អានតួអត្ថបទ
កាតា-វិបត្តិឈូងសមុទ្រ

កាតាថា ការ​ទាមទារ​ទាំង​១៣​ចំណុច ដែល​គេ​ដាក់​គំនៀប​លើខ្លួន​ គឺ​ជា​រឿង​ហួសហេតុ

វិបត្តិ​រវាង​កាតា ​និង​ក្រុម​ប្រទេស​អារ៉ាប់​តំបន់​ឈូង​សមុទ្រ ​នៅ​មិន​ទាន់​មាន​ពន្លឺ​រក​ច្រក​ចេញ​នៅ​ឡើយ​ទេ។ ក្រុម​ប្រទេស​៤ ​ដែល​មាន​អារ៉ាប៊ីសាអូឌីត ​ ជា​អ្នក​ដឹកនាំ​នោះ ​ បាន​ដាក់​គំនៀប​ទៅ​លើ​ប្រទេស​កាតា ​ដោយ​បាន​ផ្ញើរ​លិខិត​មួយ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ដែល​ក្នុង​លិខិត​នោះ ​មាន​រាយរាប់​អំពី​កាតព្វកិច្ច​១៣​ចំណុច ​ដែល​កាតា ​ត្រូវតែ​ធ្វើ​ដើម្បី​បញ្ចប់​វិបត្តិ។ ប៉ុន្តែ​ កាល​ពី​សៅរ៍ ​តំណាង​រដ្ឋាភិបាល​កាតា ​បាន​ឆ្លើយ​តប​វិញ​ថា ​ វា​ជា​ការ​ដាក់​កំហិត ​ដែល​មិន​ស​មហេតុផល​ និង​ហួសហេតុ​បំផុត​ មក​​លើ​កាតា ​ដែល​ជា​ប្រទេស​ឯករាជ្យ។

ប្រមុខរដ្ឋាភិបាល​កាតា លោកអេមៀរ Tamim Ben Hamad al-Thani
ប្រមុខរដ្ឋាភិបាល​កាតា លោកអេមៀរ Tamim Ben Hamad al-Thani Reuters
ផ្សាយពាណិជ្ជកម្ម

លិខិត​រាយរាប់​លក្ខខណ្ឌ​ទាំង​១៣​ចំណុច ​ ត្រូវ​បានគេ​ធ្វើ​ឲ្យ​បែក​ធ្លាយ ​ ចែក​ចាយ​ពេញ​បណ្តាញ​សង្គម​ កាលពី​ថ្ងៃ​សុក្រ។ កូវ៉េត ​ដែល​ជា​អ្នក​ចេញ​មុខ​ ធ្វើ​អាជ្ញាកណ្តាល​ និង​ធ្វើ​លិខិត​នេះ​នោះ​ បាន​សម្តែង​ការ​សោកស្តាយ​ជាខ្លាំង ​ បើ​ទោះ​បី​ជា​មិន​បាន​និយាយ​ដោយ​ចំៗ ​ថា​កាតា​មាន​ចេតនា​ ធ្វើ​ឲ្យ​បែក​ធ្លាយ​លិខិត​នេះជា​សាធារណៈ ​ក៏​ដោយ។

នៅក្នុង​ចំណោម​លក្ខខណ្ឌ ​ទាំង​១៣​ចំណុច ​ដែល​អារ៉ាប៊ីសាអូឌីត ​បារ៉ែន​ អេហ្ស៊ីប ​ និង​អេមៀរ៉ាត់ ​អារ៉ាប់រួម ​ទាមទារ​ពី​កាតា​នោះ ​មាន​ជា​អាថទិ៍ ​ដូចជា​ការ​ទាមទារ​ឲ្យ​កាតា​បិទ​បញ្ចប់​ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង់​ ហើយ​និង​បិទ​ស្ថានីយ៍​ទូរទស្សន៍ ​Al Jazeera ។ ប្រទេស​ទាំង​៤នេះ ​ក៏​បាន​ទាមទារ​ឲ្យ​កាតា ​ធ្វើការ​ប្រគល់​សកម្មជន​អ៊ីស្លាម ​មក​ពី​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម ​ ក្រុម​ហេសបូឡា​លីបង់ ​និង​ក្រុម​ភាតរ​អ៊ីស្លាម ​ ដែល​កំពុង​សំងំ​លាក់​ខ្លួន​នៅ​កាតា។

លក្ខខណ្ឌ​ទាំង​អស់​នោះ ​ គឺ​កាតា​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ ក្នុង​រយៈពេល​១០​ថ្ងៃ ​ ពុំនោះ​ទេ​ អ្វីៗ​ នឹង​ចប់​គ្នា​ត្រឹមនេះ។​ នេះគឺ​ជា​ការ​អះអាង​របស់​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស ​អេមៀរ៉ាត់​អារ៉ាប់រួម។ រដ្ឋមន្ត្រី​ដដែល ​ក៏បាន​ទាមទារ ​ឲ្យ​សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​ ជួប​រៀបចំ​យន្តការ​ ដើម្បី​ឃ្លាំមើល​សកម្មភាព​របស់​កាតា ​ក្នុង​ករណី​មាន​កិច្ច​ព្រមព្រៀង​ជានា​គ្នា​ឡើង​វិញ។

ស្រាប់តែ​នៅ​ថ្ងៃ​សៅរ៍​ទី​២៤ ​មិថុនា ​លោក ​Saif Ben Ahmed Al-Thani ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កាតា ​បាន​ឆ្លើយ​តប​វិញ​ថា ​ លក្ខខណ្ឌ​ដែល​គេ​ដាក់​កំហិត​មក​លើ​កាតា​នោះ ​ មិនមែន​សំដៅ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ទេ ​ តែជា​លក្ខខណ្ឌ ​ដែល​គេ​ដាក់ ​ដើម្បី​ត្រួតត្រា​លើ​អធិបតេយ្យភាព​របស់​កាតា។ អ្នកនាំ​ពាក្យ​ដដែល ​បាន​បន្ត​ថា ​ការ​ទាមទារ​ចាប់​បង្ខំ​កាតា ​ទាំង​១៣​ចំណុច​នេះ ​គឺ​ជា​រឿង​ហួសហេតុ​បំផុត។

ដូចគ្នាដែរ ​ឯកអគ្គរដ្ឋ​ទូត​កាតា ​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​ បាន​ថ្លែង​ថា ​ គេ​ព្រួតគ្នា​ធ្វើ​បាប​ ដាក់​កំហិត​ ដាក់​លក្ខខណ្ឌ​លើ​កាតា ​ដោយសារ​តែ​គេ​ចង់​ដាក់​ទោស​កាតា ​ព្រោះ​កាតា​ ហ៊ាន​តាំង​ខ្លួន​ ជា​ប្រទេស​ឯករាជ្យ​ម្ចាស់ការ។ ដោយឡែក​ ស្ថានីយ៍​ទូរទស្សន៍ ​ Al Jazeera​ បាន​ចេញ​លិខិត​ផ្លូវការ​មួយ​ ថ្កោល​ទោស​ការ​ទាមទារ ​របស់​ប្រទេស​ទាំង​៤ដែល ​បង្ខំ​កាតា​ឲ្យ​បិទ​ស្ថានីយ៍នេះ​ ថា​ ជា​ការ​ទាមទារ ​ដែល​បំពាន​លើ​សិទ្ធិ​សេរីភាព​សារព័ត៌មាន ​ និង​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ។ ស្ថានីយ៍​ទូរទស្សន៍ ​Al Jazeera ​បាន​លើក​ឡើង​ថា ​គេចង់​បំបិត​មាត់​ បំបិត​សម្លេង​តវ៉ា​ប្រឆាំង​ នៅ​ក្នុង​តំបន់​អារ៉ាប់​ តាម​រយៈ​ការ​បិទ​ស្ថានីយ៍​ទូរទស្សន៍ នេះ ​ដែល​ជា​បណ្តាញ​ព័ត៌មាន​ធំ​បំផុត​ក្នុង​តំបន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ