឋសភា។ ការ​ទទួល​ជួប​មេបក្សនយោបាយ​មក​ពី​គ្រប់​និន្នាការ និង​ក្រុមអ្នកតំណាង​អាវកាក់លឿង​ពី​សំណាក់​ប្រមុខ​រដ្ឋាភិបាល​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​អំពើហិង្សា​វាយកម្ទេច និង​ដុតបំផ្លាញ​យ៉ាង​ហិង្សា​នៅ​ក្នុង​ក្បួនបាតុកម្ម​របស់​ពួក​អាវកាក់លឿង​កាល​ពី​ថ្ងៃ​សៅរ៍ ទី១ ធ្នូ​ចំ​កណ្តាល​បេះដូង​ក្រុង​ប៉ារីស។

ការ​រៀបចំ​ឲ្យ​មាន​ជំនួប​ពេល​នេះ គឺ​បន្ទាប់​ពី​លោក​ប្រធានាធិបតី​ម៉ាក្រុង​បាន​កោះប្រជុំ​បន្ទាន់​ជាមួយ​លោក​នាយករដ្ឋមន្រ្តី និង​លោក​រដ្ឋមន្រ្តី​មហាផ្ទៃ​កាល​ពី​ថ្ងៃ​អាទិត្យ ទី២ ធ្នូ។ ឃើញ​ថា លោក​អេឌ័រ ហ្វីលីព​ត្រូវ​បាន​លោក​ម៉ាក្រុង​បញ្ជូន​ឲ្យ​ឈរ​ខ្សែ​បន្ទាត់​មុខ​ដើម្បី​ស្វែង​រក​ច្រក​ចេញ​ពី​វិបត្តិ​ដែល​បាន​អូសបន្លាយ​តាំង​ពី ៣សប្តាហ៍។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​វិបត្តិ​មួយ​នេះ​អាច​នឹង​ចេញ​តាម​ច្រក​ណា​មួយ និង​ថា តើ​រដ្ឋាភិបាល​យល់ព្រម​ដក​គម្រោង​ដំឡើង​ពន្ធ​លើ​ប្រេងឥន្ធនៈ​ដូច​ដែល​ពួក​អាវកាក់លឿង​បាន​ទាមទារ​ឬ​អត់​ទេ។

អ្វី​ដែល​គេ​ដឹង បុព្វហេតុ​របស់​ពួក​បាតុករ​ហាក់​បាន​ឆ្លង​រាលដាល​លើស​ពី​ការ​ទាមទារ​ពី​ដំបូង​របស់​ពួក​គេ​ទៅ​ទៀត ពិសេស​ប្រឆាំង​នឹង​ទំនិញ​ឡើង​ថ្លៃ និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​លំបាកលំបិន។ នៅ​ក្នុង​ន័យ​នេះ មាន​សម្រែក​ទាមទារ​ពី​ពួក​អាវកាក់លឿង​ឲ្យ​លោក​ម៉ាក្រុង​ចុះ​ពី​តំណែង ហើយ​មេដឹកនាំ​បក្ស​នយោបាយ​ខ្លះ​បាន​អំពាវនាវ​ត្រង់ៗ​ឲ្យ​មាន​ការ​រៀបចំ​បោះឆ្នោត​សភា​មុន​ការ​កំណត់។ កំណត់​សម្គាល់​មួយ​ទៀត ចលនា​អាវកាក់លឿង​ហាក់​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​បារាំង​កាន់​តែ​ច្រើន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ