អាមេរិក៖អភិបាលរដ្ឋញូយ៉កប្រកាសប្តឹងរដ្ឋបាលលោកត្រាំក្នុងបទពង្រាត់កូនពីឱពុកម្តាយជាជនអន្តោប្រវេសន៍
នៅអាមេរិក រឿងអាស្រូវជុំវិញការពង្រាត់កូនពីឱពុកម្តាយដែលជាជនអន្តោប្រវេសន៍ខុសច្បាប់របស់រដ្ឋបាលលោកដូណាល់ ត្រាំកំពុងបន្តកើតមានយ៉ាងផុសផុល។ រូបភាពដ៏ក្តុកក្តួលដែលគេបានឃើញ និងកំពុងបន្តចាយចែកនៅលើបណ្តាញសង្គម Facebook គឺហ្វូងកុមារស្ថិតក្នុងទ្រុងកំពុងទ្រហោយំស្រែកហៅរកឱពុកម្តាយរបស់ពួកគេ។ ខណៈនេះ និងចំថ្ងៃទិវាជនភៀសខ្លួនអន្តរជាតិ ២០ មិថុនា ប្រតិកម្មបរិហារ និងការរិះគន់ ទិតៀនលើរដ្ឋបាលអាមេរិកកំពុងបន្តមានទាំងនៅក្នុងទឹកដីអាមេរិក និងពីបរទេស។ អភិបាលរដ្ឋញូយ៉កលោក Andrew Cuomo មកពីគណបក្សប្រជាធិបតេយ្យបានប្រកាសកាលពីថ្ងៃអង្គារ ទី១៩ មិថុនាថា នឹងប្តឹងទៅតុលាការដើម្បីប្រឆាំងនឹងវិធានការរបស់លោកដូណាល់ត្រាំ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:០៤
គម្រោងប្តឹងរដ្ឋបាលរបស់លោកដូណាល់ ត្រាំពីសំណាក់អភិបាលរដ្ឋញូយ៉កលោក Andrew Cuomo ត្រូវបានធ្វើឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ។ « នយោបាយរបស់រដ្ឋបាលលោកត្រាំក្នុងការពង្រាត់គ្រួសារជានយោបាយខ្វះសីលធម៌ និងជាសោកនាដកម្មមនុស្សជាតិ » នេះជាការថ្លែងរបស់លោក Cuomo។ អភិបាលរដ្ឋញូយ៉ករូបនេះដដែលបានបញ្ជាក់ថា ការពង្រាត់ឱពុកម្តាយ និងកូនៗជាទង្វើរំលោភបំពានច្បាប់របស់ពួកគេដោយផ្អែកលើរដ្ឋធម្មនុញ្ញអាមេរិក យុត្តិសាស្រ្តនៃតុលាការកំពូលអាមេរិក និងកិច្ចព្រមព្រៀមឆ្នាំ ១៩៩៧ ដែលបង្កើតឲ្យមានបទដ្ឋានសម្រាប់ថែរក្សាកុមារដែលជាប់ឃុំឃាំងដោយហេតុផលអន្តោប្រវេសន៍។
លោក Andrew Cuomo បានលំអិតបន្ថែមថា លោកនឹងបញ្ជាដល់ទីភ្នាក់ងារផ្សេងទៀតក្នុងរដ្ឋញូយ៉កឲ្យផ្តើមរៀបចំពាក្យបណ្តឹងទៅតុលាការក្នុងនាមកុមារប្រមាណជា ៧០នាក់ដែលកំពុងស្ថិតនៅក្នុងស្ថាប័នសហព័ន្ធនៅទូទាំងរដ្ឋញូយ៉ក។ ក្រៅពីប្រតិកម្មប្រឆាំងរបស់គណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំង ក៏គេឃើញមានប្រតិកម្មប្រឆាំងចេញពីគណបក្សសាធារណរដ្ឋរបស់លោកត្រាំដែរ។ អភិបាល ២រូបមកពីគណបក្សសាធារណរដ្ឋបានប្រកាសបដិសេធមិនបញ្ជូនឆ្មាំការពារព្រំដែន ដរាបណាបញ្ហានៅមិនទាន់បានដោះស្រាយទេនោះ។ ដោយឡែក សមាជិក ៦០០នាក់នៃគ្រឹស្តសាសនាមេតូឌីសបានចុះហត្ថលេខាលើសេចក្តីប្រកាសព័ត៌មានមួយដោយចាត់ទុកទង្វើពង្រាត់បង្រាសគ្រួសារជាការធ្វើបាបលើកុមារ។
ទោះបីជាមានប្រតិកម្មប្រឆាំងពីគ្រប់ទិសទិក៏ដោយក៏លោកដូណាល់ ត្រាំហាក់បន្តរក្សាជំហរគ្មានប្រែប្រួល។ លោកត្រាំបានទទួលស្គាល់ថា ការផ្សព្វផ្សាយរូបភាពនៃការបំបែកកូនក្មេងពីឱពុកម្តាយជាជនអន្តោប្រវេសន៍ខុសច្បាប់មិនមែនជារូបភាពល្អទេសម្រាប់នយោបាយអាមេរិក។ តែលោកត្រាំចង់ឲ្យមានការដោះស្រាយបញ្ហានេះនៅក្នុងក្របខ័ណ្ឌច្បាប់មួយដែលចែងពីខ្ទង់ចំណាយលើការសង់ជញ្ជាំងនៅព្រំដែនខាងត្បូង និងវិធានការតឹងតែងចំពោះជនអន្តោប្រវេសន៍ស្របច្បាប់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ