អានតួអត្ថបទ
ឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ី រងគ្រោះ​សាជាថ្មី ដោយសារ​គ្រោះរញ្ជួយដី និង​រលក​យក្សស៊ូណាមី

គ្រោះរញ្ជួយដី និង​រលកយក្ស​ស៊ូណាមី​បាន​វាយប្រហារ ទៅលើ​កោះ​មួយ​របស់​ឥណ្ឌូណេស៊ី កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ។ តួលេខផ្តល់​ដោយ​មន្ទីរពេទ្យ បាន​បង្ហាញ​ថា ចំនួន​អ្នកស្លាប់​មាន​ជិត ៤០០​នាក់ ហើយ​និង​របួស ជាង​៥០០​នាក់ ចំណែក​សំណង់​រាប់ពាន់​កន្លែង ដូចជា​ផ្ទះ មន្ទីរពេទ្យ សណ្ឋាគារ ផ្សារទំនើប ហើយ​និង​ស្ពាន បាន​បាក់ស្រុត ដោយសារ​តែ​គ្រោះរញ្ជួយដី ហើយ​និង​ការបោកវាយ​របស់​រលក​យក្ស​ស៊ូណាមី។ អ្នកនាំពាក្យ​របស់​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ព្រមាន​ពីការកើនឡើង​នៃ​តួលេខ​ជនរងគ្រោះ​ដោយ​សារ​គ្រោះមហន្តរាយ​ធម្មជាតិ​លើកនេះ។ 

សំណង់បាក់បែក​នៅ​ក្រុង​Palu ដោយសារ​គ្រោះរញ្ជួយដី​នៅថ្ងៃ​សុក្រទី ២៨ កញ្ញា ២០១៨
សំណង់បាក់បែក​នៅ​ក្រុង​Palu ដោយសារ​គ្រោះរញ្ជួយដី​នៅថ្ងៃ​សុក្រទី ២៨ កញ្ញា ២០១៨ ©Antara Foto/Rolex Malaha via REUTERS
ផ្សាយពាណិជ្ជកម្ម

គ្រោះរញ្ជួយដី ក្នុង​កម្រិត ៧,៥​មាត្រដ្ឋាន​រិចទែរ បាន​បណ្តាល​ឲ្យ​មាន​ទឹករលក​កំពស់​ជិត ៦ម៉ែត្រ បោកវាយ​ទៅលើ​ទីក្រុង​ជាប់ឆ្នេរ សមុទ្រ Palu របស់​កោះ ស៊ូឡាវេស៊ី Sulawesi​របស់​ឥណ្ឌូណេស៊ី។ ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ឥណ្ឌូណេស៊ី បាន​ទទួល​តួលេខ​ពី​មន្ទីរពេទ្យ​ដែល​បង្ហាញ​ពី​ចំនួន​អ្នកស្លាប់​កើនឡើង​ដល់​៣៨៤នាក់ និង​អ្នករងរបួស​ធ្ងន់ ៥៤០នាក់ ដោយសារ​គ្រោះរញ្ជួយដី និង​រលកយក្ស​ស៊ូណាមី កាលពី​ថ្ងៃ​សុក្រ។

តាមអ្នកនាំពាក្យ​របស់​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ នៅពេល​គេ​ប្រកាស​ព្រមាន​ពី​រលកយក្ស​ស៊ូណាមី មនុស្សម្នារ​ស្ថិតនៅ​លើ​ឆ្នេរ​នៅឡើយ គឺ​មិនបាន​រត់គេច​ចេញ​ភ្លាមៗនោះទេ។ នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ មនុស្ស​រាប់រយ​នាក់​បាន​ជួបជុំ​គ្នា នៅលើ​ឆ្នេរ​ក្នុងទីក្រុង​Palu ដើម្បី​ត្រៀម​រៀបចំ​ប្រារព្ធ​ខួប​ទីក្រុង នៅ​យប់​ថ្ងៃ​សុក្រ។ មន្រ្តី​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ព្រួយ​បារម្ភ​ផងដែរ​ពី​ជោគវាសនា​របស់​មនុស្ស​រាប់រយ​នាក់ផ្សេងទៀត ដែល​អាច​នៅ​ជាប់សង្កត់ ក្រោម​បំណែកថ្ម​បាក់បែក​របស់​អគារ​ផ្សារ​ទំនើប ហើយ​និង​សណ្ឋាគារ។

គ្រោះរញ្ជួយដី​និង​រលកយក្ស​ស៊ូណាមី​បាន​បំផ្លាញ​ផងដែរ ព្រលានយន្តហោះ និង​បណ្តាញ​អគ្គិសនី ដែល​ធ្វើ​ឲ្យ​អាជ្ញាធរ​ពិបាក​នឹង​ទាក់ទងគ្នា ដើម្បី​ផ្តល់ជំនួយ​សង្រ្គោះ​បន្ទាន់។ តាម​ក្រសួង​សន្តិសុខជាតិ​ឥណ្ឌូណេស៊ី យន្តហោះ​យោធា ដឹកជំនួយ មនុស្សធម៌​បាន​ហោះ​ចេញ​រួចហើយ​ពី​ទីក្រុង​ហ្សាកាតា ប៉ុន្តែ ប្រតិបត្តិការ​ជួយ​សង្រ្គោះ មិនទាន់​អាច​ធ្វើទៅបាន​ដោយសារ​តែ​ព្រលាន​យន្តហោះ​របស់ទីក្រុង​ត្រូវ​បាន​បំផ្លាញ។

គ្រោះរញ្ជួយដី​កាលពី​ថ្ងៃ​ម្សិលមិញ ក្នុង​កម្រិត ៧,៥​មាត្រដ្ឋាន​រិចទែរ មាន​កម្លាំង​ខ្លាំង​ជាង​គ្រោះរញ្ជួយដី ដែល​បាន​វាយប្រហារ​ដល់ទៅពីរដង ​កោះ​Lambok កាលពី​ខែ​កក្កដា និង​សីហា​កន្លងទៅ និងដែល​បាន​សម្លាប់មនុស្ស​សរុប​ជាង ៥០០នាក់។

ឥណ្ឌូណេស៊ី ដែល​ជាប្រជុំ​កោះ ស្ថិត នៅ​លើ​បណ្តោយ ខ្សែក្រវ៉ាត់​ភ្នំភ្លើង​របស់​មហាសមុទ្រ ប៉ាស៊ីហ្វិក ឧស្សាហ៍​ជួប​រងគ្រោះ​ជាញឹកញាប់ ដោយសារ​គ្រោះរញ្ជួយដី និង​រលកយក្ស​ស៊ូណាមី។ គ្រោះរញ្ជួយដី ដែលកាច​អាក្រក់​ជាងគេ គឺ​គ្រោះរញ្ជួយដី កាលពី​ឆ្នាំ ២០០៤ ដែល​មាន​កម្រិត​៩,១មាត្រដ្ឋាន​រិចទែរ និង​ដែល​បង្ក​ជា​រលកយក្ស​ស៊ូណាមី សម្លាប់មនុស្ស ២២០ ០០០នាក់ នៅ​អាស៊ី ដែល​នៅ​ក្នុង​នោះ មាន​ជាង ១សែន ៦ម៉ឺននាក់ នៅ​ឥណ្ឌូណេស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ