អានតួអត្ថបទ

អ៊ីស្រាអែល​ជួយ​​ក្រុម​សង្គ្រោះ​ស៊ីរី តែ​ប្រកាន់​ខ្ជាប់​នយោបាយ​មិន​ជ្រៀតជ្រែក

ក្រុម​អ្នកសង្គ្រោះ​ស្ម័គ្រ​ចិត្ត​ស៊ីរី ឬ​ហៅ​ថា​ទាហាន​មួកស ដែល​មាន​ភារកិច្ច​ជួយ​ជនស៊ីវិល​រងគ្រោះ​ពី​ការ​វាយប្រហារ​របស់​យោធា​ស៊ីរី និង​រុស្ស៊ី ចំនួន​៨០០​នាក់ ត្រូវ​បាន​ជម្លៀស​តាម​​អ៊ីស្រាអែល ឆ្ពោះ​ទៅកាន់​ហ្សកដានី។ នេះបើ​តាម​ការ​ជូន​ដំណឹង​របស់​យោធា​អ៊ីស្រាអែល ដែល​បញ្ជាក់​ទៀតថា​ ក្រុម​មួកស​ស៊ីរី កំពុង​ប្រឈម​ខ្លាំង​នឹង​ការ​ចាប់​ឃុំ​ឃាំង និង​ប្រហារ​ជីវិត​ពី​សំណាក់​រដ្ឋាភិបាល​ក្រុង​ដាម៉ាស។

ក្រុម​អ្នក​សង្គ្រោះ​មួកស កំពុង​ទាញ​ជនរងគ្រោះ​ពី​គំនរ​បែកបាក់ដោយ​កា​រទម្លាក់​គ្រាប់​បែក
ក្រុម​អ្នក​សង្គ្រោះ​មួកស កំពុង​ទាញ​ជនរងគ្រោះ​ពី​គំនរ​បែកបាក់ដោយ​កា​រទម្លាក់​គ្រាប់​បែក REUTERS/Hosam Katan
ផ្សាយពាណិជ្ជកម្ម

ប្រតិបត្តិការ​ជម្លៀស​ក្រុមមួកស និង​គ្រួសារ ចេញ​ពី​ទឹកដី​ស៊ីរី កាត់តាម​ទឹកដី​​និង​ដោយ​អ៊ីស្រាអែល ត្រូវ​បាន​ធ្វើ​ឡើង​តាម​សំណើ​របស់​សហរដ្ឋ​អាមេរិក និង​ក្រុម​ប្រទេស​អឺរ៉ុប ! នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​យោធា​អ៊ីស្រាអែល។ សម្រាប់អ៊ីស្រាអែល នេះ​ជា​ប្រតិបត្តិ មនុស្សធម៌​ពិតៗ​ និង​មិនមែន​ជា​ផ្លាស់​ប្តូរ​នយោបាយ​​របស់​អ៊ីស្រាអែល​ចំពោះវិបត្តិ​ស៊ីរី​ឡើយ។

អ៊ីស្រាអែលរក្សា​ជំហរ​ដដែល គឺ​​មិន​ទទួល​ជនភៀស​ខ្លួន​ស៊ីរី​ទេ ! ប៉ុន្តែ​ជាញឹកញយ អ៊ីស្រាអែល​បាន​ទទួល​ព្យាបាល​ជនស៊ីវិល​ស៊ីរី​រងរបួស​ នៅ​តាម​មន្ទីរពេទ្យ​ជាប់ព្រំដែន និង​ផ្តល់​ជាជំនួយ​ស្បៀងអាហារ​ព្រមទាំង​ថ្នាំ​សង្កូវ​ ដល់​ជនស៊ីវិល​នៅ​ជំរំ​ភៀស​ខ្លួន​ ក្នុង​តំបន់​ខ្ពង់រាប​ហ្កូឡង់ កាន់កាប់​ដោយ​ស៊ីរី។

ចំពោះ​ករណីក្រុម​សង្គ្រោះ​មួកស​នេះ​ក៏​ដូច​គ្នា ! អ៊ីស្រាអែល​បាន​ជួយ​ចម្លង​ពួក​គេ​ឱ្យ​ទៅ​ស្នាក់​នៅ ​ក្នុង​ប្រទេស​ហ្សកដានី ​បណ្តោះ​អាសន្នសិន​ ក្នុង​ពេល​​រង់ចាំ​ការ​ផ្តល់​សិទ្ធ​ជ្រក​កោន​ក្នុង​ប្រទេស​ទីបី ពោល​គឺ​កាណាដា អាល្លឺម៉ង់ និង​អង់គ្លេស។ កាណាដា​បាន​ប្រកាស​ភ្លាម​ទទួល​យក​ទាហាន​មួយ​ស ចំនួន​៥០​គ្រួសារ ចំណែក​អាល្លឺម៉ង់​សន្យា​ទទួល​យក​៥០​គ្រួសារ។

សូម​បញ្ជាក់ថា​ ក្រុម​អ្នក​សង្គ្រោះ​នេះ​ ជា​ក្រុម​អ្នក​ស្ម័គ្រ​ ស៊ីវិល គ្មាន​អាវុធ និង​ធ្វើប្រតិបត្តិការ​សង្គ្រោះ​ជនស៊ីវិល​រងគ្រោះ​ដូច​គ្នា​នៅ​ក្នុង​តំបន់​កាន់​កាប់​ដោយ​ពួក​ឧទ្ទាម ដូច​ជា​ជួយសង្គ្រោះ​អ្នក​រងរបួស ជួយ​​គាស់​កាយ​អូស​ជន​រងគ្រោះ​ចេញ​ពី​គំនរ​ថ្ម​អាគារ​បែកបាក់ ក្រោយ​ការ​ទម្លាក់​គ្រាប់​បែក​​របស់​រុស្ស៊ី​ឬ​របស់​ទាហាន​លោក​បាស្ហារអាល់អាសាទ។ គិត​ចាប់​តាំង​ពី​ ​វិបត្តិ​នៅ​ស៊ីរី​បាន​ផ្ទុះ​ឡើង ទាហាន​មួក​ស បាន​សង្គ្រោះ​ជីវិត​មនុស្ស​បាន​ជា​ច្រើន​ពាន់​នាក់​។ ប៉ុន្តែសម្រាប់​រដ្ឋាភិបាល​ក្រុង​ដាម៉ាស និង​ម៉ូស្គូ ក្រុម​ទាហាន​មួក​ស​នេះ គឺ​ជា​ក្រុម​បះបោរអ៊ីស្លាម​ជ្រុលនិយម​ និង​ជា​ឧបករណ៍​ឃោសនា​របស់​លោក​ខាង​លិច។

ដោយ​ហេតុ​តែ​កង​កម្លាំង​យោធា​រដ្ឋាភិបាល​ក្រុង​ដាម៉ាស​ និងពួក​អង្គការ​រដ្ឋអ៊ីស្លាម​រំកិល​មក​កាន់​តែ​កៀក​តំបន់​កាន់​កាប់​ដោយ​ពួក​ឧទ្ទាម​ស៊ីរី​មិន​ជ្រុល​និយម​ ប្រតិបត្តិការ​ជម្លៀស​ដឹក​​ទាហានមួក​ស និង​ក្រុម​គ្រួសារ​បាន​តែ​ប្រមាណ​៤៤២​នាក់ មិន​មែន​៨០០​នាក់​ដូច​សេចក្តី​ប្រកាស​​របស់​ក្រសួង​ការ​បរទេស​អ៊ីស្រាអែល​ដំបូង​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ