ឧត្តមសេនីយត្រីស្និទ្ធលោក Bachard Al assadចុះចូលជាមួយក្រុមប្រឆាំង
ក្រុមប្រទេសមិត្តស៊ីរីបើកសន្និសីទថ្មីមួយទៀត នៅថ្ងៃសុក្រ ទី ៧ កក្កដា នៅក្នុងទីក្រុងប៉ារីស។ សន្និសីទដែលមានអ្នកតំណាងពីជាង១០០ប្រទេសចូលរួម រិះរកមធ្យោបាយដើម្បីជំរុញប្រធានាធិបតីBachard Al assadឲ្យចុះចេញពីអំណាច។ រុស្ស៊ីនឹងចិន ដែលបដិសេធរាល់ការបណ្តេញទម្លាក់លោក Bachard Al assad ពីអំណាចគ្មានវត្តមាននៅក្នុងសន្និសីទនៅថ្ងៃនេះទេ។ នៅលើសមរភូមិក្នុងប្រទេសស៊ីរី ទាហានរដ្ឋាភិបាលបាញ់សម្លាប់មនុស្សជារៀងរាល់ថ្ងៃ ដោយគ្មានខ្លាចរអែងសូម្បីក្រុមអ្នកសង្កេតការណ៍អង្គការសហប្រជាជាតិ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០៨:១៥
ទីក្រុងប៉ារីសដែលជាម្ចាស់ផ្ទះបានបញ្ជាក់យ៉ាងទទូចថា សន្និសីទនៅថ្ងៃនេះមានសារៈសំខាន់ណាស់។ ប្រទេសជាង១០០កំពុងរួមគ្នា ដាក់សម្ពាធទៅលើរដ្ឋាភិបាលស៊ីរី ឲ្យបញ្ចប់អំពើហិង្សា តាមរយៈការជំរុញឲ្យកិច្ចព្រមព្រៀងស្តីពីការបង្កើតរដ្ឋាភិបាលអន្តរកាលនៅស៊ីរីលេចចេញជារូបរាងឡើង។ គោលដៅពីរ ដែលគេនឹងលើកយកមកពិភាក្សាគ្នា។ ទីមួយ គឺក្រុមប្រទេសមិត្តស៊ីរីដែលមកពីប្រទេសលោកខាងលិច និងបណ្តាប្រទេសអារ៉ាប់នាំគ្នាដាក់សម្ពាធទៅលើរុស្ស៊ី និងចិនឲ្យឈប់ការពារលោក Bachar Al assad។
ទីពីរគឺគេចង់ឲ្យមានការដាក់ទណ្ឌកម្មថ្នាក់អង្គការសហប្រជាជាតិទៅលើរដ្ឋាភិបាលលោក Bachar Al assad។ ក្រុមប្រទេសមិត្តស៊ីរីអាចនឹងប្រមូលមតិគ្នាដើម្បីទាមទារឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអនុម័តចេញសេចក្តីសម្រេចមួយដែលសំដៅដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរដ្ឋាភិបាលស៊ីរី។ កន្លងមក មានតែទណ្ឌកម្មជាលក្ខណៈឯកជន គឺប្រទេសមួយចំនួន ដូចជា ក្រុមប្រទេសនៅអឺរ៉ុប បណ្តាប្រទេសអារ៉ាប់ និងអាមេរិក បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើក្រុមគ្រួសារលោក Bachar Al assad និងទៅលើក្រុមហ៊ុនស៊ីរីណាដែលផ្គត់ផ្គង់លុយដល់រដ្ឋាភិបាលស៊ីរី។ ទណ្ឌកម្មរបស់អាមេរិកដែលហាមមិនឲ្យគេដឹកលក់ទំនិញទៅក្នុងប្រទេសស៊ីរី បានបង្កឲ្យមានអតិផរណានៅក្នុងប្រទេស ប៉ុន្តែ អំណាចនិងផលប្រយោជន៍ក្រុមគ្រួសាររបស់ Bachar Al assad មិនត្រូវបានរងផលប៉ះពាល់ដោយផ្ទាល់ដោយទណ្ឌកម្មសេដ្ឋកិច្ចអាមេរិកទេ។
ដោយសារតែគ្មានទណ្ឌកម្មសេដ្ឋកិច្ចរួមពីក្រុមប្រឹក្សាសន្តិសុខ របបលោក Bachar Al assadនៅតែមានដង្ហើមសេដ្ឋកិច្ច ដែលបានមកពីប្រទេសសម្ព័ន្ធមិត្តដ៏កម្ររបស់ខ្លួន។ ឧទាហរណ៍ របបស៊ីរីនៅតែពឹងផ្អែកបានទៅលើប្រេងដែលផ្គត់ផ្គង់ពីប្រទេសវេណេហ្សុយអេឡា ចំណែកលុយសុទ្ធគឺបានមកពីប្រទេសអ៊ីរ៉ង់។ មួយវិញទៀត ដោយសាររុស្ស៊ីប្រឆាំងក្រុមប្រឹក្សាសន្តិសុខមិនអាចបោះឆ្នោតចេញសេចក្តីសម្រេចស្តីពីការហាមលក់អាវុធទៅឲ្យស៊ីរី។ សព្វថ្ងៃនេះ លោក Bachar Al assad នៅតែអាចទិញអាវុធទំនើបៗពីរុស្ស៊ីដើម្បីយកទៅប្រើទប់ទល់នឹងក្រុមប្រឆាំង។
ជារួម ដើម្បីអាចដាក់ទណ្ឌកម្មសេដ្ឋកិច្ចបាន១០០ភាគរយ ក្នុងគោលដៅដាក់សម្ពាធលោក Bachar Al assad ឲ្យបញ្ឈប់អំពើហិង្សា គេសង្ឃឹមនឹងអាចបញ្ចុះបញ្ចូលរុស្ស៊ី និងចិន ឲ្យបោះឆ្នោតយល់ព្រមឲ្យក្រុមប្រឹក្សាសន្តិសុខចេញសេចក្តីសម្រេចប្រឆាំងរាល់ជំនួយឧបត្តម្ភទៅឲ្យរដ្ឋាភិបាលលោក Bachar Al assad។
ការបំបែកខ្លួនរបស់មន្រ្តីយោធាជាន់ខ្ពស់
រដ្ឋមន្រ្តីការបរទេសបារាំងលោក Laurent Fabius បានបញ្ជាក់ព័ត៌មានដែលថាមន្រ្តីជាន់ខ្ពស់ស៊ីរីម្នាក់បានបំបែកខ្លួន ដើរចេញពីរដ្ឋាភិបាលលោក Bachar Al assad។ លោក ឧត្តមសេនីយ Munaf Tlass ដែលបានបំបែកខ្លួនពីរដ្ឋាភិបាលស៊ីរីកំពុងធ្វើដំណើរមកទីក្រុងប៉ារីស នៅថ្ងៃសុក្រនេះ។
លោក Munaf Tlassត្រូវគេជាពិពណ៌នាថា ជាឧត្តមសេនីយត្រីដែលស្និទ្ធខ្លាំងទៅនឹងលោកប្រធានាធិបតី Bachar Al assad ព្រោះអ្នកទាំងពីរជាមិត្តតាំងពីកុមារភាពម្ល៉េះ។ ប៉ុន្តែ ចាប់តាំងពីមានចលនាបះបោរនៅស៊ីរី លោកឧត្តមសេនីយត្រី Munaf Tlassត្រូវបាន រដ្ឋាភិបាលដាក់នៅគន្លៀតជញ្ជាំង គឺបន្ទាប់ពីគាត់បានបរាជ័យក្នុងបេសកកម្មសម្របសម្រួលរវាងក្រុមឧទ្ទាម និងក្រុមគាំទ្ររដ្ឋាភិបាលស៊ីរី។
លោក Munaf Tlassឧត្តមសេនីយស៊ីរីទី១៥ដែលបានដើរចេញពីរដ្ឋាភិបាលស៊ីរី និងរត់ទៅជ្រកកោន នៅក្នុងទឹកដីតួកគី។ រហូតមកដល់ពេលនេះ មានទាហាន និងមន្រ្តីយោធាជាង៨០នាក់ ដែលដើរចេញពីរដ្ឋាភិបាល។ ពួកគេសុខចិត្តរត់ចោលជួរ បន្ទាប់ពីបានបដិសេធ មិនព្រមបាញ់សម្លាប់ប្រជាជន ទៅតាមបញ្ជារបស់ថ្នាក់លើ។
ការបំបែកខ្លួន ឬការរត់ចោលជួរទាហាន និងឧត្តមសេនីយត្រីសំខាន់ចុងក្រោយនេះ នឹងមិនប្រាកដថា ធ្វើឲ្យអំណាចរបស់ Bachar Al assadរង្គោះរង្គើទេ។ នៅក្នុងប្រទេសស៊ីរី កងទ័ពសរុប ជាង៣សែននាក់ (៣សែននាក់ត្រូវបានរដ្ឋាភិបាលរើសបញ្ចូល នៅពេលចលនាបះបោរផ្ទុះឡើង នៅស៊ីរី)។ កងទ័ពស៊ីរី ត្រូវបានចែកចេញជាពីរក្រុម គឺកងទ័ពសម្រាប់ប្រទេស និងកងទ័ពពិសេស ប្រមាណ ១ម៉ឺននាក់ ដែលប្រើសម្រាប់តែការពារលោក Bachar Al Assad។ ជាពិសេសកងពលលេខ ៤ ដែលបញ្ជាផ្ទាល់ដោយប្អូនប្រុសរបស់លោក Assad។ យោងតាមអ្នកតាមដាននយោបាយយោធា នៅដើមបូព៌ា កងពលនេះមានសមត្ថភាពខ្លាំង និងបំពាក់ដោយអាវុធទំនើបៗបំផុត។
បើទោះជាការបំបែកខ្លួនរបស់ក្រុមយោធាមានកាន់តែច្រើន ប៉ុន្តែ យោធាទាំងនោះគ្មានអំណាចឥទ្ធិពលអ្វីធំដុំក្នុងជួរកងទ័ពស៊ីរីទេ។ នៅស៊ីរី មេដឹកនាំកងពលទាហានភាគច្រើនមកពីនិកាយAlouite ជាក្រុមរបស់លោក Bachar Al Assad។ ចំណែកទាហានភាគច្រើនមកពីនិកាយSunnite។ មន្រ្តីយោធានិកាយSunnite ភាគច្រើនរារែកមិនចង់បំបែកខ្លួនចេញពីលោក Bachar Al Assad ព្រោះគេជឿថា បើលោក Bachar Al Assadធ្លាក់ចេញពីអំណាចនោះ ប្រទេសទាំងមូលនឹងធ្លាក់ទៅក្នុងអសន្តិសុខ។ ម្យ៉ាងទៀត គេបារម្ភពីការសម្លាប់សងសឹក នៅពេលណាមួយដែលលោក Bachar Al Assadធ្លាក់ចេញពីអំណាច គឺដូចនៅក្នុងប្រទេសអ៊ីរ៉ាក់ អ្នកស្និទ្ធរដ្ឋាភិបាលត្រូវបានក្រុមប្រឆាំងដែលឈ្នះអំណាច កាប់សម្លាប់សងសឹកវិញ។
ក្រុមប្រឆាំងស៊ីរីវិញ សង្ឃឹមយ៉ាងមុតមាំថា ការបំបែកខ្លួនរបស់ឧត្តមសេនីយ៍ត្រី Munaf Tlassនឹងលើកទឹកចិត្តមន្រ្តីយោធានិកាយAlouite ផ្សេងទៀតដើរចេញពីរដ្ឋាភិបាលដែរ។ បើក្រុមនិកាយAlouite ដែលជាស្នូលក្រុមរដ្ឋាភិបាល ដើរចេញ ពីរដ្ឋាភិបាល នោះមិនយូរ មិនឆាប់ លោក Bachar Al Assad នឹងបាត់បង់អំណាច ចុះទន់ខ្សោយមិនខាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ