អានតួអត្ថបទ
អាមេរិក-អូតង់

លោក​​ ដូណាល់​ ត្រាំ​​ ​ដាក់​​​​សម្ពាធ​​​​​​​ប្រទេស​​​​​សមាជិក​​​​​អូតង់​​​​​ឲ្យ​​​​​បង្កើន​​​​​ការ​​​​​ចំណាយ​​​​​​លើ​​​​​កិច្ច​​​ការពារ​​ជាតិ​​​​​​

​នៅ​អាមេរិក ជាង​មួយ​សប្តាហ៍​នៅ​មុន​ជំនួប​កំពូល​របស់​អង្គការ​អូតង់​នៅ​ទីក្រុង​ព្រុចសែល ​ប្រធានាធិបតី​អាមេរិក លោកដូណាល់ត្រំា បាន​ផ្ញើ​លិខិត​​ជំរុញ​អោយ​ប្រទេស​សមាជិក​អង្គការ​​អូតង់​ ជាពិសេស​អាល្លឺម៉ង់​ ខិតខំ​ប្រឹងប្រែង ​បង្កើន​​ការ​ចំណាយ​នៅ​លើ​វិស័យ​ការពារ​ជាតិ​​ ​ឲ្យ​បាន​ដល់​​គោលដៅ​ ២% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​។ កាសែតញូយ៉ក​ថៃម៍ ម្សិលមិញ ​បាន​ចេញផ្សាយ​នូវ​ អត្ថន័យ​ខ្លះៗ​​នៅ​​ក្នុង​​លិខិត​​របស់​ប្រធានាធិបតី​​អាមេរិក។​

ប្រធានាធិបតី​សហរដ្ឋអាមេរិក​​នៅ​​ West ​ Virginia ថ្ងៃ ទី ​៣ ​កក្កដា ​២០១៨​
ប្រធានាធិបតី​សហរដ្ឋអាមេរិក​​នៅ​​ West ​ Virginia ថ្ងៃ ទី ​៣ ​កក្កដា ​២០១៨​ REUTERS/Leah Millis
ផ្សាយពាណិជ្ជកម្ម

ជាយូរពេលមកហើយ លោក ដូណាល់ ត្រំា មាន​ការ​ងឿង​ឆ្ងល់​ពី​ផលប្រយោជន៍​របស់​អង្គការ​អូតង់សម្រាប់ពិភពលោក​​និង​ជាពិសេស​បាន​បរិហារ​ថា​អង្គការអូតង់ ជា​បន្ទុក​​ដ៏​សែន​​ធ្ងន់​មួយ​សម្រាប់​ពលរដ្ឋអាមេរិក។

តាមរយៈ​លិខិត​ដែល​ប្រធានាធិបតី​អាមេរិក បាន​ផ្ញើ​កាលពី​ចុង​ខែ​មិថុនា​កន្លង​ទៅ​នេះ​ ជូន​ដល់​បណ្តា​ប្រទេស​ដែល​ជា​ដៃ​គូ​របស់​អាមេរិក បាន​បង្ហាញ​ឲ្យ​ដឹង​ថា លោក​ដូណាល់ ត្រំ បាន​បាត់​បង់​អំណត់​របស់​ខ្លួន ជាពិសេស មាន​ភាព​តឹងរ៉ឺង​ខ្លាំង​ជាមួយ​អាល្លឺម៉ង់។

នៅ​ក្នុង​លិខិត​ជូន​ដល់​លោកស្រី ម៉ែ កិល ប្រធានាធិបតី​អាមេរិក បាន​អះអាង​ថា​ អាមេរិក នៅ​​តែ​បន្ត​ការ​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​សម្រាប់​វិស័យ​ការពារ​ជាតិ​អឺរ៉ុប ​ក៏ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ​​ ​នៅ​អឺរ៉ុប​​ជាអាទិ៍​​នៅ​អាល្លឺម៉ង់ ស្ថានភាព​សេដ្ឋកិច្ច បាន​ល្អ​ប្រសើរ​ឡើង​វិញ​ហើយ។ ដូច្នេះ អាមេរិក ពុំ​អាច​ទ្រាំទ្រ​ធ្វើការ​ផ្កត់ផ្គង់​ហិរញ្ញវត្ថុ​នេះ​តែម្នាក់​ឯង​នោះ​ទេ​។

លោក​ត្រាំ បាន​​បញ្ជាក់​ទៀត​ថា “​ការ​​ខ្វល់ខ្វាយ​ចិត្ត​នេះ ពុំ​មែន​មាន​តែ​រូប​លោក​ម្នាក់គត់​​ប៉ុណ្ណោះ​នោះទេ ក៏ប៉ុន្តែ​ក៏​មាន​​សភា​អាមេរិ​ផង​ដែរ។​

លោកត្រំា បាន​បន្ត​ទៀត​ថា លោក​បាន​យល់​អំពី​សម្ពាធ​នយោបាយ​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ដែល​រារាំង​នៅលើ​ការ​បង្កើន​ការ​ចំណាយ​សម្រាប់​កិច្ច​ការពារ​ជាតិ ក៏ប៉ុន្តែ បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​គាត់​មាន​ការ​តក់ប្រម៉ល់ចិត្ត​ជាខ្លាំងណាស់​​នៅ​ក្នុង​ការ​និយាយ​ពន្យល់​ប្រាប់​​ដល់​​ពលរដ្ឋ​អាមេរិក​​ថា​ មាន​ប្រទេស​ខ្លះ ពុំ​បាន​ជួយ​រំលែក​នៅ​លើ​បន្ទុក​ចំណាយ​សម្រាប់​​វិស័យ​ការពារ​ជាតិ នៅ​​ខណៈ​ដែល​កង​ទាហាន​អាមេរិក​កំពុងតែ​ប្រឈមមុខ​នឹង​ហានិភ័យ​​នៅ​បរទេស​នោះ។​

មួយវិញទៀត យោងតាម​កាសែត New York Times រដ្ឋបាល​អាមេរិក គ្រោង​នឹង​ដក​កងទ័ព​​ខ្លួន​មួយ​ភាគ​ធំ​នៅ​ក្នុងចំណោម​កងទ័ព​ចំនួន ៣​ម៉ឺន​៥០០០​នាក់​ដែល​ដាក់ពង្រាយ​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់។

កំហឹង​ក្រេវក្រោធ​របស់​លោក​Trump  ពុំគ្រាន់តែ​​​ជះ​​ទៅ​លើ​នាយក​រដ្ឋមន្ត្រី​អាល្លឺម៉ង់ Merkel​​ ប៉ុណ្ណោះនោះទេ ក៏​ប៉ុន្តែ ​បាន ​ជះ​ទៅ​លើ​ថ្នាក់​ដឹកនាំ​​ប្រទេស​​១២​​ផ្សេង​ទៀត​ដែល​ជា​សមាជិក​របស់​អូតង់​ដែរ។​

យ៉ាងណាមិញ  ជំនួប​កំពូល​អូតង់​​នៅ​​សប្តាហ៍​ខាង​មុខ​នេះ ​អាច​នឹង​មាន​ភាព​រំជើប​រំជួល​ខ្លាំង។ ហើយស្របគ្នានេះ  ប្រទេស​សមាជិក​អូតង់​ ចាប់​ផ្តើម​សម្តែង​ការព្រួយបារម្ភ​។ ជាពិសេស​ ចាប់តាំង​ពី​លោក​ត្រាំ បាន​គ្រោង​ជួបប្រាស្រ័យ​មួយ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​ លោក​​ពូទីន​ដែល​ជា​គូ​ប្រជែង​ដ៏​សំខាន់​របស់​អូតង់​ នៅ​បន្ទាប់​ពីចប់​​ជំនួបកំពូល​អូតង់​ភ្លាម៕​​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ