អានតួអត្ថបទ
កម្ពុជា-អាមេរិក

លោក​ហ៊ុន សែន អំពាវនាវ​ឲ្យ​អាមេរិក​មក​យក​គ្រាប់​បែក​នៅ​សេស​សល់​ទៅ​វិញ​ជា​ជាង​ការ​ទារ​បំណុល​និង​មក​រក​ឆ្អឹង​ខ្មោច

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ប្រាប់​ទៅ​ខាង​អាជ្ញាធរ​កំចាត់​មីន​កម្ពុជា ឬ​CMAC អញ្ជើញ​ឯកអគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ទៅ​ទស្សនកិច្ច គ្រាប់​បែក​គីមី​ពី​សម័យ​សង្គ្រាម​នៅ​ខេត្ត​ស្វាយ​រៀង។ ការ​លើក​ឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ដូច្នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​រំលឹក​ពី​ការ​ទារ​បំណុល​របស់​អាមេរិក​ដែល​កម្ពុជា​ជំពាក់ ខណៈ​លោក​ចុះ​ជួប​កម្មករ​កាត់​ដេរ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ នៅ​សង្កាត់​ចាក់​អង្រែ​លើ ក្នុង​ខ័ណ្ឌ​មានជ័យ។

គ្រាប់​​បែក​គីមី​ដ៏​គ្រោះ​ថ្នាក់​របស់​សហរដ្ឋ​អាមេរិក នៅ​ខេត្ត​ស្វាយ​រៀង
គ្រាប់​​បែក​គីមី​ដ៏​គ្រោះ​ថ្នាក់​របស់​សហរដ្ឋ​អាមេរិក នៅ​ខេត្ត​ស្វាយ​រៀង @Fresh news
ផ្សាយពាណិជ្ជកម្ម

ជា​ថ្មី​ម្តង​ទៀត​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​សម្តែង​នូវ​ក្តី​សង្ឃឹម​ថា រដ្ឋាភិបាល​អាមេរិក នឹង​មក​យក​គ្រាប់​បែក​របស់​ខ្លួន​ដែល​ទំលាក់​លើ​ទឹក​ដី​កម្ពុជា កាល​ពី​សម័យ​ទសវត្ស​ឆ្នាំ​៧០ ត្រលប់​ទៅ​វិញ។ នៅ​ចំពោះ​មុខ​កម្មករ​ជាង​១​ម៉ឺន​នាក់ លោក ហ៊ុន សែន បាន​ប្រតិកម្ម​ទៅ​នឹង​ការ​ទារ​លុយ​ឥត​ឈប់​ឈរ ដែល​កម្ពុជា​ជំពាក់​អាមេរិក​ប្រមាណ​ជា​៥​រយ​លាន​ដុល្លារ កាល​ពី​ជំនាន់​សាធារណរដ្ឋ​ខ្មែរ​ដែល​ដឹក​នាំ​ដោយ​លោក​សេនា​ប្រមុខ​លន់ នល់។

លោក​នាយក​រដ្ឋមន្ត្រី​បន្ត​ថា បើ​អាច​ធ្វើ​ទៅ​បាន​សូម​កុំ​មក​យក​តែ​ឆ្អឹង​ខ្មោច ត្រូវ​ជួយ​យក​គ្រាប់​បែក​ដែល​នៅ​សេស​សល់​ទៅ​វិញ​ផង។ ការ​លើក​ឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​នៅ​ពេល​នេះ សំដៅ​ទៅ​លើ​គ្រាប់​បែក​គីមី ដែល​អង្គភាព​កំចាត់​មីន CMAC បាន​រក​ឃើញ​នៅ​ក្នុង​សាលារៀន​មួយ កន្លង​ទៅ​នេះ នៅ​ខេត្ត​ស្វាយ​រៀង​ ដោយ​លោក​ប្រាប់​ឲ្យ​ស៊ីម៉ាក់​អញ្ជើញ​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ទៅ​ទស្សនៈ​កិច្ច​គ្រាប់​បែក​គីមី​នោះ។

ទាក់​ទង​ទៅ​នឹង​បញ្ហា​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ដែល​បន្សល់​ទុក​ដោយ​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​កម្ពុជា ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​លោក William A. Heidt កាល​ពី​ថ្ងៃ​ទី​១២​កញ្ញា​កន្លង​ទៅ បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ថា អាមេរិក សូម​ទទួល​ស្គាល់​កេរ្តិ៍​ដំណែល​របស់​ខ្លួន​នៅ​ក្នុង​សង្គ្រាម​វៀតណាម។ លោក​ឯកអគ្គ​រដ្ឋ​ទូត​បញ្ជាក់​ថា អាមេរិក​មាន​ការ​ប្តេជ្ញា​ចិត្ត នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នៃ​កេរ្តិ៍​ដំណែល​នេះ ដោយ​មាន​ការ​អះ​អាង​ថា អាមេរិក​បាន​ផ្តល់​ប្រាក់​ជាង​១៦០ លាន​ដុល្លារ សំរាប់​ការងារ​លុប​បំបាត់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ។

ពាក់​កណ្តាល​នៃ​ប្រាក់​នេះ​ត្រូវ​បាន ប្រើ​សំរាប់​លុប​បំបាត់​យុទ្ធភណ្ឌ​ដែល​ទំលាក់​ដោយ​យន្តហោះ​អាមេរិក ​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​កម្ពុជា។ តែ​ប្រាក់​ចំនួន ពាក់​កណ្តាល​ទៀត​ត្រូវ​បាន​ប្រើ​សំរាប់​ដោះ​មីន​របស់​ចិន សូវៀត និង​វៀតណាម​នៅ​ភាគ​ខាង​លិច ប្រទេស នៅ​តាម​ចំការ​មីន​ដែល​មាន​គ្រោះ​ថ្នាក់​១០​ដង លើស​គ្រាប់ ដែល​ទំលាក់​ដោយ​អាមេរិក។ នេះ​បើ​តាម​លោក William A. Heidt។

ទោះ​យ៉ាង​ណា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​នេះ​ដែរ បាន​បញ្ជាក់​ថា​វា​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​អាមេរិក ហើយ​ឯកអគ្គ​រដ្ឋ​ទូត​អាមរិក​នឹង​ផ្តោត​លើ​បញ្ហា​នេះ មិន​អាច​ព្រលែង​ចោល​បាន​ទេ ជាក់​ស្តែង​គ្រាប់​បែក​គីមី​នៅ​ខេត្ត​ស្វាយរៀង ដោយ​លោក​ផ្តល់​យោបល់​ថា​អាមេរិក​អាច​នឹង​យក​ស្រុក​វិញ​ឬ​យក​ទៅ​បំផ្លាញ​ចោល​នៅ​ក្នុង​សមុទ្រ​ក៏​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ