អានតួអត្ថបទ
កម្ពុជា

លោក ហ៊ុន សែន ចេញមុខ​បដិសេធ​ពាក្យ​ចចាម​អារាម​ថា​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់

លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ បាន​ចេញ​មុខ​បដិសេធ​ចោល​ពាក្យ​ចចាម​អារាម ដែល​បន្ទរ​ត​គ្នា​ថា លោក​កំពុង​នៅ​បរទេស​ព្យាបាល​ជំងឺ ក្រោយ​ពេល​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​​។ ​តាម​រយៈ​វីដេអូ​ឃ្លីបលើទំព័រ​ហ្វេសប៊ុក លោក​នាយករដ្ឋ​មន្ដ្រី បញ្ជាក់​ថា លោក​កំពុង​មាន​វត្តមាន​នៅ​រាជធានី​ភ្នំពេញ​។ ហើយ​ពាក្យ​ចចាមអារាម​ទាំង​ឡាយ​គួរ​ត្រូវ​លុប​បំបាត់​។

រូបភាព​ពី​វីដេអូ​ឃ្លីប​របស់​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន ថ្ងៃ​ទី​១៥ កក្កដា ២០១៧
រូបភាព​ពី​វីដេអូ​ឃ្លីប​របស់​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន ថ្ងៃ​ទី​១៥ កក្កដា ២០១៧
ផ្សាយពាណិជ្ជកម្ម

ស្ថិត​នៅ​ក្នុង​រថយន្ត លោក នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន ដែល​មាន​ទឹក​មុខ​ស្រស់​ស្រាយ​ប្រក្រតី បាន​អះអាង​ថា លោក​កំពុង​ធ្វើ​ដំណើរ​សង្កេត​មើល​ទី​ក្រុង​ភ្នំពេញ ហើយ​ត្រូវ​ស្ទះ​ចរាចរណ៍​ដូច​អ្នក​ធ្វើ​ដំណើរ​ទូទៅ​ដែរ​។ តាម​រយៈ​ឃ្លីប​វីដេអូ​រយៈ​ពេល​ជាង​១​នាទី លោក ហ៊ុន សែន ចង់​គូស​បញ្ជាក់​ជូន​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​​​ជ្រាប​ថា លោក​មិន​មែន​កំពុង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ហើយ​ត្រូវ​បញ្ជូន​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ដើម្បី​ព្យាបាល ដូច​ពាក្យ​ចចាម​អារាម​មួយ​ចំនួន​ទេ​។

សូម​បញ្ជាក់​ថា ក្នុង​រយៈ​ពេល​ពីរ​បី​សប្ដាហ៍​ចុង​ក្រោយ​នេះ ពាក្យ​ចចាមអារាម​ស្ដី​ពី​ការ​ធ្លាក់​ខ្លួន​ឈឺ​របស់​ប្រមុខ​រដ្ឋាភិបាល ត្រូវ​បាន​បន្ទរ​តាម​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។ ពាក្យ​ចចាម​អារាម​នេះ កើត​ឡើង​ដោយ​សារ​តែ​កិច្ច​ប្រជុំ​គណៈរដ្ឋ​មន្ដ្រី ដែល​​​រៀបចំ​ធ្វើ​ជា​រៀងរាល់​ថ្ងៃ​សុក្រ ត្រូវ​បាន​លើក​ពេល​អស់​៤​​សប្ដាហ៍​មក​ហើយ​។ ពោល​គឺ​ចាប់​តាំង​ពី​ថ្ងៃ​សុក្រ​ទី​២៣​មិថុនា​រហូត​មកម្ល៉េះ​។ កន្លង​មក អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​អ្នកនាំ​ពាក្យ​ទី​ស្ដី​ការ​គណៈរដ្ឋ​មន្ដ្រី បាន​អះអាង​ស្រប​គ្នា​ថា លោក​នាយករដ្ឋ​មន្ដ្រី មាន​វត្តមាន​នៅ​ក្នុង​ប្រទេស ប៉ុន្តែ​ការ​បញ្ជាក់​នេះ មិន​អាច​ជម្រះ​មន្ទិស​សង្ស័យ​អំពី​ការ​ធ្លាក់​ខ្លួន​ឈឺ​របស់​ប្រមុខ​រដ្ឋាភិបាល​ឡើយ​។

យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​វីដេអូ​ចេញ​ផ្សាយ​នៅ​ថ្ងៃសៅរ៍​នេះ លោក ហ៊ុន សែន សង្ឃឹម​ថា ការ​ចេញ​មុខ​បក​ស្រាយ​របស់​លោកនឹង​អាច​លុប​បំបាត់​ពាក្យ​ចចាមអារាម​អំពី​ការ​ធ្លាក់​ខ្លួន​ឈឺ​របស់​លោក​បាន​។ សម្រាប់​លោក​នាយករដ្ឋ​មន្ដ្រី ពាក្យ​ចចាមអារាម​នេះ គឺ​ជា​រឿង​ដ៏​អកុសល ហើយលោក​ចង់​ឲ្យ​សាធារណជន​ទូទៅ​ពិនិត្យ​មើល​ពី​ចេតនា​​របស់​អ្នក​ដែល​បង្កើតពាក្យ​ចចាម​អារាម​​ផង ថា​មាន​បំណង​អ្វី​ឲ្យ​ពិត​ប្រាកដ​។ យោង​តាម​លោក ហ៊ុន សែន ​ប្រសិន​បើនាយករដ្ឋ​មន្ដ្រី​បាត់​បង់​តំណែង​ជា​ស្ថាពរ​​ដូច​ពាក្យ​ចចាមអារាម​មែន នោះ​ប្រទេស​​នឹង​ត្រូវ​ជួប​រឿង​ច្របូក​ច្របល់​យ៉ាង​ពិត​ប្រាកដ​។ ប៉ុន្តែ​លោក​សុំ​ឲ្យ​​​ប្រជាពលរដ្ឋ ទុក​ចិត្ត​លើ​ការ​ទទួល​ខុស​ត្រូវ​របស់​លោក​ ក្នុង​នាម​ជា​នាយករដ្ឋ​មន្ដ្រី។

គួរ​កត់​សម្គាល់​ផង​ដែរ​ថា នេះ​គឺ​ជា​លើក​ទី​២​ហើយ​ក្នុង​ខែ​កក្កដា​នេះ ដែលលោក​នាយករដ្ឋ​មន្ដ្រី​ប្រតិកម្ម​លើ​ពាក្យ​ចាចាម​អារាម​ថា​លោក​ធ្លាក់​ខ្លួន​ឈឺ​ និង​កំពុង​ព្យាបាល​ខ្លួន​នៅ​បរទេស​។ កាល​ពី​ថ្ងៃ​ទី​១០​កក្កដា លោក​បាន​សរសេរ​សួរ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា តើ​លោក​ត្រូវ​តែ​ប្រាប់​មនុស្ស​គ្រប់​គ្នា​ថា លោក​កំពុង​ស្ថិត​នៅ​ទី​ណា​ដែរ​ឬ​ទេ? និង​ថា​ បើ​ទោះ​បី​ជា​លោក​ស្ថិត​នៅ​ទី​ណា ក៏​លោក​មាន​លទ្ធភាព​ដឹក​នាំ​កិច្ច​ការ​ប្រទេស​ជាតិ ពិសេស​បង្ក្រាប​លើ​ការ​បង្ក​ចលាចល​របស់​ក្រុម​ជនពាល និង​ក្រុម​ជ្រុល​និយម​បាន​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ