អានតួអត្ថបទ
កូរ៉េខាងត្បូង-រុស្ស៊ី

កូរ៉េខាងត្បូងអះអាងថា បានបាញ់ព្រមាន​យន្តហោះរុស្ស៊ី ដែលរំលោភ​ចូល​ដែន​អាកាសកូរ៉េខាងត្បូង

យន្តហោះចម្បាំង​កូរ៉េខាងត្បូង នៅថ្ងៃ​ព្រឹកថ្ងៃអង្គារនេះ​បាន​បាញ់ព្រមាន បណ្តេញ​យន្តហោះ​ទម្លាក់គ្រាប់បែក​រុស្ស៊ី ដែល​បានរំលោភ​ឆ្លងចូល​ខុសច្បាប់​ក្នុងដែន​អាកាស​កូរ៉េខាងត្បូង។ នេះ​បើតាម​ក្រសួងការពារ​ជាតិ​កូរ៉េខាងត្បូង។ ទីក្រុង​ម៉ូស្គូ​វិញ​បាន​បដិសេធ ការលើកឡើង​របស់​ទីក្រុង​សេអ៊ូល និង​ថា យន្តហោះ​យោធា​របស់​ខ្លួន​បាន​ហោះ​ក្នុង​ដែនអាកាស​អន្តរជាតិ​តែប៉ុណ្ណោះ។ 

យន្តហោះចម្បាំង​កូរ៉េខាងត្បូង F-15K នៅក្នុង​សមយុទ្ធ កាលពី​ថ្ងៃទី ១៣​កញ្ញា ឆ្នាំ ២០១៧
យន្តហោះចម្បាំង​កូរ៉េខាងត្បូង F-15K នៅក្នុង​សមយុទ្ធ កាលពី​ថ្ងៃទី ១៣​កញ្ញា ឆ្នាំ ២០១៧ ©South Korean Defence Ministry / AFP
ផ្សាយពាណិជ្ជកម្ម

តាម​ក្រសួង​ការពារ​ជាតិ​កូរ៉េខាងត្បូង យន្តហោះ​ទម្លាក់​គ្រាប់បែក​រុស្ស៊ី បាន​ហោះ​រំលោភ​ចូល​ក្នុង​ដែន​អាកាស​កូរ៉េខាងត្បូង ដល់​ទៅ​២​ដង នៅ​ព្រឹក​ថ្ងៃអង្គារ ដែល​តម្រូវ ឲ្យ​យន្តហោះ​ចម្បាំង​កូរ៉េខាងត្បូង​បាញ់​ព្រមាន​ ​ជិត ៤០០​លើក។ ឧប្បត្តិហេតុ​នេះ កើតឡើង​នៅ​ភាគខាងកើត​កូរ៉េខាងត្បូង នៅ​ម្តុំ​ពី​លើ​ប្រជុំ​កោះ ដុកដូរ ដែល​កូរ៉េខាងត្បូង​កំពុង​ឈ្លោះ​ដណ្តើមគ្នា​ជាមួយ​ប្រទេស​ជប៉ុន។ ចាប់តាំង​ពី​ចប់​សង្រ្គាម​កូរ៉េ​នៅ​ឆ្នាំ ១៩៥៣ នេះ​ជា​លើកទី១​ដែល​មាន​យន្តហោះ​ចម្បាំង​រុស្ស៊ី រំលោភ ហោះចូល​ក្នុង​ដែន​អាកាស​កូរ៉េខាងត្បូង។

នៅ​ក្នុង​សំបុត្រ​ផ្ញើ​ទៅកាន់​លេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​រុស្ស៊ី នៅ​ថ្ងៃ​នេះ ទីប្រឹក្សា​សន្តិសុខ​ជាតិ​កូរ៉េខាងត្បូង លោក ជុង អីយ៉ុង បាន​ព្រមាន​ពី​ផលវិបាក​ធ្ងន់ធ្ងរ បើសិន​មាន​ការរំលោភ​សា​ជា​ថ្មី ពី​សំណាក់​ភាគី​រុស្ស៊ី។

ទីក្រុង​ម៉ូស្គូ​វិញ តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការពារ​ជាតិ​បាន​បដិសេធ ភ្លាម ទាត់ចោល​ការចោទប្រកាន់​របស់​កូរ៉េខាងត្បូង​ទាំង​រឿង​រំលោភ​ចូល​ក្នុង​ដែន​អាកាស ហើយ​និង​រឿង​បាញ់​ព្រមាន​ពីសំណាក់​យន្តហោះ​ចម្បាំង​កូរ៉េខាងត្បូង។ តាម​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី យន្តហោះ​ទម្លាក់គ្រាប់បែក​រុស្ស៊ី​បាន​ហោះ នៅ​ពី​លើ​ដែន​សមុទ្រ​អន្តរជាតិ ហើយបើសិន​មាន​ការបាញ់​ព្រមាន​ពីខាង​កូរ៉េខាងត្បូង​មែន នោះ​ប្រាកដ​ជា​មាន​គ្រោះថ្នាក់​ធំ ព្រោះថា កងទ័ព​រុស្ស៊ី មុខ​ជា​នឹង​បាញ់​តប​វិញ​ជា​មិនខាន។

សម្រាប់​ក្រសួងការពារ​ជាតិ​រុស្ស៊ី គឺ​ទីក្រុង​សេអ៊ូល ដែល​បាន​កំណត់ ដែន​អាកាស​យោធា​របស់​ខ្លួន ដោយ​ឯកតោភាគី ដោយ​គ្មានការទទួល​ស្គាល់​ពី​អន្តរជាតិ ហើយ​និង​ភាគី​រុស្ស៊ី។

មួយវិញទៀត កងទ័ព​រុស្ស៊ី បាន​ចោទប្រកាន់​ផងដែរ អ្នកបើក​យន្តហោះ​ចម្បាំង​កូរ៉េខាងត្បូង ២គ្រឿង ថា គ្មាន​វិជ្ជាជីវៈ គំរាមកំហែង​ដល់​សន្តិសុខ កងទ័ព​រុស្ស៊ី ដោយ​បាន​បើក​កាត់មុខ កាត់ផ្លូវ យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្រ្ត​របស់​រុស្ស៊ី ដែល​កំពុង​ធ្វើ​សមយុទ្ធ នៅ​ពីលើ​ដែន​សមុទ្រ​អន្តរជាតិ។ “អ្នកបើក​យន្តហោះ​ចម្បាំង​កូរ៉េខាងត្បូង​មិន​បានទាក់ទង​ជាមួយ​ភាគី​យន្តហោះទម្លាក់គ្រាប់បែក​រុស្ស៊ី​នោះទេ ហើយ​ក៏គ្មាន​ការបាញ់​រះ ព្រមាន​ពី​សំណាក់​យន្តហោះ​កូរ៉េខាងត្បូងដែរ”។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការពារ​ជាតិ​រុស្ស៊ី។

ឧប្បត្តិហេតុ វិះតែ​ប៉ះទង្គិច​គ្នា ជាមួយ​យន្តហោះ​ចម្បាំង​រុស្ស៊ី ឧស្សាហ៍​កើតមាន​ណាស់ នៅ​ម្តុំ​សមុទ្រ​បាល់ទិក ជាទី​ដែល​យន្តហោះ ចម្បាំង​របស់​ប្រទេស​លោកខាងលិច ហើយ​និង​រុស្ស៊ី បាន​ចោទប្រកាន់​គ្នា​ទៅវិញ ទៅមក បាន​ហោះ​រំលោភ​ចូល​ក្នុង​ដែន​អាកាស ឬ​ចូល​កៀក​ដែនអាកាស​របស់ខ្លួន រៀងៗខ្លួន។ យន្តហោះ​រុស្ស៊ី ៦​គ្រឿង ដែលនៅក្នុង​នោះ​មាន​យន្តហោះ​ទម្លាក់គ្រាប់បែក​យុទ្ធសាស្រ្ត​រុស្ស៊ី​ផងដែរ ត្រូវ​បាន​យន្តហោះ​ចម្បាំង​អាមេរិកាំង ហោះ​អម បង្ខំ​ឲ្យ​ចាកចេញ​ពី​ដែន​អាកាស Alaska ម្តងហើយ កាលពី​ខែ​ឧសភា​កន្លងទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ