អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ក្រុមហ៊ុន​ Apple ​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​របស់​សហគមន៍​អ៊ឺរ៉ុប និង​ព្រឹទ្ធសភា​អាមេរិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

នា​ថ្ងៃ​ព្រហស្បតិ៍ទី​ ១៦ ខែ​តុលា​ខាង​មុខ​នេះ​ ក្រុមហ៊ុន​ Apple នឹង​បង្ហាញ​ផលិតផល​ថ្មី​របស់​ខ្លួន​ គឺ iPad Pro និង iPad Air 2 បន្ទាប់​ពី​បាន​ជោគជ័យ​លក់​ iPhone 6 និង​ iPhone 6 Plus អស់​ចំនួន​ ១០ លាន​គ្រឿង​ ក្នុង​រយៈ​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ​ កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន​។ កាល​ពី​ចុង​ខែ​កញ្ញា​កន្លង​ទៅ​នេះ​ គណៈកម្មការ​ផែ្នក​ប្រកួត​ប្រជែង​ពាណិជ្ជកម្ម ​របស់​សហ​ភាព​អ៊ឺរ៉ុប​ បាន​ប្រកាស​បើក​ការ​សង្កេត​លើ​ក្រុម​ហ៊ុន​អាមេរិក​ Apple ​ ដែល​មាន​រោងចក្រ​នៅ​ក្នុង​ប្រទេស​អៀរឡង់​។ ​ប្រទេស​សមាជិក​សហភាព​អ៊ឺរ៉ុប​មួយ​នេះ ​ត្រូវ​បាន​គេ​សង្ស័យ​ ថា​បាន​ជួយ​សំរួល​ដល់​អាជីវកម្ម​របស់​ក្រុមហ៊ុន​ Apple ​ដោយ​បាន​បន្ធូរ​បន្ថយ​អត្រា​ពន្ធ​លើ​ប្រាក់​ចំណេញ​ ក្នុង​អត្រា​ទាប​បំផុត។ ទន្ទឹម​គ្នា​នោះ​ដែរ​ ក្រុម​ហ៊ុន​ Apple ​កំពុង​រង​សម្ពាធ ពី​ព្រឹទ្ធសភា​សហរដ្ឋ​អា​មេរិក ​ជុំវិញ​ការ​គេចវេស​ មិន​បង់​ពន្ធ​លើ​ប្រាក់​ចំណេញ​ ចំពោះ​អាជីវ​កម្ម​របស់​ខ្លួន​នៅ​បរទេស​ ដោយ​ទុក​លុយ​ទាំង​នោះ​នៅ​តាម​បណ្តា​ដែនដី​ស្ថានសួគ៌​សំរាប់​អ្នក​គេច​ពន្ធ​ (paradis fiscaux)។ ​សំណុំ​រឿង​ដ៏​ស្មុគស្មាញ​មួយ​នេះ​ កំពុង​បន្ត​អូសបន្លាយ​ ដោយ​គ្មាន​ដំណោះស្រាយ​ពិតប្រាកដ​ឡើយ​។ ប្រសិន​បើ​គេ​រក​ឃើញ​កំហុស​ ក្រុមហ៊ុន​ Apple អាច​ត្រូវ​បង់​ប្រាក់ពិន័យ្យ​ រាប់​ពាន់​លាន​ដុល្លារ​។

មនុស្ស​បន្ត​កន្ទុយគ្នា​រងចាំ​​ចូលទិញ​ iphone 6​ នៅថ្ងៃ​បើកលក់​ដំបូង​ នៅក្រុង​ប៊ែកឡាំង​ កាល​ពី​ថ្ងៃ​១៩ កញ្ញា ២០១៤
មនុស្ស​បន្ត​កន្ទុយគ្នា​រងចាំ​​ចូលទិញ​ iphone 6​ នៅថ្ងៃ​បើកលក់​ដំបូង​ នៅក្រុង​ប៊ែកឡាំង​ កាល​ពី​ថ្ងៃ​១៩ កញ្ញា ២០១៤ REUTERS/Hannibal
ផ្សាយពាណិជ្ជកម្ម

យោង​តាម​អត្ថ​បទ​ចុះ​ផ្សាយ​របស់​កា​សែត​ Financial ​Times ​និង​កា​សែត​ Wall ​Street Journal​កាល​ពី​ចុង​ខែ​កញ្ញា​កន្លង​ទៅ​នេះ ​បាន ​អោយ​ដឹង​ថា​ ផែ្នក​ស៊ើប​អង្កេត​របស់​គណៈ​កម្ម​ការ​ប្រ​កួត​ប្រ​ជែង​អា​ជីវ​កម្ម​សហ​ភាព​អ៊ឺរ៉ុប បាន​ធ្វើ​ការ​លើ​សុំណុំ​រឿង​របស់​ក្រុម​ហ៊ុន​ Apple ​អស់​រយៈ​ពេល​ ​ជា​ច្រើន​ខែ​កន្លង​មក​ហើយ​។ ការ​ស៊ើប​អង្កេត​ដ៏​ស៊ី​ជំរៅ​នេះ​គឺ​ ផ្តោត​លើ​ការ​ធ្វើ​អា​ជីវ​កម្ម​របស់​ក្រុម​ហ៊ុន​អាមេ​រិក​មួយ​នេះ ​នៅ​ក្នុង​ប្រទេស​អៀរ​ឡង់​។​ បើ​តាម​លោក​ Joaquin Almunia ប្រធាន​ផែ្នក​ស៊ើប​អង្កេត​នេះ​ បាន​អោយ​ដឹង​ថា​ ចន្លោះ​ពី​ឆ្នាំ ១៩៩១ ដល់​ឆ្នាំ ២០០៧ ក្រុម​ហ៊ុន​អាមេរិក​ ដែល​មាន​ស្លាក​សញ្ញា​ផែ្ល​ប៉ោម​មួយ​នេះ ​បាន​ចរចារ​ជា​មួយ​រដ្ឋា​ភិ​បាល​ប្រទេស​អៀរឡង់​ ធ្វើ​យ៉ាង​ណា​អោយ​ខ្លួន​ទទួល​បាន​ភាព​អនុ​គ្រោះ​ បង់​ពន្ធ​តិច​បំផុត​លើ​ប្រាក់​ចំណេញ​របស់​ខ្លួន។​ ជា​ថ្នូរ​មក​វិញ​ ក្រុម​ហ៊ុន​ Apple សន្យា​បង្កើត​ការងារ​ចំនួន​ ៤ ពាន់​កន្លែង​នៅ​ការិយាល័យ​របស់​ខ្លួន​ ក្នុង​ទីក្រុង​ Cork ប្រទេស​អៀរឡង់​។

 
តាម​ពិត​ទៅ​ ក្រុមហ៊ុន​ Apple បាន​បោះ​ទីតាំង​ក្នុង​ប្រទេស​អៀរឡង់​ តាំង​ពី​ឆ្នាំ ​១៩៨០​ មក​ម្ល៉េះ។​ប៉ុន្តែ​ ក្រុមហ៊ុន​នេះ​ ទទួល​បាន​ការ​អនុគ្រោះ​ ដោយ​ពុំ​បង់​ពន្ធ​អស់​រយៈ​ពេល​ ១១​ ឆ្នាំ។ ​ចន្លោះ​ពី​ឆ្នាំ ១៩៩១ ដល់​ឆ្នាំ ២០០៧ ក្រុម​ហ៊ុន​នេះ​បាន​ចរ​ចារ​ជា​មួយ​រដ្ឋាភិបាល​ប្រទេស​អៀរឡង់​ ដោយ​កំណត់​អត្រា​ពន្ធ​ត្រឹម​តែ​ ២%​ ប៉ុណ្ណោះ​ ដែល​ខ្លួន​ត្រូវ​បង់​លើ​ប្រាក់​ចំណេញ​ពី​ការ​លក់​ផលិតផល​របស់​ខ្លួន។ ​អ្វី​ដែល​គណៈកម្មការ​ស៊ើបអង្កេត​របស់​សហគមន៍​អ៊ឺរ៉ុប​ កំពុង​ស្តី​បន្ទោស​ក្រុមហ៊ុន​ Apple និង​ប្រទេស​អៀរឡង់​នោះ​ គឺ​ការ​ត្រូវរ៉ូវគ្នា​តាម​រយៈ​ជំនួយ​រដ្ឋ​ មិន​ស្រប​ច្បាប់​ ដោយ​កំណត់​អត្រា​ពន្ធ​ដ៏​ទាប​បំផុត ​ដែល​នេះ​បង្ហាញ​ពី​ការ​ប្រកួត​ប្រជែង​មិន​ស្មោះត្រង់។

ទង្វើ​របស់​ក្រុមហ៊ុន​ Apple ​ក៏​បាន​ធ្វើ​អោយ​សហរដ្ឋ​អាមេរិចក មិន​សប្បាយ​ចិត្ត​ផង​ដែរ​ ព្រោះ​ក្រុមហ៊ុន​យក្ស​មួយ​នេះ​ បាន​បង្កើត​វិធីសាស្ត្រ​ដ៏​ស្មុគស្មាញ​មួយ​ចំនួន​ ធ្វើ​យ៉ាងណា​មិន​អោយ​បង់​ពន្ធ​ច្រើន​ហួសហេតុ​ តាម​ការ​តម្រូវ​របស់​ច្បាប់​ស្តី​ពី​ចំណូល​ពន្ធអាមេរិច។ សូម​បញ្ជាក់​ថា​អត្រា​ពន្ធ​លើ​ប្រាក់​ចំណេញ​របស់​សហគ្រាស​នៅ​សហរដ្ឋ​អាមេរិក​ មាន​កំរិត​ ៣៥%។ អាជីវកម្ម​របស់​ Apple ​នៅ​សហរដ្ឋ​អាមេរិច​ មិន​ត្រូវ​បាន​គេ​ស្តីបន្ទោស​ទេ​ ព្រោះ​ក្រុមហ៊ុន​នេះ​ បាន​បង់​ពន្ធ​ត្រឹមត្រូវ​ជូន​រដ្ឋ​។ ប៉ុន្តែ​ អ្វី​ដែល​គេ​ស្តីបន្ទោស​នោះ​គឺ ប្រាក់​ចំណេញ​អាជីវកម្ម​នៅ​បរទេស។ កាល​ពី​ពាក់​កណ្តាល​ឆ្នាំ ២០១៣​ កន្លង​ទៅ​នេះ​ សមាជិក​ព្រឹទ្ធសភា​អាមេរិក​ពីរ​រូប​ គឺ​លោក​ Carl Levin មក​ពី​គណៈបក្ស​ប្រជាធិបតេយ្យ​ និង​លោក​ John McCain ​មក​ពី​គណៈបក្ស​សាធារណៈរដ្ឋ​ ​ បាន​ដឹកនាំ​គណៈកម្មាធិការ​មួយ​ ស៊ើបអង្កេត​លើ​ក្រុមហ៊ុន​ ​Apple។ នៅ​ក្នុង​សេចក្តី​សន្និដ្ឋាន​របស់​របាយការណ៍​នោះ​ បាន​អោយ​ដឹង​ថា​ ក្រុមហ៊ុន​ ​Apple ​មាន​សាច់បា្រក់​ប្រមាណ​ ១០២ ទៅ ១៤៥​ ពាន់​លាន​ដុល្លារ​ក្នុង​គណនី ​នៅ​ធនាគារ​បរទេស តួយ៉ាង​ដូច​ជា​នៅ​កោះ​ Virgin និង​កោះ​ Cayman ដែល​ជា​ដែនដី​នៅ​ឯនាយ​សមុទ្រ​របស់​ប្រទេស​អង់គ្លេស។​ ដែន​ដី​កោះ​ទាំង​នោះ​ ត្រូវ​បាន​ស្គាល់​ថា​ជា​ស្ថានសួគ៌​សំរាប់​អ្នក​គេច​ពន្ធ​(paradis fiscaux)​ដោយ​អាជ្ញាធរ​ដែនដី​នោះ​ មិន​យក​ពន្ធ​ ឬ​ក៏​យក​តិចតួច​បំផុត​ លើ​ប្រាក់​ចំណេញ​របស់​បុគ្គល​ ឬ​សហគ្រាស​ដែល​មាន​គណនី​ក្នុង​ធនាគារ​របស់​ខ្លួន។


របាយការណ៍​របស់​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​ទាំង​ពីរ​រូប​ ក៏​បាន​អោយ​ដឹង​ដែរ​ថា​ ក្រុម​ហ៊ុន​ ​Apple មាន​យុទ្ធសាស្រ្ត​ធំ​ពីរ​។ ទី​មួយ​គឺ ក្រុមហ៊ុន​នេះ​ ធ្វើការ​ផ្ទេរ​កម្មសិទ្ធិ​បញ្ញា​របស់​ខ្លួន​ទៅ​ធ្វើ​អាជីវកម្ម​នៅ​បរទេស​ ដោយ​បង្កើត​ការិយាល័យ​ក្រុមហ៊ុន​គ្រប់គ្រង​អាជីវកម្ម​របស់​ខ្លួន​នៅ​ប្រទេស​អៀរឡង់​ ព្រោះ​កំរិត​ពន្ធ​នៅ​ប្រទេស​នោះ​ទាប​ជាង​គេ​នៅ​អ៊ឺរ៉ុប​។​ តាម​រយៈ​នេះ​ យើង​ឃើញ​ក្រុមហ៊ុន Apple បាន​បង្កើត​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​​បី​ ដែល​បាន​ចុះ​បញ្ជី​អាជីវកម្ម​នៅ​ប្រទេស​អៀរឡង់​គឺ ក្រុម​ហ៊ុន​ Apple Sales International (ASI), Apple Operations International (AOI) និង Apple Operations Europe (AOE)។​ ទី​ពីរ​គឺ​ក្រុមហ៊ុន​នេះ​ យក​ប្រាក់​ចំណេញ​ពី​អាជីវកម្ម​នៅ​បរទេស​ទៅ​ទុក​ក្នុង​គណនី​របស់​ធនាគារ​ នៅ​តាម​បណ្តា​ដែនដី​ស្ថានសួគ៌​សំរាប់​អ្នក​គេច​ពន្ធ។

ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​បី​នេះ​ មាន​តែ​ក្រុមហ៊ុន​ ​ Apple Sales International (ASI) តែ​មួយ​ប៉ុណ្ណោះ​ បាន​បង់​ពន្ធ​ត្រឹមត្រូវ​អោយ​ប្រទេស​អៀរឡង់​ ដោយ​កាល​ពីឆ្នាំ​២០១១​កន្លង​ទៅ​ ក្រុមហ៊ុន​នេះ​រក​ចំណូល​បាន​ ២២ ពាន់​លាន​ដុល្លារ​ ពី​ការ​លក់ ​iPhone,​ iPad​ និង​ផលិតផល​ផ្សេងៗ​ទៀត​នៅ​អ៊ឺរ៉ុប​ អាហ្វ្រិក​ និង​អាស៊ី​។ ប៉ុន្តែ ក្រុមហ៊ុន​នេះ​បាន​បង់​ពន្ធ​តែ​ ១០ លាន​ដុល្លារ​ប៉ុណ្ណោះ​អោយ​អាជ្ញាធរ​អៀរឡង់​។ តាម​ការ​គិត​ជាក់​ស្តែង​ ក្រុមហ៊ុន​នេះ​បង់​ពន្ធ​មិន​ដល់​ ០,៥%​ ផង​ នៃ​ប្រាក់​ចំណូល​របស់​ខ្លួន​។

អ្វី​ដែល​ធ្វើ​អោយ​ព្រឹទ្ធសភា​អាមេរិក​ទើសចិត្ត​នោះ​គឺ ក្រុមហ៊ុន​ Apple មាន​ប្រកាសនីយប័ត្រ​ (brevet) ​និង​កម្មសិទ្ធិ​បញ្ញា​ ចុះបញ្ជី​នៅ​សហរដ្ឋ​អាមេរិច​ ហើយ​រាល់​ការ​ប្រជុំ​ និង​សេចក្តី​សំរេច​ចិត្ត​លើ​អាជីវកម្ម​ទាំងឡាយ​របស់​កូន​ក្រុមហ៊ុន​ទាំងនោះ​គឺ ធ្វើឡើង​នៅ​ទី​ស្នាក់​ការ​ធំ​របស់​ក្រុមហ៊ុន​ Apple នៅ​រដ្ឋ​កាលីហ្វ័រនី​។ ដូចនេះ​ ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ទាំង​បី​គ្រាន់​តែ​ជា​ក្រុមហ៊ុន​ស្រមោល​ មាន​តែ​ឈ្មោះ​ប៉ុណ្ណោះ​។

ឆ្លើយតប​ទៅ​នឹង​ការ​ចោទប្រកាន់​នេះ​ ប្រធាន​អគ្គនាយក​ក្រុមហ៊ុន​ Apple ​គឺ​លោក Tim Cook បាន​ឡើង​ធ្វើ​សក្ខីកម្ម ​នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​ព្រឹទ្ធសភា​អាមេរិក ​ដោយ​លោក​បាន​អះអាង​ថា​ ក្រុមហ៊ុន​របស់​ខ្លួន​ បាន​បង្កើត​ការងារ​ដល់​មនុស្ស​ចំនួន​ ៦០ ម៉ឺន​នាក់​នៅ​សហរដ្ឋ​អាមេរិក​។​ ហើយ​ក្រុមហ៊ុន​បាន​គោរព​គោលការណ៍​ច្បាប់​ត្រឹមត្រូវ​ តួ​យ៉ាង​ ក្រុមហ៊ុន​បាន​បង់​ពន្ធ​ជូន​អាជ្ញាធរ​អាមេរិក​ចំនួន​ ៦ ពាន់​លាន​ដុល្លារ​ កាល​ពី​ឆ្នាំ​ ២០១២។​ លោក Tim Cook ក៏​បាន​ពន្យល់​ដែរ​ថា​ ក្រុមហ៊ុន​នឹង​មិន​យក​លុយ​ដ៏​សន្ធឹក​សន្ធាប់​របស់​ខ្លួន​ នៅ​តាម​ធនាគារ​បរទេស​ ត្រលប់​ចូល​ទឹកដី​អាមេរិក​ឡើយ​ ព្រោះ​ការ​ធ្វើ​បែប​នេះ​ នឹង​ធ្វើ​អោយ​ក្រុមហ៊ុន​ខាតបង់​ច្រើន​ ដោយសា​ច្បាប់​ពន្ធដារ​អាមេរិក​ តម្រូវ​អោយ​បង់​ ៣៥% លើ​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន។ លោក​បាន​ធ្វើ​អំណះ​អំណាង​ថា ​មាន​ក្រុមហ៊ុន​អាមេរិក​ធំៗ​ចំនួន​ជាង​ ៣០ ក៍​បាន​ធ្វើ​របៀប​នេះ​ដែរ​។ ​លោក​បាន​ស្នើ​អោយ​រដ្ឋាភិបាល​អាមេរិក​ គិតគូរ​ឡើង​វិញ​លើ​ក្រម​ពន្ធដារ​ ដោយ​ត្រូវ​បញ្ចុះ​កំរិត​ពន្ធ​អោយ​នៅ​ក្រោម​ ១០%​ ដើម្បី​ដើរ​អោយ​ទាន់​ស្ថានការណ៍​ជាក់ស្តែង​របស់​អាជីវកម្ម​ផ្នែក​បច្ចេកទេស​ព័តមានវិទ្យា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ