អានតួអត្ថបទ
ឥណ្ឌូណេស៊ី

រញ្ជួយដី​នៅ​ឥណ្ឌូណេស៊ី ស្លាប់​យ៉ាង​ហោច​៩១នាក់

ប្រទេសឥណ្ឌូណេស៊ី បានជួបគ្រោះរញ្ជួយដី កាលពីថ្ងៃអាទិត្យទី៥សីហា នៅតំបន់​កោះ​ឡំបុក ដែល​ជា​កោះ​ទេសចរណ៍​ដ៏ល្បី​មួយ របស់ឥណ្ឌូណេស៊ី ហើយស្ថិតនៅប៉ែកខាងកើត កោះបាលី និងកោះហ្សាវ៉ា។ គិតមកត្រឹមពេលនេះ អាជ្ញាធរបានប្រមូលសាកសពមនុស្ស ប្រមាណ៩១នាក់ហើយ ហើយប្រតិបត្តិការរុករកនេះ នៅតែបន្តទៀត។ ប្រជាជនរាប់ម៉ឺននាក់ ព្រមទាំងអ្នកទេសចរណ៍ កំពុងត្រូវបានគេជន្លៀសចេញ។

ក្រុមសង្គ្រោះ​សែង​​សាកសព្វ ​នៅ​ភាគ​ខាង​ជើង ​កោះLombok។ ថ្ងៃទី​៦ សីហា ២០១៨
ក្រុមសង្គ្រោះ​សែង​​សាកសព្វ ​នៅ​ភាគ​ខាង​ជើង ​កោះLombok។ ថ្ងៃទី​៦ សីហា ២០១៨ Antara Foto/Ahmad Subaidi/ via REUTERS
ផ្សាយពាណិជ្ជកម្ម

គ្រោះរញ្ជួយដី កំរិត ៦,៩កំរិតរិចទឺ ជំរៅប្រមាណជា១០គីឡូម៉ែត្រ បានផ្តើមចេញពីភាគខាងជើង កោះឡំបុក។ ៨០%នៃផ្ទៃដីភាគខាងជើង កោះឡំបុក គឺត្រូវរងគ្រោះរញ្ជួយដីនេះទាំងស្រុង។ នេះគឺជាគ្រោះរញ្ជួយដីលើកទី២ហើយ នៅតំបន់នេះ ដែលកាលពីសប្តាហ៍​មុន រញ្ជួយដីមួយផ្សេងទៀត បានសម្លាប់មនុស្សចំនួន១៧នាក់។

បើតាមប្រភពពីភ្នាក់ងារជាតិ គ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី បានឲ្យដឹងថា ផ្ទះរាប់ពាន់ខ្នងបានដួលរលំ។ គ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត គឺនៅភាគខាងជើងកោះឡំបុក ដែលជាតំបន់ភ្នំ។ សាកសពមនុស្ស ចំនួនយ៉ាងហោច៩១នាក់​ត្រូវបានរកឃើញ រីការរុករកនៅក្រោមគំនរបាក់បែកនៅតែបន្ត។ តែយ៉ាងណា ផ្លូវថ្នល់ ស្ពាន ត្រូវខូចខាត កាត់ផ្តាច់ដោយសាររញ្ជួយនេះ ដែលនេះ រិតតែបង្កការលំបាក ដល់ប្រតិបត្តិការរុករក របស់ក្រុមសង្រ្គោះ។

ក្នុងចំណោមអ្នករបួស មានប្រមាណ២០៩នាក់ ដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ អាជ្ញាធរឥណ្ឌូណេស៊ី កំពុងប្រឈមមុខនឹងបញ្ហាលំបាកជាច្រើន ដោយខ្វះសម្ភារៈ ខ្វះថ្នាំសង្រ្គោះ និងពុំមានបុគ្គលិកពេទ្យគ្រប់គ្រាន់ ខណៈដែលអ្នករបួសមានច្រើនសន្ធឹកសន្ធាប់ ហើយមន្ទីរពេទ្យក៏រងការខូចខាត។

នៅថ្ងៃចន្ទនេះ ប្រតិបត្តិការជន្លៀសអ្នកទេសចរណ៍ ប្រមាណ១២០០នាក់ កំពុងប្រព្រឹត្តិធ្វើទៅ នៅលើកោះGili ដែលជាកូនកោះ៣តូចៗ ស្ថិតនៅភាគពាយ័ព្យកោះឡំបុក។ នៅ​កោះ​ឡំបុក បើតាមការប៉ាន់ស្មានរបស់​អាជ្ញាធរឥណ្ឌូណេស៊ី ប្រជាជនប្រមាណ២ម៉ឺននាក់ នឹងត្រូវភៀសខ្លួនចេញ។ ថ្នាំសង្កូវ និងចំណីអាហារ កំពុងចាប់ផ្តើមខ្វះខាតខ្លាំងទៅៗ សម្រាប់ពួកគេ។

ទេសចរណ៍បរទេស ប្រមាណ១២០០​នាក់ នៅ​លើ​កោះ Gili កំពុង​រងចាំ​ការ​ជន្លៀស​ចេញ។ ថ្ងៃទី​៦ សិហា ២០១៨
ទេសចរណ៍បរទេស ប្រមាណ១២០០​នាក់ នៅ​លើ​កោះ Gili កំពុង​រងចាំ​ការ​ជន្លៀស​ចេញ។ ថ្ងៃទី​៦ សិហា ២០១៨ Reuters

គួរកត់សំគាល់ថា ឥណ្ឌូណេស៊ីគឺជាប្រទេសប្រជុំកោះ ជិត២ម៉ឺនកោះ ហើយដែលសំបូរទៅដោយ កោះទេសចរចណ៍ល្បីៗ។ ប្រជុំកោះឥណ្ឌូណេស៊ី ស្ថិតនៅលើខ្សែក្រវ៉ាត់ភ្លើង ដែលជាស្នាមប្រេះទល់គ្នា រវាងស្រទាប់ផែនដី។ ក្រៅពីផ្ទុះភ្នំភ្លើង ឥណ្ឌូណេស៊ី តែងតែមានរញ្ជួយដីជាញឹកញាប់។ កាលពីឆ្នាំ២០០៤ រញ្ជួយដីបាតសមុទ្រ នៅមហាសមុទ្រឥណ្ឌា បានបង្កឲ្យក្លាយជារលកសមុទ្រស៊ូណាមិ ដ៏សាហាវបំផុត ក្នុងប្រវត្តិសាស្ត្រ ដោយបាន​សម្លាប់ មនុស្សប្រមាណ២សែន២ម៉ឺននាក់ នៅតាមប្រទេសដែលមានឆ្នេរជាប់មហាសមុទ្រឥណ្ឌា ហើយក្នុងចំណោមនោះ នៅឥណ្ឌូណេស៊ី មានស្លាប់ ដល់ទៅ​១សែន​៦ម៉ឺន​៨ពាន់​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ