អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

នីហ្សេរីយ៉ា​ដែលជា​មហាអំណាច​សេដ្ឋកិច្ច​អាហ្វ្រិក​កំពុង​ទាក់ទាញ​វិនិយោគ​ចិន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រធានាធិបតី​នីហ្សេរីយ៉ា ហ្គូដឡាក់ ចូណាថាន់ (Goodluck Jonathan) កំពុង​​បំពេញ​ទស្សនកិច្ច នៅ​ក្នុង​ប្រទេស​ចិន។ ដំណើរទស្សនកិច្ច​រយៈពេល ៤ថ្ងៃ ដែល​ចាប់ផ្តើម កាល​ពីថ្ងៃ​អង្គារ ៩​កក្កដា ធ្វើ​ឡើង​ក្នុង​គោលដៅ​ពង្រឹង​ទំនាក់ទំនង​ខាង​ពាណិជ្ជកម្ម​ទ្វេភាគី ដែល​ក្នុងនោះ​មាន​ការ​ចុះហត្ថលេខា​ផ្តល់​ប្រាក់​កម្ចី​ដល់​នីហ្សេរីយ៉ា ចំនួន ៣ពាន់លាន​ដុល្លារ។ នីហ្សេរីយ៉ា ដែល​ជា​ប្រទេស​សម្បូរ​ធនធានធម្មជាតិ និង​ជា​មហាអំណាច​សេដ្ឋកិច្ច​លំដាប់ទី២ នៅ​អាហ្វ្រិក កំពុង​តែ​ទាក់ទាញ​វិនិយោគទុន​ពីចិន​កាន់តែ​ខ្លាំង​ឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។

លោក​ស៊ី ជីនពីង ប្រធានាធិបតី​ចិន ទទួល​ស្វាគមន៍​លោក​ហ្គូដឡាក់ ចូណាថាន់ ប្រធានាធិបតី​នីហ្សេរីយ៉ា នៅ​រដ្ឋធានីប៉េកាំង ថ្ងៃទី១០ កក្កដា ២០១៣
លោក​ស៊ី ជីនពីង ប្រធានាធិបតី​ចិន ទទួល​ស្វាគមន៍​លោក​ហ្គូដឡាក់ ចូណាថាន់ ប្រធានាធិបតី​នីហ្សេរីយ៉ា នៅ​រដ្ឋធានីប៉េកាំង ថ្ងៃទី១០ កក្កដា ២០១៣ REUTERS/Kim Kyung-Hoon
ផ្សាយពាណិជ្ជកម្ម

 

នីហ្សេរីយ៉ា ​ដែល​​មាន​ប្រជាជន​សរុប​​​ចំនួន​ជាង ១៦០លាន​នាក់ គឺ​ជា​ប្រទេស​មាន​ប្រជាជន​​ច្រើន​ជាងគេ​បង្អស់​នៅ​អាហ្វ្រិក ហើយ​បើ​និយាយ​ពី​ខាង​សេដ្ឋកិច្ច​វិញ នីហ្សេរីយ៉ា​ គឺ​ជា​​មហាអំណាច​សេដ្ឋកិច្ច​លំដាប់ទី២ នៅ​អាហ្វ្រិក បន្ទាប់​ពី​អាហ្វ្រិក​ខាង​ត្បូង។ នីហ្សេរីយ៉ា គឺ​ជា​ប្រទេស​សម្បូរ​ធនធាន​ធម្មជាតិ ជាពិសេស ប្រេង និង​ឧស្ម័ន។ នីហ្សេរីយ៉ា ជាប់​ចំណាត់ថ្នាក់​លេខ ៨ ក្នុង​ចំណោម​​ប្រទេស​នាំ​​ប្រេងចេញ​ នៅលើ​ពិភពលោក។ ក្រៅពី​ប្រេង និង​ឧស្ម័ន នីហ្សេរីយ៉ា មាន​ធនធានរ៉ែ​ជាច្រើន​ទៀត ដូចជា ធ្យូងថ្ម បុកស៊ីត មាស ដែក និង​សង្កសី ជាដើម ហើយ​ធនធានរ៉ែ​ទាំងនេះ​នៅ​មិនទាន់​ត្រូវ​បាន​គេ​ធ្វើ​អាជីវកម្ម​ឲ្យ​បាន​ពេញលេញ​នៅឡើយ។

ធនធានធម្មជាតិ​ និង​សក្តានុពល​សេដ្ឋកិច្ច​ទាំងនេះ​ហើយ ដែល​កំពុងតែ​ទាក់ទាញ​មហាអំណាច​សេដ្ឋកិច្ច​អាស៊ី គឺ​ចិន ដែល​កំពុង​តែ​ត្រូវការ​ខ្លាំង​នូវ​វត្ថុធាតុដើម​ផង និង​ទីផ្សារ ដើម្បី​លក់ទំនិញផង។

នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គេ​សង្កេតឃើញ​ថា ទំនាក់ទំនង​ពាណិជ្ជកម្ម​ ​រវាង​ចិន និង​នីហ្សេរីយ៉ា​​ត្រូវ​បាន​រឹតបន្តឹង​ឥតឈប់ឈរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។ ក្នុង​ចំណោម​ប្រទេស​នៅ​អាហ្វ្រិក នីហ្សេរីយ៉ា​គឺ​ជា​ទិសដៅវិនិយោគ​របស់​ចិន លំដាប់​ទីពីរ​ បន្ទាប់​ពី​អាហ្វ្រិក​ខាង​ត្បូង។

បច្ចុប្បន្ន​នេះ ចិន​បោះទុន​វិនិយោគ ក្នុង​ប្រទេស​នីហ្សេរីយ៉ា​ ដល់ទៅជាង​​ ១ពាន់លាន​ដុល្លារ។ ការវិនិយោគ​ ដែល​ពី​ដំបូង ធ្វើ​ឡើង​​ភាគច្រើន​ទៅលើ​វិស័យ​ប្រេង និង​ឧស្ម័ន កំពុងតែ​ត្រូវ​បាន​ពង្រីក​ទៅ​កាន់​វិស័យ​ផ្សេងៗ​ទៀត ជាពិសេស វិស័យ​ទូរគមនាគមន៍ និង​សំណង់។

ចិន​អាច​ពង្រឹង​​ឥទ្ធិពល​របស់​ខ្លួន ​ក្នុង​សេដ្ឋកិច្ច​​របស់​នីហ្សេរីយ៉ា​ តាមរយៈ​ការ​ប្រើ​លុយ ជាពិសេស គឺ​ប្រាក់កម្ចី ក្នុង​អត្រាការប្រាក់​ទាប ដែល​នីហ្សេរីយ៉ា​កំពុង​ត្រូវការ​ខ្លាំង ដើម្បី​យក​ទៅ​សាងសង់​ និង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធរបស់​ខ្លួន។ ប្រាក់កម្ចី​ចិន​នេះ​ហើយ ដែល​ជា​វត្ថុបំណង​ចម្បងបំផុត នៃ​ដំណើរទស្សនកិច្ច​របស់​ប្រធានាធិបតី​នីហ្សេរីយ៉ា ទៅកាន់​ប្រទេស​ចិន​ នៅពេលនេះ។

លុយ​ ៣ពាន់លាន​ដុល្លារ ដែល​លោក​ចូណាថាន់​ ចុះកិច្ចព្រមព្រមព្រៀង​ខ្ចីពី​ចិន ក្នុង​ដំណើរទស្សនកិច្ច​នេះ គឺ​ជា​ផ្នែក​មួយ នៃ​គម្រោង​កម្ចី​សរុប រហូតដល់​ទៅ ៨ពាន់​លាន​ដុល្លារ ដើម្បី​យក​ទៅ​ពង្រីក​ព្រលាន​យន្តហោះ និង​កំពង់ផែ ព្រមទាំង​សាងសង់​ទំនប់​វារីអគ្គិសនី។ គឺ​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​នីហ្សេរីយ៉ា​ កំពុង​តែ​ត្រូវការ​ចាំបាច់ ដើម្បី​ឆ្លើយតប​នឹង​​តម្រូវការ​នៃ​សកម្មភាព​សេដ្ឋកិច្ច​របស់​ខ្លួន ដែល​មាន​អត្រាកំណើន​​ប្រមាណ​ជា ៧% ក្នុង​មួយឆ្នាំៗ។

បើ​មើល​មួយភ្លែត​ទៅ ទំនាក់ទំនង​ពាណិជ្ជកម្ម រវាង​នីហ្សេរីយ៉ា និង​ចិន គឺ​ជា​ទំនាក់ទំនង​ឈ្នះ-ឈ្នះ៖ ចិន​ត្រូវការ​វត្ថុធាតុដើម​របស់​នីហ្សេរីយ៉ា ហើ​យ​នីហ្សេរីយ៉ា​ត្រូវការ​លុយ​របស់​ចិន។ ក៏ប៉ុន្តែ កាលពីខែ​មុននេះ នៅ​ក្នុង​បទវិចារណកថា​ ចុះផ្សាយ​លើ​ទំព័រ​កាសែត Financial Times អគ្គទេសាភិបាល​ធនាគារ​កណ្តាល​នីហ្សេរីយ៉ា បាន​សរសេរ​រិះគន់​​ថា ទំនាក់ទំនង​ពាណិជ្ជកម្ម រវាង​នីហ្សេរីយ៉ា និង​ចិន ជា​ទំនាក់ទំនង​ដែល​គ្មាន​សមភាព ដោយ​លម្អៀង​ខ្លាំង​ទៅ​ខាង​ផលប្រយោជន៍​ចិន។

ក្នុងរយៈពេល ៧ឆ្នាំ​ចុងក្រោយ​នេះ ការដោះដូរ​ពាណិជ្ជកម្ម​រវាង​នីហ្សេរីយ៉ា និង​ចិន បាន​កើនឡើង​ ១​គុណនឹង៦។ បើ​គិត​ជា​ទំហំ​ទឹកប្រាក់ គឺ​មាន​រហូតដល់​ទៅ ១៣ពាន់លានដុល្លារ កាល​ពី​ឆ្នាំ​២០១២​កន្លងទៅ។ ក៏ប៉ុន្តែ ក្នុង​ចំនួន​ទឹកប្រាក់​ទាំង ១៣ពាន់លានដុល្លារ​នេះ មាន​រហូតដល់​ទៅជិត ៩០% គឺ​ជា​ការ​នាំទំនិញ​ពី​ចិន​មក​លក់​នៅ​នីហ្សេរីយ៉ា។

អគ្គទេសាភិបាល​ធនាគារ​កណ្តាល​នីហ្សេរីយ៉ា​បាន​​រិះគន់​ថា ​ទំនាក់ទំនង​ពាណិជ្ជកម្ម​បែបនេះ​​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​​នឹង​ទំនាក់ទំនង​បែប​អាណានិគម ដោយ​ចិន​បូម​យក​វត្ថុធាតុដើម​​ពី​នីហ្សេរីយ៉ា ហើយ​នាំ​​ចូល​មក​នីហ្សេរីយ៉ាវិញ នូ​វផលិតផល​ឧស្សាហកម្ម។

ក៏ប៉ុន្តែ សំណួរ​សួរ​ថា តើ​នេះ​បណ្តាល​មក​ពី​កំហុស​របស់​ចិន ឬ​កំហុស​របស់​នីហ្សេរីយ៉ា​ខ្លួនឯង? ជាទូទៅ គេ​សង្កេតឃើញ​ថា ​នីហ្សេរីយ៉ា ក៏ដូចជា​ប្រទេស​ផ្សេងទៀត​នៅ​អាហ្វ្រិក ច្រើន​តែ​ផ្តេកផ្តួលខ្លាំង​ទៅ​លើ​ការ​លក់​ធនធាន​ធម្មជាតិ​របស់​ខ្លួន​ទៅ​បរទេស ជាជាង​ការ​អភិវឌ្ឍ​សមត្ថភាព ក្នុងការ​ធ្វើ​អាជីវកម្ម​ធនធាន​ទាំងនេះ​ដោយ​ខ្លួនឯង។

នៅពេល​ដែល​ចិន​បើក​ចំហ​ឲ្យ​ក្រុមហ៊ុន​បរទេស ចូល​មក​រកស៊ី​នៅចិន ចិនតែងតែ​ទាមទារ​ឲ្យ​មាន​ការ​ផ្ទេរ​បច្ចេកវិទ្យា និង​ចំណេះ​ដឹង។ ចុះនៅពេល​​ចិន​ចូល​មករកស៊ី​នៅ​អាហ្វ្រិក ហេតុអ្វី​ប្រទេស​ទាំងនេះ​មិនទាមទារ​ឲ្យ​​ចិន​​ផ្ទេរ​បច្ចេកវិទ្យា និង​ចំណេះដឹង ដើម្បី​​ឈាន​ទៅ​​ធ្វើ​អាជីវកម្ម​​ធនធាន​​ធម្មជាតិ​​ខ្លួនឯង​ទៅថ្ងៃ​អនាគត?

បញ្ហា​ចម្បង ដែល​ចោទ​ឡើង គឺ​អំពើ​ពុករលួយ ដែល​នៅ​មាន​កម្រិត​ខ្ពស់​ ទាំង​នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា និង​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ផ្សេងទៀត ដែល​សម្បូរធនធាន​ធម្មជាតិ។ មេដឹកនាំ​មួយចំនួន​គិតតែ​ពីផលប្រយោជន៍​ផ្ទាល់​ខ្លួន និង​បក្សពួក​របស់​ខ្លួន ដោយ​មិន​គិតគូរ​ទាល់តែ​សោះពី​ផលប្រយោជន៍​ជាតិ។ ចំណែក​មេដឹកនាំ​ខ្លះ​ទៀត គិត​ពី​ផលប្រយោជន៍​ជាតិ​ដែរ ក៏ប៉ុន្តែ ​សំឡឹង​ឃើញ​តែ​ផលប្រយោជន៍​នៅ​នឹង​មុខ ក្នុង​​រយៈពេល​ខ្លី ហើយ​គ្មាន​​ចក្ខុវិស័យ​វែងឆ្ងាយ សម្រាប់​ថ្ងៃ​អនាគត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ