អានតួអត្ថបទ
អាមេរិក-រថយន្ត-អឺរ៉ុប

អាមេរិក៖​លោក​ដូណាល់ ត្រាំ​បន្ត​សង្រ្គាមពាណិជ្ជកម្ម​ដោយ​ចង់​ដំឡើង​ពន្ធ​លើ​រថយន្ត​ដែល​នាំ​ចូល​អាមេរិក

នៅ​សហរដ្ឋអាមេរិក លោក​ដូណាល់ ត្រាំ​បាន​ប្រកាស​ឲ្យ​ដឹង​ពី​បំណង​ចង់​ដំឡើង​ពន្ធ​ចំនួន ២៥% លើ​រថយន្ត​ដែល​នាំ​ចូល​អាមេរិក។ តាម​រយៈ​សារ​ជា​ច្រើន​នៅ​ក្នុង​បណ្តាញ​សង្គម Tweeter នា​ថ្ងៃ​ពុធ ទី២៨ វិច្ឆិកា លោក​ត្រាំ​បាន​បញ្ជាក់​ពី​ហេតុផល​ចង់​ការពារ​ឧស្សាហកម្ម​រថយន្ត​របស់​អាមេរិក​ក្នុង​ពេល​ដែល​ក្រុមហ៊ុន General Motors ប្រកាស​ពី​គម្រោង​កាត់បន្ថយ​បុគ្គលិក។ ឧស្សាហកម្ម​រថយន្ត​អឺរ៉ុប​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ផ្ទាំងស៊ីប​នៃ​ការ​វាយប្រហារ​របស់​លោក​ត្រាំ ពិសេស​ប្រទេស​អាល្លឺម៉ង់​ដែល​ឧស្សាហកម្ម​រថយន្ត​ជា​ដង្ហើម​សេដ្ឋកិច្ច​មួយ​យ៉ាង​សំខាន់។

លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ
លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ Reuters
ផ្សាយពាណិជ្ជកម្ម

ផែនការ​របស់​លោក​ដូណាល់ ត្រាំ​ដែល​ចង់​ដំឡើង​ពន្ធ ២៥% លើ​រថយន្ត​នាំ​ចូល​អាមេរិក​មិនមែន​ជា​រឿង​ថ្មី​ទេ។ មិនមែន​ជា​រឿង​ថ្មី​ព្រោះ​នៅ​ដំណាច់​ខែ​ឧសភា​កន្លង​ទៅ សេតវិមាន​ធ្លាប់​បាន​បញ្ជាក់​ពី​ជំហរ​ដូច​គ្នា​នេះ​ម្តង​ហើយ​ដើម្បី​ការពារ​ឧស្សាហកម្ម​រថយន្ត​របស់​អាមេរិក។ តែ​ផែនការ​មួយ​នេះ​ត្រូវ​បាន​ផ្អាក​វិញ បន្ទាប់​ពី​មាន​កិច្ចព្រមព្រៀង​រវាង​លោក​ដូណាល់ ត្រាំ និង​លោក​ប្រធាន​គណៈកម្មការ​អឺរ៉ុប Jean-Claude Juncker ក្នុង​ខែ​កក្កដា។ តែ​អ្វី​ជា​ការ​កត់សម្គាល់ ការ​ដែល​លោក​ត្រាំ​បាន​ត្រឡប់​មក​និយាយ​ជា​ថ្មី​ពី​បញ្ហា​នេះ​ក៏​ដោយសារ​ថា ក្រុមហ៊ុន​ផលិត​រថយន្ត​អាមេរិក General Motors កំពុង​ជួប​វិបត្តិ និង​គ្រោង​លុបចោល ១៥ ០០០ការងារ​នៅ​អាមេរិក។

ព័ត៌មាន​មួយ​នេះ​បាន​បញ្ឆេះ​កំហឹង​លោក​ដូណាល់ ត្រាំ​ដោយ​លោក​បាន​សរសេរ​ច្បាស់ៗ​នៅ​ក្នុង​បណ្តាញ​សង្គម Tweeter នា​ថ្ងៃ​ពុធ ទី២៨ វិច្ឆិកា​ថា បើ​រថយន្ត​នាំ​ចូល​អាមេរិក​នឹង​ត្រូវ​ដំឡើង​ពន្ធ ២៥% នោះ​ក្រុមហ៊ុន​ផលិត​រថយន្ត​អាមេរិក General Motors នឹង​មិន​បិទទ្វារ​ទេ។ គួរ​រម្លឹក​ថា​ក្នុង​ឆ្នាំ ២០១៧ មាន​រថយន្ត​ជាង ៨លានគ្រឿង​ក្នុង​ចំណោម​រថយន្ត​ប្រមាណ ១៧លានគ្រឿង​បាន​នាំ​ចូល​ពី​បរទេស។ ទន្ទឹម​នឹង​ចង់​ដំឡើង​ពន្ធ​លើ​រថយន្ត​នាំ​ចូល​អាមេរិក លោក​ត្រាំ​ក៏​ឆ្លៀត​បរិហារ​ចិន​ដែល​បាន​យក​ពន្ធ​លើ​រថយន្ត​អាមេរិក​នាំ​ចូល​ចិន​ដល់​ទៅ ៤០% ហើយ​បែរ​ជា​យក​ពី​អ្នក​ផ្សេង​តែ ១៥% ប៉ុណ្ណោះ។

បើ​តាម​កាសែត​អាល្លឺម៉ង់ សហភាព​អឺរ៉ុប​អាច​នឹង​ក្លាយ​ជា​ផ្ទាំងស៊ីប​នៃ​ការ​ដំឡើង​ពន្ធ​លើ​រថយន្ត​នាំ​ចូល​អាមេរិក​របស់​លោក​ត្រាំ ហលយ​វិធានការ​មួយ​នេះ​នឹង​អាច​ប្រកាស​នៅ​សប្តាហ៍​ក្រោយ ពោល​បន្ទាប់​ពី​ជំនួបកំពូល G២០ ក្នុង​ប្រទេស​អាហ្សង់ទីន។ ប្រតិកម្ម​ពី​សហភាព​អឺរ៉ុប ស្នងការ​ទទួល​បន្ទុក​ពាណិជ្ជកម្ម​លោកស្រី Cecilia Malmström បាន​ថ្លែង​នា​ឱកាស​ទស្សនកិច្ច​នៅ​អាមេរិក​ថា អឺរ៉ុប​បាន​ត្រៀម​បញ្ជី​ឈ្មោះ​ផលិតផល​ដែល​ត្រូវ​ដំឡើង​ពន្ធ​វិញ បើ​អាមេរិក​ហ៊ាន​ដំឡើង​ពន្ធ​លើ​រថយន្ត​អឺរ៉ុប​នាំ​ចូល​អាមេរិក​នោះ។ ស្រប​គ្នា​នេះ លោកស្រី Malmström ក៏​ឆ្លៀត​រម្លឹក​ពី​កិច្ចព្រមព្រៀង​ក្នុង​ខែ​កក្កដា​រវាង​លោក​ដូណាល់ ត្រាំ និង​លោក Jean-Claude Juncker។

លោក​ត្រាំ និង​លោក Juncker ដែល​ត្រូវ​ចូលរួម​នៅ​ក្នុង​ជំនួបកំពូល G២០ នៅ​ប្រទេស​អាហ្សង់ទីន​ដូច​គ្នា តែ​ឥស្សរជន​ទាំង​ពីរ​គ្មាន​គម្រោង​នឹង​ជួប​គ្នា​ជា​លក្ខណៈ​ទ្វេភាគី​ទេ​នៅ​ពេល​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ