អានតួអត្ថបទ

លោកម៉ាក្រុង​អះអាង​ថា​​ការបាញ់​មីស៊ីល​លើ​មូលដ្ឋាន​ទ័ព​ស៊ីរី​គឺ​ស្រប​នឹងច្បាប់​អន្តរជាតិ

មួយថ្ងៃបន្ទាប់ពីកងទ័ពបារាំង បានចូលរួមជាមួយកងទ័ពអាមេរិក និងអង់គ្លេស ក្នុងប្រតិបត្តិការ​វាយប្រហារ​ដោយ​បាញ់មីស៊ីល ទៅលើ​មូលដ្ឋានទ័ពស៊ីរីនោះលោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានចេញ​មុខ​​តាមទូរទស្សន៍ កាលពីយប់ថ្ងៃអាទិត្យ ទី១៥​មេសា ដើម្បីឆ្លើយសំណួររបស់អ្នកកាសែត២រូប អស់រយៈពេលជិត​៣ម៉ោង។ ឆ្លើយ​នឹង​សំណួរ​របស់​អ្នកកាសែត ដែលសុំការពន្យល់ថាហេតុអ្វី លោកសម្រេចចិត្តឲ្យ​កងទ័ព​បារាំង​ ចូលរួមបាញ់មីស៊ីលនៅស៊ីរីនោះ លោកប្រធានាធិបតីបារាំង បានឆ្លើយថា ប្រតិបត្តិការនេះ គឺជាប្រតិបត្តិការដ៍ត្រឹមត្រូវ ហើយស្ថិតក្នុងក្របខណ្ឌ នៃច្បាប់​អន្តរជាតិ។

លោក​អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី​បារាំង នៅ​ក្នុង​បទសម្ភាសន៍​តាមទូរទស្សន៍ កាល​ពីថ្ងៃ​អាទិត្យ ១៥ មេសា ២០១៨
លោក​អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី​បារាំង នៅ​ក្នុង​បទសម្ភាសន៍​តាមទូរទស្សន៍ កាល​ពីថ្ងៃ​អាទិត្យ ១៥ មេសា ២០១៨ www.rfi.fr
ផ្សាយពាណិជ្ជកម្ម

បញ្ហាស៊ីរី ដែលកំពុងតែក្តៅគគុក ត្រូវបានអ្នកកាសែតទាំង២រូប ចោទសួរលោកម៉ាក្រុង មុនគេបង្អស់។ អ្នកកាសែត បានលើកឡើងថា មានការរិះគន់​ថា ហេតុអ្វីលោកប្រធានាធិបតី មិនបានស្នើសុំទៅរដ្ឋសភា ឲ្យបើកភ្លើងខៀវជាមុនសិន​ មុននឹងសម្រេចឲ្យកងទ័ពបារាំង ចូលរួមបាញ់មីស៊ីល ជាមួយកងទ័ពអាមេរិក និងកងទ័ពអង់គ្លេស។ លោកម៉ាក្រុង បានឆ្លើយថា រដ្ឋធម្មនុញ្ញបារាំងបានចែងយ៉ាងច្បាស់ថា គឺប្រធានាធិបតី ដែលជាអគ្គបញ្ជាការកំពូលរបស់កងទ័ព ដូច្នេះគ្មានហេតុផលអ្វី ដែលប្រធានាធិបតី គ្មានសិទ្ធិសម្រេចបញ្ជាទ័ព ឲ្យបើកប្រតិបត្តិការណាមួយនោះទេ។

មួយវិញទៀត រដ្ឋធម្មនុញ្ញ តម្រូវឲ្យរដ្ឋាភិបាល​ជូនដំណឹងទៅរដ្ឋសភា ស្តីអំពីប្រតិបត្តិការយោធាណាមួយ ក្នុងរយៈពេល៣ថ្ងៃយ៉ាងយូរ ក្រោយការចាប់ផ្តើមប្រតិបត្តិការ។ ចំពោះចំណុចនេះ លោកម៉ាក្រុងបានឆ្លើយថា រដ្ឋាភិបាលបានជូនដំណឹងទៅរដ្ឋសភារួចហើយ ក្រោយប្រតិបត្តិការមួយថ្ងៃ ហើយសភា និងធ្វើការដេញដោល នៅថ្ងៃចន្ទទី១៦មេសា។

ឆ្លើយតបទៅនឹងការឈ្លេចសួរ របស់អ្នកកាសែត លោកម៉ាក្រុង បាននិយាយថា ប្រតិបត្តិការ​ដែលបារាំង បានចូលរួម ជាមួយអាមេរិក និងអង់គ្លេស គឺជាប្រតិបត្តិការដ៏ត្រឹមត្រូវ និងស្របតាមក្របខណ្ឌអន្តរជាតិ។ លោក ម៉ាក្រុង បានពន្យល់ថា ជាច្រើនដងមកហើយ ដែលកងទ័ពរបស់លោក​​អាសាដ បានប្រើអាវុធ​គីមី សម្លាប់ប្រជាជនខ្លួនឯង ហើយបារាំង ក៏ដូចជាសម្ព័ន្ធមិត្តលោកខាងលិច មានភស្តុតាងគ្រប់គ្រាន់។ បន្ថែមពីសន្ធិសញ្ញាអន្តរជាតិ ដែលមានស្រាប់ ក្រុមប្រឹក្សាសន្តិសុខ ក៏ធ្លាប់បានចេញសេចក្តីសម្រេចចិត្តមួយរួចមកហើយ ដោយបានហាមឃាត់រដ្ឋាភិបាលស៊ីរី មិនឲ្យប្រើប្រាស់ គ្រាប់បែកប្រភេទកាចសាហាវនេះ។ ពុំនោះទេនឹងទទួលទណ្ឌកម្ម។

លោកប្រធានាធិបតីបារាំងពន្យល់បន្តថា ដូច្នេះការបាញ់មីស៊ីល ទៅកំទេចមូលដ្ឋាន​៣កន្លែង​ របស់​កងទ័ពស៊ីរី គឺវាជាការឆ្លើយតប ទៅនឹងការបំពាន របស់រដ្ឋាភិបាលលោក​អាសាដ។ លោកបញ្ជាក់ថា កម្មវត្ថុនៃប្រតិបត្តិការនេះ គឺកំទេចទីតាំងស្រាវជ្រាវនិងផលិតគ្រាប់បែកគីមី ព្រមទាំងទីតាំងស្តុកទុកគ្រាប់បែកទាំងនោះ របស់កងទ័ពស៊ីរី។ កម្មវត្ថុនេះ គឺកងទ័ពទាំង៣ប្រទេសបានសម្រេចបានជោគជ័យ យ៉ាងហ្មត់ចត់ ហើយពុំបានធ្វើឲ្យ ប្រជាជន ឬទាហានស៊ីរីណាម្នាក់ ស្លាប់ ឬរបួសឡើយ។

ទាក់ទិននឹងបញ្ហាស៊ីរី ដដែល លោកម៉ាក្រុង បានលើកឡើងថា បារាំងគឺជាប្រទេសតែមួយគត់ ដែលបានព្យាយាមខ្នះខ្នែងជាងគេ ក្នុងការស្វែងរកដំណោះស្រាយ មិនថាដំណោះស្រាយផ្នែកនយោបាយ មិនថាដំណោះស្រាយផ្នែកមនុស្សធម៌ជួយសង្រ្គោះប្រជាជនស៊ីរី។ លោកម៉ាក្រុង បានឆ្លៀតបន្ថែមថា តាមរយៈការដាក់ពិន័យទៅលើរដ្ឋាភិបាលស៊ីរី ដែលបានបំពានច្បាប់អន្តរជាតិជាច្រើនដងនេះ គឺសហគមន៍អន្តរជាតិ បានធ្វើ​ឲ្យរដ្ឋាភិបាលស៊ីរី ក៏ដូចជាបក្សពួកដែលចាំជួយការពារ បានភ្លឺភ្នែក និងដឹងខ្លួនថា សហគមន៍អន្តរជាតិ មិនមែនទន់ខ្សោយ បណ្តោយឲ្យលោក​អាសាដ ព្រមទាំងបក្សពួក ធ្វើផ្គរធ្វើភ្លៀង សម្លាប់ប្រជាជនស៊ីរី តាមអំពើចិត្តឡើយ។​

ជាចុងក្រោយ លោកម៉ាក្រុងបាននិយាយថា លោកមានបំណង ជំរុញឲ្យមានសន្និសីទអន្តរជាតិមួយ ដើម្បីដោះស្រាយវិបត្តិស៊ីរី ដែលសន្និសីទនោះ ត្រូវតែមានការចូលរួមពីភាគីពាក់ព័ន្ធក្នុងជំលោះនេះទាំងអស់ មិនថា រុស្ស៊ី អ៊ីរ៉ង់ អារ៉ាប៊ីសាប៊ីអូឌីត ឬតួកគីទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ