លោក សម រង្ស៊ី ជូនពរលោក ហ៊ុន សែន ឲ្យឆាប់ជាសះស្បើយពីជំងឺ
អតីតប្រធានគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា លោក សម រង្ស៊ី ជូនពរលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ឲ្យឆាប់ជាសះស្បើយពីជំងឺ។ ការជូនពរនេះធ្វើឡើងតាមរយៈទំព័រ Twitter របស់លោក សម រង្ស៊ី កាលពីថ្ងៃសុក្រ ទី៥ ឧសភា ម្សិលមិញ។ អ្នកតាមដានព្រឹត្តិការណ៍នយោបាយបានចាត់ទុកការជូនពររបស់លោក សម រង្ស៊ី ថា ជាការគួរសមរបស់អ្នកនយោបាយ ដែលឆ្លុះបញ្ចាំងឲ្យឃើញថា បើទោះបីជាឈ្លោះគ្នាខ្លាំងយ៉ាងណា ក៏អ្នកនយោបាយមិនទុកគ្នាជាសត្រូវដែរ គឺនៅតែអាចសម្ដែងសមានចិត្តស្រឡាញ់រាប់អានគ្នាបានជាដរាប។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:០៣
«ខ្ញុំសូមជូនពរលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ឲ្យឆាប់ជាសះស្បើយពីជំងឺ»។ នេះគឺជាអ្វីដែលលោក សម រង្ស៊ី សរសេរនៅលើបណ្ដាញសង្គម Twitter របស់លោក នៅថ្ងៃទី៥ឧសភា។ ការជូនពររបស់អតីតប្រធានបក្សប្រឆាំងនេះ ធ្វើឡើងខណៈពេលដែលប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន កំពុងតែសម្រាកព្យាបាលជំងឺនៅឯប្រទេសសិង្ហបុរី។
សូមជម្រាបជូនថា លោកនាយករដ្ឋមន្ដ្រី បានធ្លាក់ខ្លួនឈឺ និងចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅប្រទេសសិង្ហបុរី តាំងតែពីថ្ងៃទី៣ខែឧសភាមកម្ល៉េះ។ នៅលើទំព័រហ្វេសប៊ុក លោក ហ៊ុន សែន បានបង្ហោះរូបថតរបស់លោកសម្រាកនៅលើគ្រែក្នុងមន្ទីរពេទ្យ ភ្ជាប់ជាមួយសារពន្យល់ថា ការធ្លាក់ខ្លួនឈឺរបស់លោក បណ្ដាលមកពីការហត់នឿយខ្លាំងពេក។ ប៉ុន្តែលោកនឹងវិលត្រឡប់មកបំពេញការងារជាធម្មតាវិញ នៅថ្ងៃទី៧ឧសភា។
ចំពោះការជូនពររបស់លោកសម រង្ស៊ី ឲ្យលោកនាយករដ្ឋមន្ដ្រីឆាប់ជាសះស្បើយពីជំងឺ អ្នកតាមដានព្រឹត្តិការណ៍នយោបាយបានចាត់ទុកថា ជាការគួរសមរបស់អ្នកនយោបាយ។ បើទោះបីជាឥឡូវនេះ លោក សម រង្ស៊ី លាឈប់ពីគណបក្សនយោបាយក៏ដោយ ក៏ប្រវត្តិទំនាក់ទំនងរវាងលោកទាំងពីរនៅលើឆាកនយោបាយកន្លងមក វាច្រើនល្មមគ្រប់គ្រាន់ណាស់ទៅហើយ ដើម្បីឲ្យលោក សម រង្ស៊ី សម្ដែងសមានចិត្តចំពោះលោកនាយករដ្ឋមន្ដ្រី។ និងថា បើទោះបីជាឈ្លោះគ្នាខ្លាំងយ៉ាងណា ក៏អ្នកនយោបាយមិនទុកគ្នាជាសត្រូវដែរ គឺនៅតែអាចសម្ដែងសមានចិត្តស្រឡាញ់រាប់អានគ្នាបានជាដរាប។
អ្នកតាមដានព្រឹត្តិការណ៍នយោបាយដដែលកត់សម្គាល់ថា ការសម្ដែងសមានចិត្តរវាងអ្នកនយោបាយគូបដិបក្ខនៅស្រុកខ្មែរ មិនមែនជារឿងថ្មីទេ។ ជាក់ស្ដែង លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ធ្លាប់ផ្ញើសាររំលែកទុក្ខ លោកស្រី ជូឡុង សូមូរ៉ា ភរិយាលោក សម រង្ស៊ី ចំពោះមរណភាពមាតាបង្កើតរបស់លោកស្រី កាលពីខែវិច្ឆិកាឆ្នាំមុន។ ចំណែកលោក សម រង្ស៊ី អតីតប្រធានបក្សប្រឆាំងវិញ ធ្លាប់ផ្ញើសាររំលែកទុក្ខជូនប្រមុខរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ២០១៣ នៅពេលបិតារបស់លោកនាយករដ្ឋមន្ដ្រី ទទួលមរណភាព។ សាររំលែកទុក្ខកាលណោះ បានធ្វើឲ្យលោកនាយករដ្ឋមន្ដ្រី ទន់ចិត្ត ស្នើសុំព្រះមហាក្សត្រព្រះរាជទានលើកលែងទោស និងអនុញ្ញាតឲ្យលោកសម រង្ស៊ី បានវិលចូលស្រុកវិញថែមទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ