លោក ត្រាំ ចង់ពង្រឹងច្បាប់ត្រួតពិនិត្យការលក់អាវុធ ផ្គួបជាមួយច្បាប់អន្តោប្រវេសន៍
ក្រៅអំពីបរិហារករណីបាញ់ប្រហារសម្លាប់មនុស្សថា បទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ និងអំពាវនាវឱ្យមានការកាត់ទោសខ្មាន់កាំភ្លើងឱ្យបានឆាប់រហ័សបំផុត នៅថ្ងៃចន្ទទី ៥ សីហា ២០១៩ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសអំពាវនាវឱ្យតំណាងសភាបក្សសាធារណរដ្ឋនិងប្រជាធិបតេយ្យចាប់ដៃគ្នាអនុម័តច្បាប់មួយ សំដៅពង្រឹងការត្រួតពិនិត្យប្រវត្តិអ្នកទិញអាវុធ។ ក្នុងពេលជាមួយគ្នានោះ លោកដូណាល់ត្រាំ ក៏បានឆ្លៀតបន្ទោស ចោទប្រកាន់ប្រព័ន្ធឃោសនាព័ត៌មានថាបានរួមចំណែកឱ្យមានកំហឹងនិងហិង្សា។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
មុននឹងថ្លែងសុន្ទរកថា ជាផ្លូវការ ជុំវិញសោកនាដកម្មបាញ់ប្រហារដោយខ្មាន់កាំភ្លើង ពីរករណីផ្ទួនគ្នាក្នុងថ្ងៃតែមួយ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ចេញប្រតិកម្មជាបន្តបន្ទាប់តាមសារទ្វីត ដោយអំពាវនាវឱ្យតំណាងរាស្ត្របក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋរួមគ្នាបង្កើតច្បាប់ ពង្រឹងការត្រួតពិនិត្យប្រវត្តិរបស់អ្នកទិញអាវុធ ឱ្យបានសម្រេច។ ហើយបើអាច ច្បាប់នេះ គួរតែបូកបញ្ចូលទៅក្នុងការធ្វើកំណែទម្រង់ច្បាប់អន្តោប្រវេសន៍ដ៏ចាំបាច់។
សម្រាប់លោកប្រធានាធិបតី អាមេរិកមិនអាចបំភ្លេចជនរងគ្រោះ នៅក្នុងការបាញ់ប្រហារនៅតិចសាស់ នៅអូអាយូ និងក្នុងការបាញ់ប្រហារមុនៗឡើយ។ ដូច្នេះអាមេរិកត្រូវតែធ្វើអ្វីដែលល្អ ដែលធំអស្ចារ្យ ឆ្លើយតបទៅនឹងសោកនាដកម្មទាំងពីរម្សិលមិញ។
ប៉ុន្តែលោក ដូណាល់ ត្រាំ គ្មានសម្តែងប្រតិកម្មអ្វីតបទៅនឹងការចោទប្រកាន់របស់អ្នកនយោបាយអាមេរិកមួយចំនួនធំ ដែលថាសុន្ទរកថារបស់ប្រធានាធិបតីស្តីពីបញ្ហាអន្តោប្រវេសន៍ ជាការសាបព្រោះបណ្តុះភាពតានតឹង ស្អប់ខ្ពើមគ្នាកាន់តែខ្លាំងក្នុងសង្គមអាមេរិកឡើយ។ លោកដូណាល់ ត្រាំ បែរជាងាកទៅបន្ទោសប្រព័ន្ធឃោសនាព័ត៌មានទៅវិញ។
បើតាមលោកត្រាំ ប្រព័ន្ធឃោសនាព័ត៌មាន មានចំណែកយ៉ាងធំ ក្នុងការឃោសនាបំផ្លើសព័ត៌មានមិនពិត Fake News ដែលជំរុញឱ្យ កំហឹង និងការស្អប់ឆាបឆេះ និងដុះដាលឡើង តាំងពីជាច្រើនឆ្នាំនៅអាមេរិក។ សារព័ត៌មានមានទំនួលខុសត្រូវលើជីវិតនិងសន្តិសុខ នៅផ្ទៃក្នុងប្រទេស។ នេះបើតាមការគូសបញ្ជាក់របស់លោកដូណាល់ ត្រាំ ដោយទាមទារឱ្យប្រព័ន្ធឃោសនា ចាប់ផ្សព្វផ្សាយព័ត៌មានប្រកបដោយសមភាព កុំប្រកាន់ខាង និងចេះសម្រួលបន្ទន់ទៅតាមកាល កុំច្បាស់ដាច់ណាត់ពេក ព្រោះបើពុំនោះសោតទេ អាមេរិកនឹងមានជួបហេតុការណ៍អាក្រក់កាន់តែធ្ងន់ធ្ងរឡើងជាពុំខាន។ ហេតុការណ៍អាក្រក់នោះគឺសំដៅលើការបាញ់ប្រហារសម្លាប់មនុស្ស ដែលបានកើតឡើងនៅ តិចសាស់ ស្លាប់មនុស្សអស់២០នាក់ និងនៅអូអាយូ ស្លាប់៩នាក់ កាលពីថ្ងៃសៅរ៍ទី ៣សីហា២០១៩៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ