អានតួអត្ថបទ
បារាំង-ស៊ីរី-អ៊ីរ៉ាក់

លោក​Jean-Yves Le Drian​៖​​​"ការ​វាយប្រយុទ្ធ​​ដើម្បី​​យក​​ក្រុង​​Raqa​ នឹង​​ចាប់ផ្តើម​ធ្វើ​នៅ​ថ្ងៃ​ខាង​មុខ​​​នេះ​

រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​បារាំង​លោក Jean-Yves Le Drian ទើប​បាន​ថ្លែង​នៅ​ព្រឹក​មិញ​នេះ​ថា ការ​វាយ​ប្រយុទ្ធ​ដើម្បី​ដណ្តើម​យក​ក្រុង​ Raqa ដែន​អំណាច​របស់​​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅស៊ីរី​ នឹង​ចាប់​ផ្តើម​ធ្វើ​នៅ​ថ្ងៃ​ខាង​មុខ​នេះ។ 

រដ្ឋមន្ត្រីក្រសួងការពារជាតិ​បារាំង លោក Jean-Yves Le Drian​
រដ្ឋមន្ត្រីក្រសួងការពារជាតិ​បារាំង លោក Jean-Yves Le Drian​ REUTERS/Delmi Alvarez
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​បារាំង​លោក Jean-Yves Le Drian ​នា​ព្រឹកមិញ​នេះ ​​តាម​រយៈ​បណ្តាញ​ផ្សព្វផ្សាយ​ព័តមាន​បារាំង​ឈ្មោះ CNEWS បាន​ថ្លែង​ប្រាប់​ថា ​“ បច្ចុប្បន្ន​នេះ​គេ​អាច​និយាយ​ថា​ ក្រុង​Raqa​ត្រូវ​បាន​ឡោមព័ទ្ធ ហើយ​ការ​ប្រយុទ្ធ​ដើម្បី​ដណ្តើម​យក​​Raqa មក​វិញ​នោះ​​នឹង​ត្រូវ​ចាប់​ផ្តើម​នៅ​​ថ្ងៃ​ខាង​មុខ​នេះ​។  ក្រុង Raqa ​របស់​ស៊ីរី​​ជាមួយ​ក្រុង ​Mossoul ​អ៊ីរ៉ាក់ ជា​តំបន់​​ដែល​​កង​កម្លាំង​អ៊ីរ៉ាក់​ដឹកនាំ​ការ​វាយប្រយុទ្ធ​​តាំង​ពី​ពាក់​កណ្តាល​ខែ​តុលា​ឆ្នាំ​មុន​មក​ម្ល៉េះ ​ដើម្បី​ដណ្តើម​យក​​ពី​ការ​កាន់កាប់​​របស់​អង្គការ​រដ្ឋអ៊ីស្លាម​មកវិញ។

 
ការ​​ប្រយុទ្ធ​គ្នា​ដើម្បី​យក​ក្រុង Raqa ពី​អង្គការ​រដ្ឋអ៊ីស្លាម​មក​វិញ​​ ចំពោះ​ការ​កត់​សម្គាល់​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​បារាំង គឺ​ជា​ការ​ប្រយុទ្ធ​គ្នា​មួយ​ដ៏​សែន​លំបាក  ក៏ប៉ុន្តែ វា​ជា​ការ​ចាំ​បាច់​ ពីព្រោះ​​នៅ​ខណៈពេល​ដែល​តំបន់​ទាំង​ពីរ​នេះ​ ត្រូវ​ដណ្តើម​បាន​មក​វិញ​​ម្ខាង​ដោយ​កងទ័ព​អ៊ីរ៉ាក់​និង​ម្ខាង​ទៀត​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ​អារ៉ាប-គួដ គឺ​នៅ​ពេល​នោះ​ហើយ​ដែល​អង្គការ​រដ្ឋអ៊ីស្លាម​ពិត​ជា​នឹង​ជួប​នូវ​ការ​លំបាក​ជាមិនខានឡើយ។

លោក Jean-Yves Le Drian បាន​គូស​បញ្ជាក់​ទៀត​ថា “មេ​ដឹកនាំ​​អង្គការ​រដ្ឋ​អ៊ីស្លាម Abou Bakr Al-Bagdadi សព្វថ្ងៃ​នេះ កំពុង​ជួប​ប្រទះ​នឹង​ភាព​លំបាក​ដូច្នេះ​យើង​ត្រូវ​តែ​បន្ត​ដាក់​សម្ពាធ​ឲ្យ​កាន់តែ​ខាំ្លង​ថែម​ទៀត​ទៅ​លើ​ពួក​ជីហាត”។ រដ្ឋមន្ត្រី​ការពារជាតិ​បារាំង​ថែម​ទាំង​បាន​បង្ហើប​ឲ្យ​ដឹង​ជា​មុន​ដែរ​ថា​ ​លោក​នឹង​ត្រូវ​អញ្ជើញ​ទៅ​កាន់​ទីក្រុង​វ៉ាស៊ីនតោន​ ដើម្បី​ចូល​រួម​ការ​ប្រជុំ​មួយ​​ជាមួយ​សមភាគី​អាមេរិក​លោក James Mattis នៅ​ថ្ងៃ​ខាង​មុខ​នេះ។

រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​បារាំង ថែម​ទាំង​ថ្លែង​សង្កត់​ពាក្យ​ទៀត​ថា​”  អង្គការ​រដ្ឋអ៊ីស្លាម​​នឹង​ត្រូវ​ទទួល​បរាជ័យ​”​ដោយ​លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា”សកម្មភាព​រួម​​គ្នា​​ជាមួយនឹង​កង​កម្លាំង​អ៊ីរ៉ាក់​​និង​កងទ័ព​សម្ព័ន្ធ​ដែល​មាន​បារាំង​ចូល​រួម​ដែរ​នោះ ​​ពិត​ជា​នឹង​ហុច​លទ្ធផល​​ចំរើន​ទៅ​មុខ​ជាមិនខាន​នៅ​ក្នុង​ការ​វាយ​ដណ្តើម​យក​ទីក្រុង Mossoul។

ប្រទេស​បារាំង​ដែល​ចូល​រួម​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​ពួក​អ៊ីស្លាម​ជីហាត​ មាន​យោធា​របស់​ខ្លួន​​ចំនួន ១ ៥០០ នាក់​ក្នុង​នោះ គឺ​កង​អាកាសយានិក-​កង​កាំភ្លើង​ធំ-និង​ទីប្រឹក្សា​ជំនួយ​​កម្លាំង​​ទ័ព​អ៊ីរ៉ាក់។

នៅ​អ៊ីរ៉ាក់ កាំភ្លើង​កាណុង​របស់​បារាំង​ឈ្មោះ Caesar បាន​បាញ់​ផ្លោង​​ក្នុង​មួយ​ថ្ងៃ​ៗ​ជាង​១០០​​គ្រាប់ ជួយ​​គាំទ្រ​កង​​កម្លាំង​ទ័ព​​អ៊ីរ៉ាក់​នៅ​ក្នុង​​ការ​​វាយ​ដណ្តើម​យក​ទីក្រុង​Mossoul -នេះ​ជា​​ការ​​លើក​​ឡើង​​របស់​​រដ្ឋមន្ត្រី​​ការពារជាតិ​​បារាំង៕​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ