អានតួអត្ថបទ

ក្រុមប្រទេសG7 ព្រមព្រៀងគ្នា​ជួយ​ប្រទេស​ដែល​រងគ្រោះ​ដោយ​ភ្លើង​ឆេះព្រៃ​អាម៉ាហ្សូន

វិនាសកម្មភ្លើងឆេះព្រៃអាម៉ាហ្សូន បានក្លាយជាសំណុំរឿងដ៏សំខាន់ និងបន្ទាន់បំផុត នៅក្នុងជំនួបកំពូលក្រុមប្រទេសសេដ្ឋកិច្ចនាំមុខទាំង៧ ដែលកំពុងប្រព្រឹត្តិធ្វើទៅនៅ​ទីក្រុងប្យ៉ារីត្ស ភាគនិរតីប្រទេសបារាំង។ ដោយមាន​ប្រធានាធិបតីបារាំងជាអ្នកផ្តួចផ្តើម ថ្នាក់ដឹកនាំសាមជិកG7 ទាំងអស់​ បានព្រមព្រៀងគ្នា ថានឹងផ្តល់ជំនួយ​ឲ្យបានឆាប់បំផុត ទៅដល់បណ្តាប្រទេស ដែលកំពុងជួបគ្រោះអគ្គីភ័យ នៅតំបន់ព្រៃអាម៉ាហ្សូន។

ភ្លើងកំពុងឆាបឆេះព្រៃ នៅក្បែរក្រុង​ Porto Velho ប្រេស៊ីល ថ្ងៃទី​២៤ សីហា ២០១៩
ភ្លើងកំពុងឆាបឆេះព្រៃ នៅក្បែរក្រុង​ Porto Velho ប្រេស៊ីល ថ្ងៃទី​២៤ សីហា ២០១៩ REUTERS/Ueslei Marcelino
ផ្សាយពាណិជ្ជកម្ម

រសៀល​ថ្ងៃទី​២៥ សីហា នៅចំពោះមុខអ្នកកាសែត បន្ទាប់ពីចេញពីបន្ទប់ប្រជុំ លោក អេម៉ានុយអែល ម៉ាក្រុង បានមានប្រសាសន៍ថា “វាពិតជាមានភាពអាសន្នបន្ទាន់ខ្លាំងណាស់ ទើបធ្វើឲ្យភាគីទាំងអស់គ្នា ព្រមព្រៀងគ្នា ថាត្រូវតែជួយឲ្យ​បានឆាប់ជាទីបំផុត ដល់ប្រទេសដែលកំពុងតែរងគ្រោះដោយភ្លើងឆេះព្រៃ​នៅតំបន់អាម៉ាហ្សូន”។ លោកម៉ាក្រុង បន្ថែមថា ប្រទេសកូឡុំប៊ី បានអំពាវនាវរកជំនួយ ដូច្នេះយើងត្រូវតែ​ឆ្លើយតប។

លោកប្រធានាធិបតីបារាំង បានរៀបរាប់ថា សម្រាប់ពេលនេះ ក្រុមការងារកំពុង​តែទាក់ទងទៅខាងប្រទេសដែលស្ថិតក្នុងតំបន់អាម៉ាហ្សូន ដើម្បីស្វែងយល់ ពីតម្រូវការ មុននឹងដាក់ចេញជាយន្តការអន្តរជាតិជាក់ស្តែង សហការគ្នាជួយឲ្យ​​មាន​ប្រសិទ្ធិភាព។ ជំនួ​យអាចមាន​ជាផ្នែកបច្ចេកទេស ផ្នែកថវិកា គ្រឿងបរិក្ខា ដើម្បីពន្លត់ភ្លើង និង​ទប់ទល់នឹងភ្លើងឆេះព្រៃថ្មីទៀត។

សម្រាប់ទស្សនវិស័យទៅថ្ងៃខាងមុខ ដែលពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃអាម៉ាហ្សូនវិញ លោកប្រធានាធិបតី​បារាំងបានលើកឡើងថា នៅក្នុងតុប្រជុំ មាន​មតិយោបល់ផ្សេងៗគ្នា ដែលជារួម គឺវាផ្តោត​សំខាន់ ទៅលើកត្តាអធិបតេយ្យភាព​ជាតិ របស់ប្រទេសនីមួយៗ។ តែយ៉ាងណាលោកម៉ាក្រុង អះអាងថា ព្រៃអាម៉ាហ្សូន ជាសួតដកដង្ហើមរបស់ផែនដី​ ជាទ្រព្យរួមរបស់មនុស្សជាតិ ហើយវាមានតួនាទីធំណាស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការកើនឡើងនូវកំដៅផែនដី។

ដោយឡែក សម្តេចប៉ាប ប្រមុខសាសនាកាតូលិក បានថ្លែង កាលពីថ្ងៃអាទិត្យ​ទី២៥​សីហា​ដែរ ដោយថា​​ព្រះអង្គ ក៏ដូចជាគ្រិស្តសានិកទាំងអស់ ទូទាំងពិភពលោក មាន​ការព្រួយ​បារម្ភខ្លាំង ទាក់ទិន​ភ្លើងឆេះព្រៃ នៅអាម៉ាហ្សូននេះ។

សូមបញ្ជាក់ថា ព្រៃអាម៉ាហ្សូនជាព្រៃត្រូពិកដ៏ធំជាងគេ ដែលលាតសន្ធឹង សឹងតែមួយ​​ចំហៀងផ្នែកខាងជើង នៃទ្វីបអាមេរិកខាងត្បូង។ ប្រទេសដែលស្ថិតក្នុងតំបន់ព្រៃអាម៉ាហ្សូន មាន​ដូចជាប្រេស៊ីល បូលីវី កូឡុំប៊ី ប៉េរូ អេក្វាទ័រ វ៉េណេស៊ុយអេឡា ហ្គុយយ៉ាណា ស៊ូរីណាំ និងដែនដីហ្គុយយ៉ានរបស់បារាំង។ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ភ្លើងព្រៃដែលឆាបឆេះច្រើនជាងគេ ស្ថិតនៅ​ក្នុងប្រទេសប្រេស៊ីល។ ដោយឡែក អាជ្ញាធរ​បូលីវី បានអះអាងថា ក្នុងរវាងប៉ុន្មានថ្ងៃចុងក្រោយនេះ ភ្លើងបាន​លេបត្របាក់ព្រៃរបស់ខ្លួន អស់ចំនួន​ជិត​១លានហិកតា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ