អ៊ីរ៉ង់ថាបើគេខ្ទប់ប្រេងខ្លួនមិនឲ្យចេញ នោះសុវត្ថិភាពនៅឈូងសមុទ្រក៏មិនអាចធានាដូចមុនបានដែរ
អាយ៉ាតូឡា អាលីខាមឺណី ប្រមុខសាសនាកំពូលរបស់អ៊ីរ៉ង់ បានថ្លែងកាលពីថ្ងៃពុធ ទី២១សីហា ថា បើសិនជាការនាំប្រេងឆៅចេញរបស់អ៊ីរ៉ង់ ត្រូវគេបិទខ្ទប់ឲ្យដល់ចំណុចសូន្យនោះ នោះសុវត្ថិភាពចរាចរណ៍នាវា នៅក្នុងឈូងសមុទ្រពែក្ស ក៏នឹងមិនអាចត្រូវបានធានា ដូចមុនបានឡើយ។ សូមបញ្ជាក់ថា ការប្រកាសដូចនេះ របស់ប្រមុខដឹកនាំកំពូលអ៊ីរ៉ង់ គឺធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលអាមេរិក បានអំពាវនាវឲ្យអង្គការសហប្រជាជាតិបន្តដាក់ទណ្ឌកម្មលើអ៊ីរ៉ង់។ ទន្ទឹមដែរការនាំប្រេងចេញរបស់អ៊ីរ៉ង់ បានធ្លាក់ចុះខ្លាំងដោយសារទណ្ឌកម្មអាមេរិក នៅតំបន់ឈូងសមុទ្រឯណោះ មានការព្រួយបារម្ភជាខ្លាំង ស្តីពីការផ្ទុះអាវុធ ដែលអាចរំខានដល់សុវត្ថិភាពនៃចរាចរណ៍នាវាដឹកប្រេង។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:០៤
សន្តិសុខចរាចរណ៍នាវាក្នុងឈូងសមុទ្រពែក្ស ទល់នឹងការនាំប្រេងចេញ។ នៅលើគេហទំព័រផ្លូវការ របស់ប្រមុខមគុទេសន៍សាសនាអ៊ីរ៉ង់ លោកអាយ៉ាតូឡា អាលីខាមឺណី បានលើកឡើងថា ក្រុមប្រទេសមហាអំណាចដឹងច្បាស់ណាស់ ថាវិស័យនាំចេញប្រេងឆៅរបស់អ៊ីរ៉ង់ ត្រូវគេបិទខ្ទប់ទាំងស្រុង។ បើសិនជាការនាំបេ្រងចេញរបស់អ៊ីរ៉ង់ ត្រូវធ្លាក់ដល់ចំណុចសូន្យ នោះចរាចរណ៍នាវាដឹកប្រេងទាំងអស់ ដែលឆ្លងកាត់ឈូងសមុទ្រពែក្ស ក៏នឹងមិនអាចធានាសុវត្ថិភាពបានដូចមុនដែរ។ លោកអាលីខាមឺណី បន្ថែមថា ការដាក់សំពាធយ៉ាងធ្ងន់ធ្ងរមកលើអ៊ីរ៉ង់ នឹងគ្មានផលល្អសម្រាប់ពពួកមនុស្សអស់នោះឡើយ ហើយវាក៏ជះផលអវិជ្ជមាន ដល់សន្តិសុខតំបន់ និងពិភពលោកដែរ។
គួរកត់សំគាល់ថា នេះជាលើកទីមួយហើយ ដែលប្រមុខដឹកនាំកំពូលរបស់អ៊ីរ៉ង់ បានចេញសារដែលមានលក្ខណៈគំរាមដោយត្រង់ៗ ទៅលើចរាចរណ៍នាវាដឹកប្រេង ដែលឆ្លងកាត់ឈូងសមុទ្រពែក្ស។ ដោយឡែក រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់វិញ ធ្លាប់បានប្រាប់ថា អ៊ីរ៉ង់អាចចេញធ្វើសកម្មភាព ដោយមិនចាំបាច់ឲ្យដំណឹងមុនទេ ប្រៀបបានទៅនឹងទង្វើ ដែលមិនអាចស្មានទុកមុន របស់លោកដូណាល់ ត្រាំដូច្នោះដែរ។
សូមរំលឹកថា ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៨ ការនាំប្រេងចេញរបស់អ៊ីរ៉ង បានធ្លាក់ចុះយ៉ាងគំហុក បន្ទាប់ពីរដ្ឋាភិបាលលោកដូណាល់ ត្រាំ បានសម្រេចដាក់ទណ្ឌកម្ម រារាំងមិនឲ្យគ្រប់ប្រទេសទាំងអស់ ទិញប្រេងពីអ៊ីរ៉ង់។ កាលពីខែកក្កដាកន្លងទៅនេះ ការផលិតប្រេងឆៅដើម្បីនាំចេញរបស់អ៊ីរ៉ង់ គឺមានតែ១សែនធុងបារីលក្នុងមួយថ្ងៃប៉ុណ្ណោះ ខណៈដែលកាលពីមុនខែមេសាឆ្នាំ២០១៨ ពោលគឺមុនការដាក់ទណ្ឌកម្មរបស់អាមេរិក អ៊ីរ៉ង់ផលិតប្រេង ចំនួន២លាន៥សែនធុងបារីល ក្នុងមួយថ្ងៃដើម្បីនាំចេញ។
វិស័យសេដ្ឋកិច្ចអ៊ីរ៉ង់ កំពុងស្ថិតក្នុងស្ថានភាពមួយ គួរឲ្យព្រួយបារម្ភបំផុត ដោយសារតែគ្មានចំណូលពីប្រេងឆៅ។ ការគំរាមរបស់អ៊ីរ៉ង់ ទាក់ទិនសន្តិសុខសុវត្ថិភាពនៃចរាចរណ៍ដឹកប្រេង ក្នុងឈូងសមុទ្រ នាពេលនេះ ប្រាកដជាធ្វើឲ្យប្រទេសនាំប្រេងចេញផ្សេងទៀត មានការព្រួយបារម្ភ។ វាក៏នឹងបន្ថែមកំដៅដល់ភាពតានតឹង ដែលអាចឈានទៅដល់ការផ្ទុះអាវុធនៅក្នុងតំបន់នេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ