ពន្ធអាមេរិក ៖ សហភាពអឺរ៉ុបទាមទារការលើកលែង ដើម្បីបញ្ចៀសសង្គ្រាមពាណិជ្ជកម្ម
សហភាពអឺរ៉ុបរង់ចាំការបំភ្លឺពីសហរដ្ឋអាមេរិក នៅថ្ងៃសៅរ៍នេះ ស្តីពីការសម្រេចចិត្តរបស់លោកដូណាល់ត្រាំ ដំឡើងពន្ធលើការនាំចូលដែកថែបនិងអាលុយមីញ៉ូម។ សម្រាប់អឺរ៉ុប អាមេរិកគួរតែលើកពន្ធនាំចូលនេះ ចំពោះដៃគូអឺរ៉ុប ដូចអ្វីដែលអាមេរិកធ្វើជាមួយម៉ិចស៊ិក និងកាណាដា បើពុំនោះទេសង្គ្រាមពាណិជ្ជកម្មនឹងអាចផ្ទុះឡើង។
ចុះផ្សាយនៅថ្ងៃ៖
សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប អាចបញ្ចៀសបាន ! នេះបើតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាល្លឺម៉ង់។ ក្តីសង្ឃឹម រំពឹងទាំងស្រុងទៅលើជំនួបនារសៀលថ្ងៃសៅរ៍ទី ១០មីនានេះ រវាងតំណាងក្រសួងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer និងស្នងការទទួលបន្ទុកពាណិជ្ជកម្មអឺរ៉ុប លោកស្រី Ceciia Malmström នៅទីក្រុងព្រុចសែល ព្រមទាំងជំនួបដាច់ដោយឡែកមួយទៀតជាមួយ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជប៉ុន លោក Hiroshige Seko។
កាលពីថ្ងៃព្រហស្បតិ៍ លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាប្រកាសដំឡើងពន្ធនាំចូលដែកថែប ២៥% និងអាលុយមីញ៉ូម ១០% ដែលនឹងចូលជាធរមាននៅរវាង១៥ថ្ងៃទៀត និងដែលអាមេរិកអាចចរចា កែប្រែ ឬធ្វើការលើកលែងពន្ធ ទៅតាមករណីជាក់ស្តែងពីប្រទេសមួយទៅប្រទេសមួយ។
តើនេះមានន័យយ៉ាងដូចម្តេច?! ក្នុងឱកាសជួបប្រជុំគ្នានេះ សហភាពអឺរ៉ុប និងជប៉ុន បានដាក់សម្ពាធយ៉ាងខ្លាំងលើភាគីអាមេរិក។ ហើយដោយមិនរង់ចាំចម្លើយបំភ្លឺ សហភាពអឺរ៉ុប និងជប៉ុន បានទាមទារអាមេរិកចាត់ទុកជាប្រទេសលើកលែងពន្ធ និងមិនយកពន្ធពីនាំចូលដែកថែប២៥% អាលុយមីញ៉ូម១០% ! សហភាពអឺរ៉ុប ក៏បានបដិសេធជាដាច់ខាតរួចហើយថានឹងគ្មានទេការចរចារកកិច្ចព្រមព្រៀងមិនយកពន្ធនាំចូលជាថ្នូរនឹងបញ្ហាសន្តិសុខ ដូចដែលអាមេរិកបានដាក់លក្ខខណ្ឌជាមួយអូស្ត្រាលី។
បើតាមអ្នកទទួលខុសត្រូវអឺរ៉ុបម្នាក់ អ្វីដែលអឺរ៉ុបព្រួយបារម្ភខ្លាំង គឺខ្លាចលោកដូណាល់ ត្រាំ យកករណីលើកពន្ធនាំចូល ទៅភ្ជាប់នឹងកិច្ចព្រមព្រៀងអ្វីមួយ។ តាំងពីឡើងកាន់អំណាចមក លោកត្រាំ បានបំផុស និងបង្ខំឱ្យដៃគូអឺរ៉ុបនិងអូតង់ទាំងអស់ ដំឡើងចំណាយថវិកាយោធាឱ្យស្មើនឹង២%នៃប្រាក់ចំណូលសរុបជាតិ។
គ្មានហេតុផលអ្វីដែលអាមេរិកត្រូវធ្វើជាមួយអឺរ៉ុបយ៉ាងដូច្នេះឡើយ។ ប្រសិនបើសហភាពអឺរ៉ុបមិនអាចទទួលបានអ្វីដូចជាការទាមទារទេ អឺរ៉ុបត្រៀមខ្លួនជាស្រេចនឹងធ្វើសង្គ្រាមពាណិជ្ជកម្មប្តឹងផ្តល់ទៅអង្គការពាណិជ្ជកម្មពិភពលោក ! វិធានការតបតត្រូវបានរៀបចំស្ទើររួចជាស្រេច ដែលអាចចាប់អនុវត្តបាននៅក្នុងរវាងតែបីខែ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ