អានតួអត្ថបទ

រុស្ស៊ី បានបញ្ចេញ យុទ្ធសាស្ត្រថ្មីខាងសុវត្ថិភាពពត៏មានវិទ្យា

ថ្ងៃអង្គារ ៦ធ្នូ លោកប្រធានាធិបតីពូទីន បានចេញ​ក្រិត្យ​អនុម័ត​យុទ្ធសាស្ត្រ​ថ្មី​ខាង​សុវត្ថិភាព​ព័ត៌មានវិទ្យា ដែល​ឆ្ពោះ​ទៅ​ការពារ​សហព័ន្ធ​រុស្ស៊ី ទល់​នឹង​ការគម្រាម​វាយប្រហារ មក​លើ​បណ្តាញ​កុំព្យូទ័រ​ប្រទេស ព្រម​ទាំង​ទល់​នឹង “ឥទ្ធិពល“ បរទេស ដែល​សំដៅ​បំផ្លាញ “តម្លៃ​សាសនា និង តម្លៃ​សីលធម៌ ជា​ប្រពៃណី​របស់​រដ្ឋ​រុស្ស៊ី។ យុទ្ធសាស្ត្រ​ថ្មី​នេះ តាក់តែង​ឡើង ដោយ​ក្រុមប្រឹក្សា​សន្តិសុខជាតិ​រុស្ស៊ី ចូលខ្លួន​ទៅ​ជំនួស​យុទ្ធសាស្ត្រ​ឆ្នាំ​២០០០ ដែល​លែង​មាន​សុពលភាព​ទៀត​ឡើយ។

លោកប្រធានាធិបតី​រុស្ស៊ី បណ្តឹង​ច្បាប់​សុវត្ថិភាព​ព័ត៌មានវិទ្យា
លោកប្រធានាធិបតី​រុស្ស៊ី បណ្តឹង​ច្បាប់​សុវត្ថិភាព​ព័ត៌មានវិទ្យា REUTERS/Sergei Karpukhin
ផ្សាយពាណិជ្ជកម្ម

អត្ថបទយុទ្ធសាស្ត្រថ្មី អនុម័តដោយ​លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន ដក់ជាប់ ដោយ​មុខ​ព្រួញ​ធំៗ​ជា​គោល ខាង​ធានា​សុវត្ថិភាព​ព័ត៌មានវិទ្យា។ តាមធាតុ​ពិត​ដែល​មាន វា​បង្គ្រប់​ឲ្យ​បាន​ពេញ​ន័យ​តែ​ម្តង យុទ្ធសាស្ត្រ​ថ្មី​នៃ​នយោបាយ​ក្រៅ​ប្រទេស​រុស្ស៊ី អនុម័ត​ក្នុង​សប្តាហ៍​មុន ដោយ​ប្រមុខ​រដ្ឋ​រុស្ស៊ី​ដែរ។

ចាប់ពីអំណើះតទៅ គឺរដ្ឋាភិបាល​និង​ទីភ្នាក់ងារ​សហព័ន្ធ​នានា ជាពិសេស​ ខាង​បញ្ហា​សន្តិសុខ ដែល​ត្រូវ​ប្រតិបត្តិ​តាម​យុទ្ធសាស្ត្រ​នេះ។

យុទ្ធសាស្ត្រថ្មី ដែល​តាក់តែង​ដោយ​ក្រុម​ប្រឹក្សា​សន្តិសុខ​រុស្ស៊ី តាំង​គោល​ដៅ “ទប់​ស្កាត់​ជា​មុន ទល់​នឹង​ជម្លោះ​យោធា ដែល​អាច​បង្ក​ឲ្យ​ប្រើ​បច្ចេកវិជ្ជា​ព័ត៌មានវិទ្យា”។ យុទ្ធសាស្ត្រ​នេះ តម្រង់​ទៅ “ការពារ​អធិបតេយ្យភាព ស្ថិរភាព​នយោបាយ​និង​សង្គម បូរណភាព​ដែនដី​របស់​រុស្ស៊ី”។

ដោយសង្កេតឃើញ ការគម្រាម​មក​លើ​រុស្ស៊ី ចេះ​តែ​កើន​កម្រិត រហូត​ដល់​ប្រមាញ់ “ទីដៅ​យោធា​នានា​របស់​រុស្ស៊ី​ទៅ​ផង” បាន​ជា​តាមរយៈ​យុទ្ធសាស្ត្រ​នេះ កងទ័ព​រុស្ស៊ី នឹង​កែ​ឲ្យ​ប្រសើរ​ឡើង​សុវត្ថិភាព​ព័ត៌មានវិទ្យា​របស់​ខ្លួន។

ទន្ទឹមនេះ ក្រិត្យ​លោក​ពូទីន “កត់ត្រាថា ប្រព័ន្ធ​ផ្សព្វផ្សាយ​បស្ចិមលោក វក់​កាន់តែ​ខ្លាំង​ឡើងៗ នឹង​ការចេញ​ផ្សាយ​អត្ថបទ ពោរពេញ​ដោយ​សំដី​សំដៅ​អវិជ្ជមាន អំពី​នយោបាយ​ប្រទេស​រុស្ស៊ី។ ម៉្លោះហើយ​បាន​ជា​យុទ្ធសាស្ត្រ​ចែង​ថា “ត្រូវតែ​ប្រឆាំង​ទល់​នឹង​ការប៉ុនប៉ង​ណា​ដែល​ជះ​ឥទ្ធិពល​មក​លើ​ប្រជាជន​រុស្ស៊ី ជាពិសេស មក​លើ​យុវជន ប្រកប​ដោយ​ចេតនា បង្ហិនបង្ហោច បន្តិច​ម្តងៗ តម្លៃ​សាសនា​និង​តម្លៃ​សីលធម៌​ជា​ប្រពៃណី​របស់​រដ្ឋ​រុស្ស៊ី”។

គោលដៅមួយទៀត នៃ​យុទ្ធសាស្ត្រ គឺ ជួយ​ពួក​អ្នកកាសែត​រុស្ស៊ី ដែល​រមែង​រង​ការរើសអើង ដោយ​ចំហ​ត្រង់ៗ និង រាំងរា​ដោយ​ឧបសគ្គ​មិន​ចេះ​ចប់ ក្នុង​ការបំពេញ​មុខ​របរ​អាជីព​របស់​ខ្លួន។

យុទ្ធសាស្ត្រដែលមាន ក៏តាំង​គោលដៅ “អភិវឌ្ឍន៍​ប្រព័ន្ធ​ជាតិ​ខាង​ត្រួតពិនិត្យ​លើ”បណ្តាញ អ៊ិនធ័រនែត​រុស្ស៊ី ខណៈ​ដែល​លោក​ពូទីន បន្ទាប់ពី​គាត់​ជាប់​ឆ្នោត​ជា ប្រធានាធិបតី​អាណត្តិ​ថ្មី តាំងពី​ឆ្នាំ​២០១២​មក បាន​បង្កើន​ចំនួន​ច្បាប់​ដែល​រឹត​បន្តឹង​ការត្រួតពិនិត្យ​របស់​រដ្ឋ លើ​អ៊ិនធ័រនែត ក្រោម​ផ្លាក​ប្រយុទ្ធ​ទល់​នឹង​ពួក​ជ្រុលនិយម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ