អានតួអត្ថបទ
អ៊ីរ៉ង់

អាមេរិក​និង​អឺរ៉ុប ថ្កោល​ទោស​អ៊ីរ៉ង់ ​រឿង​កាំជ្រួច​បាលីស្ទីក​ ខណៈ​អ៊ីរ៉ង់​ប្តេជ្ញា ថា​មិន​រា​ថយ

សហរដ្ឋ​អាមេរិក​ នឹង​ប្រទេស​មហា​អំណាច​នៅ​អឺរ៉ុប​ បាន​នាំគ្នា ​ប្រកាស​ថ្កោលទោស​អ៊ីរ៉ង់ ​នៅ​ក្រោយ​ពេល​ដែល​អ៊ីរ៉ង់​ បាន​ធ្វើការ​បាញ់​សាកល្បង​ កាលពី​​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ ​ នូវកាំជ្រួញ​បញ្ជូន​ផ្កាយ​រណប។ កាំជ្រួច​បញ្ជូន​ផ្កាយ​រណប​ ដែល​គេ​សង្ស័យ​ថា​ អ៊ីរ៉ង់​ បាន​ប្រើ​ប្រព័ន្ធ​បាលីស្ទីក។ ទោះ​បី​ជា​មាន​ការ​ថ្កោលទោស ​រដ្ឋាភិបាល​អ៊ីរ៉ង់​ អះអាង​ថា​វា​គឺ​ជា​សិទ្ធិ​ពេញទី ​របស់​អ៊ីរ៉ង់។

រូបភាព​បាញ់​បង្ហោះ​កាំជ្រួច​នាំផ្កាយ​រណប របស់អ៊ីរ៉ង់ កាលពីថ្ងៃទី ២៧ កក្កដា ២០១៧
រូបភាព​បាញ់​បង្ហោះ​កាំជ្រួច​នាំផ្កាយ​រណប របស់អ៊ីរ៉ង់ កាលពីថ្ងៃទី ២៧ កក្កដា ២០១៧ Reuters
ផ្សាយពាណិជ្ជកម្ម

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ទី ២៧ កក្កដា ​អ៊ីរ៉ង់​ បាន​បាញ់​សាក​នូវ​ប្រព័ន្ធ​កាំជ្រួច​ ​បញ្ជូន​ផ្កាយ​រណប​ ដែល​គេសង្ស័យ​ថា​ជា​កាំជ្រួច​បាលីស្ទិក​ ចំងាយឆ្ងាយ។ ​ ការ​បាញ់​សាកល្បង​​នេះ ​បាន​ធ្វើ​ឲ្យ​សហគម​អន្តរជាតិ​ ក្តៅ​ក្រហាយ​ជាខ្លាំង​ ជា​ពិសេស ​រដ្ឋាភិបាល​លោក​ដូណាល់ ត្រាំ ​ដែល​កន្លង​មក​ តែងតែ​តម្លើង​សរសៃ​ក ​ដាក់​អ៊ីរ៉ង់។

សហរដ្ឋ​អាមេរិក ​ បារាំង ​អង់គ្លេស​ អាល្លឺម៉ង់​ បាន​ផ្ញើរ​លិខិត​ រួមគ្នា​មួយ​ទៅ​កាន់ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ​ដើម្បី​សំដែង​ពី​ការ​ព្រួយ​បារម្ភ​ និង​ថ្កោល​ទោស​អ៊ីរ៉ង់។ ប្រទេស​មហា​អំណាច​ទាំង៤ ​លើក​ឡើង​ថា​ អ៊ីរ៉ង់ ​កំពុង​តែ​ធ្វើ​បំពាន ​ទៅ​លើ​ស្មារតី​ ​នៃ​សេចក្តី​សម្រេចចិត្ត​លេខ​ ២២៣១ ​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ ​ដែល​មាន​ខ្លឹមសារ​ថា ​អ៊ីរ៉ង់​ មាន​ករណីយកិច្ច ​បញ្ឈប់​រាល់​សកម្មភាព​អភិវឌ្ឍន៍​ប្រព័ន្ធ​មីស៊ីល​បាលីស្ទីក ​ ឬ​ប្រព័ន្ធ​មីស៊ីល​ទាំង​ឡាយ​ណា ​ដែល​អាច​មាន​លទ្ធភាព​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ។

លោកស្រី ​នីគី ហាឡី​ អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ ​បាន​ថ្លែង​ថា ​សកម្មភាព​បំពាន​របស់​អ៊ីរ៉ង់​ នៅ​ពេល​នេះ ​គឺ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា ​សហគមន៍​អន្តរជាតិ ​មិន​អាច​ទុក​ចិត្ត​ប្រទេស​នេះ​បាន​ទេ។​ ភ្លាមៗ​នៅ​ថ្ងៃ​សុក្រ​​ ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ បាន​ចេញ​វិធានការ ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ក្រុមហ៊ុន​ដែល​រក​ស៊ី​ជាមួយ​អ៊ីរ៉ង់ ​ចំនួន​៦ ​បន្ថែម​ទៀត។

រដ្ឋាភិបាល​អ៊ីរ៉ង​ បាន​ឆ្លើយតប​មកវិញ​ថា ​ការ​បាញ់​សាក​ល្បង​ប្រព័ន្ធ​បាញ់​បង្ហោះ​ផ្កាយ​រណប ​គឺ​ជា​សិទ្ធិ​ពេញ​ទី​របស់​អ៊ីរ៉ង់​ ក្នុង​ការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​របស់​អ៊ីរ៉ង់។ ដូចគ្នា​ដែរ​​ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់ ​បាន​បញ្ជាក់​ថា ​គេ​នឹង​ប្តេជ្ញា​បន្ត​អភិវឌ្ឍន៍​បច្ចេកវិទ្យា​បាលីស្ទិក ​ដោយ​មិន​រា​ថយ ​នឹង​ទណ្ឌកម្ម​អ្វី​ទាំង​អស់។

គួររំលឹក​ថា ​សហគម​អន្តរជាតិ ​ មាន​ការ​ព្រួយ​បារម្ភ​ថា ​បច្ចេកវិទ្យា​បាញ់​បង្ហោះ​ផ្កាយ​រណប ​ ព្រមទាំង​បច្ចេកវិទ្យា​បាលីស្ទិក​ របស់​អ៊ីរ៉ង់ ​គឺ​គ្រាន់តែ​ជា​លេស​បាំង​មុខ​របស់​អ៊ីរ៉ង់​ ដើម្បី​ឈាន​ទៅ​អភិវឌ្ឍន៍​ប្រព័ន្ធ​កាំជ្រួច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ​តែ​ប៉ុណ្ណោះ។ តែយ៉ាង​ណា ​មហា​អំណាច​នៅ​អឺរ៉ុប​ មាន​គោល​ជំហរ​ខុស​ពី​សហរដ្ឋ​អាមេរិក​បន្តិច ​ ដោយ​ពួកគេ ​យល់​ថា ​សំណុំរឿង​កម្មវិធី​ប្រព័ន្ធ​បាលីស្ទិក ​ត្រូវ​យក​មក​ដោះស្រាយ​ដោយឡែក ​ឲ្យ​ដាច់​ពី​សំណុំ​រឿង​នុយក្លេអ៊ែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ