អាមេរិកបន្តជួយសហការបោសសម្អាតមីន តែមិនបញ្ជាក់ថាត្រូវលុបបំណុលចោលនោះទេ!
ពីម្សិលមិញនេះ ឯកអគ្គរដ្ឋទូតអាមេរិក បានឲ្យដឹងថាអាមេរិកនឹងបន្តជួយសហការបោសសម្អាតមីននៅកម្ពុជា បន្តទៅទៀត ប៉ុន្តែលោក William A. Heidt មិនបានបញ្ជាក់ឲ្យច្បាស់ថាត្រូវលុបបំណុលចោលឬយ៉ាងណានោះទេ! ទោះយ៉ាងនេះក្តី ឯកអគ្គរដ្ឋទូតអាមេរិក លើកឡើងថា លោកបានជួបជជែកគ្នាទល់មុខគ្នាជាមួយក្រសួងសេដ្ឋកិច្ចរបស់ខ្មែរ រួចហើយ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:២៥
ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលជំនាញកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅខេត្តកំពង់ឆ្នាំង, ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បាននិយាយចំពោះមុខអ្នកកាសែតជាច្រើននាក់ និងអគ្គនាយកអាជ្ញាធរ CMAC ផងថា អាមេរិកនឹងនៅបន្តជួយកិច្ចសហការគម្រោងបោសសម្អាតមីនបន្តទៅទៀត។ ក្នុងកិច្ចជួយគាំពារនេះ គឺដោយសារមើលឃើញមូលហេតុ៣ជាចំបង គឺទី១ ដើម្បីសកម្មភាពមនុស្សធម៌ ទី២ ការបោលសម្អាតគ្រាប់មីន គឺជួយឲ្យរីកចម្រើនផ្នែកសេដ្ឋកិច្ចដល់កម្ពុជា ហើយទី៣ កម្ពុជាមានកំណត់ត្រាល្អខាងបោសសម្អាតមីន ពោលគឺមានភាពជាអ្នកដឹកនាំល្អខាងកម្ទាត់មីន។ ហើយសំខាន់ជាងនេះទៅទៀត លោក William A. Heidt បានគូសបញ្ជាក់ថា អាមេរិកនៅតែចងចាំនិងមានទំនួលខុសត្រូវចំពោះតួនាទីជាប្រវត្តិសាស្ត្ររបស់ខ្លួន ក្នុងសង្គ្រាមវៀតណាម និងដែលបានកើតឡើងរាលដាលផ្តល់ផលប៉ះពាល់នៅកម្ពុជា។
គួរបញ្ជាក់ថា ក្នុងសង្គ្រាមអាមេរិក-វៀតណាម នៅអំលុងទសវត្សរ៍១៩៦០ សហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែក ប្រមាណជិត៣លានតោន នៅតាមព្រំដែនខ្មែរភាគខាងកើត ដែលបណ្តាលឲ្យស្លាប់ពលរដ្ឋនិងបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន។ គ្រាប់បែកទាំងនោះ ខ្លះនៅមិនទាន់ផ្ទុះ និងកំពុងបង្កគ្រោះថ្នាក់យាយីដល់ប្រជាជនខ្មែរមកទល់សព្វថ្ងៃ។ ហេតុដូច្នេះហើយ ទើបលោក William A. Heidt បានរម្លឹកជាថ្មីថា គម្រោងជំនួយរបស់អាមេរិកសម្រាប់ការកម្ចាត់និងបោសសម្អាតមីននៅកម្ពុជា គឺចាប់ផ្តើមកិច្ចសហការ តាំងពីឆ្នាំ១៩៩៣មកម្ល៉េះ។
ឆ្លើយតបនឹងសំណួរអ្នកកាសែតជុំវិញបំណុលដែលខ្មែរជំពាក់អាមេរិកដោយសារតែការទិញអាវុធក្នុងជំនាន់ លន់ នល់វិញ, លោកឯកអគ្គរដ្ឋទូត ហាក់បាននិយាយយ៉ាងប្រុងប្រយ័ត្នបំផុត ដោយបញ្ជាក់ថាក្នុងដំណើរទស្សនកិច្ចរបស់លោក នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីនរបស់CMACលើកនេះ គឺដើម្បីនិយាយពីរឿងកិច្ចសហការគ្នាដោះនិងកម្ចាត់មីន មិនមែនមកនិយាយពីរឿងបំណុលនោះឡើយ។ តែទោះយ៉ាងណាក្តី ឯកអគ្គរដ្ឋទូតអាមេរិក បានឲ្យដឹងថា លោកបានឆ្លងកាត់ផ្លូវពីស្ថានទូតអាមេរិកទៅក្រសួងហរិញ្ញវត្ថុ ព្រោះទល់មុខគ្នាស្រាប់ ដើម្បីជជែកគ្នាពីរឿងបំណុលនេះ រួចហើយ។ ក៏ប៉ុន្តែ លោកពុំបានបញ្ជាក់ឲ្យច្បាស់ដាច់ណាត់ថា អាមេរិកព្រមលុបឬយ៉ាងណាទេ។
គួរបញ្ជាក់ថា តាមផ្លូវការ បំណុលខ្មែរជំពាក់អាមេរិក មានចំនួនប្រហែល៥ពាន់លានដុល្លារ និងដែលប្រមុខរដ្ឋាភិបាលខ្មែរ ធ្លាប់បានចាត់ទុកថា ជាបំណុលកខ្វក់ ព្រោះដោយសារតែគ្រាប់មីន-គ្រាប់បែកនោះ បានសម្លាប់ខ្មែរហើយ នៅទារលុយពីខ្មែរថែមទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ