អានតួអត្ថបទ
កម្ពុជា

លោក ហ៊ុន សែន ផ្តាំ​ទៅ​កាន់​អ្នក​ប្រឆាំង កុំ​ឲ្យ​រំពឹង​លើ​បញ្ហា​សុខភាព ដើម្បី​ផ្តួល​រំលំ​លោក​ចេញ​ពី​អំណាច

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ទី​ ០៨ ឧសភា​នេះ បាន​បង្ហាញ​មុខ​ជា​សាធារណៈ​ជា​លើក​ដំបូង ជាមួយ​នឹង​សុខភាព​ល្អ​ធម្មតា បន្ទាប់​ពី​លោក​បាន​វិល​ត្រលប់​មក​ពី​ពិនិត្យ​មើល​សុខភាព​នៅ​ឯ​ប្រទេស​សិង្ហបុរី។ កាល​ពី​សប្តាហ៍​មុន លោក ហ៊ុន សែន បាន​សម្រេច​លុប​ចោល​កម្មវិធី​ជួប​ជុំ​មួយ​ចំនួន ដោយ​សារ​តែ​លោក​មាន​បញ្ហា​សុខភាព។ ប៉ុន្តែ​នៅ​ក្នុង​ទិវា​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម​ខួប​លើក​ទី​ ១៥៤ នាទី​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​នេះ លោក​នាយក​រដ្ឋមន្រ្តី បាន​ផ្តាំ​ទៅ​កាន់​អ្នក​ដែល​ប្រឆាំង​នឹង​រូប​លោក​ថា សូម​កុំ​ឲ្យ​រំពឹង​លើ​បញ្ហា​សុខភាព​របស់​លោក​ ដើម្បី​ផ្តួល​រំលំ​លោក​ចេញ​ពី​អំណាច។

លោក ហ៊ុន សែន ផ្តាំ​ទៅ​កាន់​អ្នក​ប្រឆាំង កុំ​ឲ្យ​រំពឹង​លើ​បញ្ហា​សុខភាព ដើម្បី​ផ្តួល​រំលំ​លោក​ចេញ​ពី​អំណាច
លោក ហ៊ុន សែន ផ្តាំ​ទៅ​កាន់​អ្នក​ប្រឆាំង កុំ​ឲ្យ​រំពឹង​លើ​បញ្ហា​សុខភាព ដើម្បី​ផ្តួល​រំលំ​លោក​ចេញ​ពី​អំណាច @Samdech Hun Sen, Cambodia Prime Minister
ផ្សាយពាណិជ្ជកម្ម

ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​សមាជិក-​សមាជិកា​កាក​បាទ​ក្រហម អឌ្ឍចន្ទ​ក្រហម (Red Cross) និង​សមាជិក​រាជរដ្ឋា​ភិបាល រដ្ឋសភា ព្រឹទ្ធសភា អ្នក​ជំនួញ អ្នក​ឧកញ៉ា និង​អ្នក​មុខ​អ្នក​ការ​រាប់​រយ​នាក់ នៅ​ក្នុង​ពិធី​អបអរ​សាទរ​ទិវា​កាក​បាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ខួប​លើក​ទី ១៥៤ ដោយ​បាន​ផ្តាំ​ទៅ​កាន់​អ្នក​ប្រឆាំង​នឹង​រូប​លោក សូម​កុំ​ឲ្យ​រំពឹង​លើ​បញ្ហា​សុខភាព​របស់​លោក ដើម្បី​ផ្តួល​រំលំ​លោក​ចេញ​ពី​អំណាច។លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ទេវតា​បាន​ចារ​ឲ្យ​លោក​នៅ​ទី​នេះ ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​សូម​កុំ​រំពឹង​ថា អាច​ផ្តួល​រំលំ​លោក​ចេញ​ពី​អំណាច ដោយ​សារ​តែ​ការ​រង​ចាំ​ឱកាស​នៃ​បញ្ហា​សុខភាព​របស់​លោក ឬ​ការ​ស្លាប់​របស់​លោក​ឲ្យ​សោះ។

គួរ​ជំរាប​ជូន​ថា លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​សប្តាហ៍​មុន​នេះ បាន​សម្រេច​លុប​ចោល​កម្មវិធី​ដែល​បាន​គ្រោង​ទុក​មួយ​ចំនួន ដូច​ជា​ជំនួប​ជាមួយ​មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី ០៤ ឧសភា និង​ជំនួប​ជាមួយ​អ្នក​ការ​ទូត​បរទេស​មួយ​ចំនួន​ទៀត ដូច​ជា ប្រទេស​ជប៉ុន ឥណ្ឌា និង​បារាំង ផងដោយ​សារ​តែ​លោក​ត្រូវ​ទៅ​ពិនិត្យ​សុខភាព​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ជា​បន្ទាន់។ ដំណឹង​នេះ ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង បន្ទាប់​ពី​លោក​បាន​សរសេរ​នៅ​លើ​គណនេយ្យ​ហ្វេសបុក (Facebook) ផ្លូវ​ការ​របស់​លោកដោយ​មាន​ភ្ជាប់​ជាមួយ​រូប​ថត​នៅ​លើ​គ្រែ​ពេទ្យ កាល​ពី​ថ្ងៃ​ទី ០៤ ឧសភា។ ប៉ុន្តែ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែល​បាន​ដឹក​នាំ​ប្រទេស​កម្ពុជា​ជាង ៣​ទស្សវត្សន៍​មក​នេះ មិន​បាន​ប្រកាស​ថា លោក​មាន​ជម្ងឺ​អ្វី​នោះ​ទេ។

យ៉ាង​ណា​ក៏​ដោយ នៅ​ព្រឹក​មិញ​នេះ លោក​នាយក​រដ្ឋមន្រ្តី បាន​ឆ្លៀត​ថ្លែង​អំណរគុណ​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា មន្រ្តី​រាជការ និង​ថ្នាក់​ដឹក​នាំ​មួយ​ចំនួន​ទៀត ដែល​បាន​ផ្ញើ​សារ​ជូន​ពរ​លោក ឲ្យ​មាន​សុខភាព​ល្អ និង​ឆាប់​ជា​សះ​ស្បើយ​ពី​ជម្ងឺ។ ហើយ​ក្នុង​ចំណោម​អ្នក​ដែល​បាន​ផ្ញើ​សារ​ជូន​ពរ​ទាំង​នោះ ក៏​មាន​សារ​ជូន​ពរ​ពី​អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិលោក សម រង្ស៊ី ផង​ដែរ។

សូម​បញ្ជាក់​ថា លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ទើប​តែ​បាន​វិល​ត្រលប់​មក​ពី​ប្រទេស​សិង្ហបុរី​វិញ កាល​ពី​រសៀល ថ្ងៃ​ទី ៧ ឧសភា ម្សិល​មិញ​នេះ។ លោក​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសបុក​របស់​លោក​ថា លោក​បាន​វិល​ត្រឡប់​មក​ដល់​កម្ពុជា​វិញជាមួយ​នឹង​សុខភាព​យ៉ាង​ល្អ​ប្រសើរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ