អានតួអត្ថបទ
តួកគី-ភេរវកម្ម

តួកគី៖​ ភេរវកម្ម​អត្តឃាត​នៅ​ក្រុង​អង់ការ៉ា ​ស្លាប់​យ៉ាងហោច​ណាស់​២៨​នាក់

ជាថ្មី​ម្តងទៀត ​ប្រទេស​តួកគី​បាន​រង​អំពើ​ភេរវកម្ម​អត្តឃាត។ ទីក្រុង​អង់ការ៉ា ​រដ្ឋធានី​តួកគី​បាន​ទទួល​រងការ​វាយ​ប្រហារ​ភេរវកម្ម​ បំផ្ទុះ​គ្រាប់បែក ​កាល​ពី​យប់​ថ្ងៃ​ពុធ​ ទី​១៧​កុម្ភៈ ​ ដោយ​មាន​មនុស្ស​ស្លាប់ ​យ៉ាងហោច​ណាស់ ​២៨​នាក់ ​និង​អ្នក​រងរបួស​ជាង​៦០នាក់។ អាជ្ញាធរ​តួកគី ​បាន​ចាត់​ទុក​ថា ​ទាំង​នេះជា​អំពើ​ភេរវកម្ម​ ហើយ​បាន​ដាក់​ការ​សង្ស័យ​ថា ​ជា​អំពើ​របស់​ក្រុម​កួដស៊ីរី​ ដែល​ឃុបឃិត​គ្នា​ជាមួយ​គណបក្ស​បេកាកា ​ដែល​ជា​គណបក្ស​និយម​កួក​នៅ​តួកគី។

ក្រុមពន្លត់អគ្គីភ័យ ​កំពុងតែព្យាយាម​ពន្លត់​ភ្លើង​ដែល​ឆាប​ឆេះរថយន្ត​ ដោយសារតែ​គ្រាប់​បែក។ ភេរវកម្ម​​ក្រុង​អង់ការរ៉ា ថ្ងៃទី​១៧​កុម្ភៈ ២០១៦
ក្រុមពន្លត់អគ្គីភ័យ ​កំពុងតែព្យាយាម​ពន្លត់​ភ្លើង​ដែល​ឆាប​ឆេះរថយន្ត​ ដោយសារតែ​គ្រាប់​បែក។ ភេរវកម្ម​​ក្រុង​អង់ការរ៉ា ថ្ងៃទី​១៧​កុម្ភៈ ២០១៦ REUTERS/Ihlas News Agency
ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍​ភេរវកម្ម​បាន​កើត​ឡើង​នៅ​ក្រុង​អង់ការ៉ា ​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ​ ទី​១៧​ កុម្ភៈ ​ វេលា​ម៉ោង​ប្រហែលជា​៦ ​និង​៣០​នាទី ​ល្ងាច ​ នៅ​កណ្តាល​ក្រុង​អង់ការ៉ា​តែម្តង។ វាគឺ​ជា​ភេរវកម្ម​អត្តឃាត ​ដែល​ជន​ដៃដល់​បាន​បើក​រថយន្ត​ក្រុង​មួយ​ ផ្ទុក​ទៅ​ដោយ​គ្រាប់​រំសេវ ​ ទៅបុក​បំផ្ទុះ​ដើម្បី​សម្លាប់​មនុស្ស។

 
ភេរវកម្ម​សំដៅ​វាយប្រហារ​ទាហានតួកគី៖
ជន​ដៃដល់ ​ បាន​ជ្រើសរើស​យក​ទីតាំង​ដ៏​សំខាន់​ ដើម្បី​វាយ​ប្រហារ​ គឺ​នៅ​ទីលាន ​Kizilay ​ដែល​នៅ​កន្លែង​នោះ ​គឺ​នៅក្បែរ​រដ្ឋសភា​តួកគី ​មាន​ទីស្នាក់ការ​ក្រសួង​ជាច្រើន​កន្លែង ​ព្រមទាំង​មាន​ទី​បញ្ជាការ​កងទ័ព​របស់​តួកគី​ទៀត។ រថយន្ត​ផ្ទុក​គ្រាប់បែក​របស់​ជន​ដៃដល់ ​បាន​បើក​ទៅ​បុក ​រថយន្ត​ដឹក​ទាហាន​ជា​ច្រើន​គ្រឿង ​ ដែល​នៅ​ចត​ ហើយ​បើ​តាម​ការស្មាន​ គឺ​ជន​ដៃដល់ ​មាន​បំណង​វាយ​ប្រហារ​ទាហាន​តួកគី​តែម្តង។ គិត​មក​ត្រឹម​ពេល​នេះ ​ មាន​អ្នក​ស្លាប់​ក្នុង​ហេតុការណ៍​នេះ​ ចំនួន​២៨​នាក់ ​ និង​របួស​ចំនួន​៦១នាក់។ ក៏​ប៉ុន្តែ​យើង​នៅ​មិន​ទាន់​ដឹងថា​ មាន​ទាហាន​តួកគី​ប៉ុន្មាន​នាក់ ​ដែល​ស្លាប់​ រឺ​របួស​ក្នុង​ចំណោម​នេះ​ទេ។

ដោយ​ឡែក​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១៨​កុម្ភៈ​នេះ​ដែរ​ មាន​អំពើ​ភេរវកម្ម​មួយ​ទៀត ​នៅ​ភាគ​ខាង​ត្បូង​តួកគី ​ ដោយ​មាន​គ្រាប់បែក​បំផ្ទុះ​បំផ្លាញ ​ក្បួន​រថយន្ត​ទាហាន​របស់​តួកគី ​ ដោយ​បណ្តាល​ឲ្យ​ស្លាប់​ទាហាន​តូកគី​៧នាក់។

តួកគី​ចោទ​ថា​ជា​ស្នាដៃ​របស់​ក្រុម​តស៊ូ​កួដ​ស៊ីរី ​និង​គណបក្ស​PKK៖
បើយោង​តាម​ការ​ផ្សាយ​របស់​ប្រព័ន្ធ​ព័ត៌មាន​ក្នុងស្រុក​របស់​តួកគី ​បាន​ឲ្យ​ដឹង​ថា​ នគរបាល​តួកគី ​ បាន​ធ្វើកោសល្យវិច្ច័យ ​ពិនិត្យ​សាកសព​ជន​ដៃដល់ ​ហើយ​បាន​រកឃើញ​ថា​ជន​ដៃដល់​ជា​ជនជាតិ​ស៊ីរី​ ឈ្មោះ Salih Necar ​អាយុ​២៤​ឆ្នាំ ​ដែល​បាន​ឆ្លង​ចូល​មក​តួកកី ​ក្នុង​នាម​ជា​ជនភៀសខ្លួន​ ក្នុង​ពេល​ថ្មីៗ​នេះ។ ប្រព័ន្ធ​ព័ត៌មាន​តួកគី​ផ្សាយ​ទៀត​ថា  ​នគរបាល​បាន​សន្និដ្ឋាន​ថា ​ជន​ដៃដល់​គឺ​ជា​កូនចៅ ​ស្និទ្ធស្នាល​នឹង​ក្រុម​ចលនា​តស៊ូកួដ ​ពីរ​ក្រុម​នៅ​ស៊ីរី​ មួយ​ឈ្មោះ ​ក្រុម​ឯកភាព​ការពារ​ប្រជាជន​កួដ (YPG) ​និង​មួយ​ទៀត​ឈ្មោះ​គណបក្ស​សហភាព​ប្រជាធិបតេយ្យ​កួដ​ស៊ីរី (PYD)។ ក្រុម​ទាំងពីរ​នេះ ​ កន្លង​មក​ត្រូវ​បាន​រដ្ឋាភិបាល​តួកគី ​ចាត់ទុក​ថា​ជា​បក្សពួក​តែមួយ ​ជាមួយ​នឹង​ចលនា​តស៊ូ​កួដ​នៅ​តួកគី​ ឈ្មោះ​គណបក្ស​ពលករ ​កួដឌីស្ថាន​ ហៅ​កាត់​ថា​បេកាកា (PKK)។

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ​លោក​នាយករដ្ឋមន្រ្តី​តួកគី ​ ចេញ​មុខ​មក​ប្រកាស​តែ​ម្តង នៅ​ ចំពោះ​មុខ​អ្នកកាសែត​ថា​ អំពើ​ភេរវកម្ម​នេះ ​គឺ​ជា​ស្នាដៃ​រៀបចំ​របស់​ក្រុម​ បេកាកា​នេះឯង​ ដែល​ឃុបឃិត​គ្នា​ជាមួយ​នឹង​ក្រុម​ឧទ្ទាម​កួគ​នៅ​ស៊ីរី។ មាន​មនុស្ស​៩ ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ផងដែរ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ ដោយ​គេ​សង្ស័យ​ថា​សុទ្ធតែ​ជា​បណ្តាញ​របស់​ចលនា​តស៊ូ​កួដ។

ក៏​ប៉ុន្តែ​ ភ្លាមៗ​ក្រោយ​ការ​ប្រកាស​ចោទ​ប្រកាន់​នេះ ​លោក ​Cemil Bayik ​ដែល​ជា​មេដឹកនាំ​ម្នាក់​ក្នុង​គណបក្ស​បេកាកា ​បាន​ចេញមុខ​មក​បដិសេធ​ថា​ ក្រុម​បេកាកា ​មិន​បាន​ដឹងឮ ​មិន​បាន​ចូលរួម​ក្នុង​អំពើ​ភេរវកម្ម​នេះ​ទេ។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ ​លោក​បាន​ឆ្លៀត​បន្ថែម​ថា ​ ភេរវកម្ម​នេះ ​ អាច​ជា​លទ្ធផល​សងសឹក​ ដោយសារ​តែ​មួយ​រយៈពេល​ចុង​ក្រោយនេះ​ ទាហាន​អាកាស​ទួកគី ​ បាន​ចូល​ទៅ​ទម្លាក់​គ្រាប់​ក្នុង​ដី​ស៊ីរី ​នៅ​តាម​មូលដ្ឋាន​ក្រុម​ចលនា​តស៊ូ​កួដ​ នៅក្បែរ​ព្រំដែន​តួកគី។
 

ក្រុមចលនាតស៊ូ​កួដ​ នៅ​ភាគ​ខាងជើងស៊ីរី​ក្បែរព្រំដែន​តួកគី ដែល​រង​ការវាយ​ប្រហារ​ពីកងទ័ព​អាកាស​តួកគី
ក្រុមចលនាតស៊ូ​កួដ​ នៅ​ភាគ​ខាងជើងស៊ីរី​ក្បែរព្រំដែន​តួកគី ដែល​រង​ការវាយ​ប្រហារ​ពីកងទ័ព​អាកាស​តួកគី REUTERS/Rodi Said


កាំបិតតួកគី ​កំពុងតែ​ចិត​ដងឯង៖
អស់​មួយ​សប្តាហ៍​មកហើយ ​ ដែល​កងទ័ព​អាកាស​តួកគី​ បាន​ចូល​ទៅ​ទម្លាក់​គ្រាប់​ លើ​មូលដ្ឋាន​របស់​ក្រុមចលនា​តស៊ូកួដ ​នៅ​ក្នុង​ខេត្ត​អាឡិប ​ភាគ​ខាង​ជើង​ស៊ីរី។ ក្រៅ​ពី​ទម្លាក់​គ្រាប់ ​ តាមការ​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ តួកគី​ បាន​បញ្ជូន​ក្រុម​ឧទ្ទាម​ស៊ីរី ​ដែល​បាន​បណ្តុះបណ្តាល​ដោយ​តួកគី​ ចំនួន​៥០០​នាក់ ​ ​ឲ្យ​ចូល​ទៅ​ស៊ីរី​​ដើម្បី​វាយ​ក្រុម​ចលនា​តស៊ូកួដ ​នៅ​ខេត្ត​អាឡិប។ លោក ​ប្រធានាធិបតី​តួកគី​បាន​ប្រកាស​ហើយ​ ភ្លាមៗ​​​ក្រោយ​ហេតុការណ៍​ភេរវកម្ម​ថា ​ តួកគី​មាន​សិទ្ធិ​ការពារ​ខ្លួន​ ដោយ​ស្រប​ច្បាប់ ​ ហើយ​អាច​ធ្វើ​បាន​គ្រប់​រូបភាព​ទាំងអស់។

បញ្ហា​ជនជាតិ​កួដ​នេះ​ស្មុគស្មាញ​ណាស់។ ជនជាតិ​កួដ​ មាន​ច្រើន​លាន​នាក់ ​ដែល​រស់នៅ​រប៉ាត់រប៉ាយ​ មាន​នៅ​ក្នុង​ស៊ីរី​ផង ​ នៅ​អ៊ីរ៉ាក់​ផង ​នៅ​អ៊ីរ៉ង់​ផង​ និង​នៅ​តួកគី​ផងដែរ។ ចលនា​តស៊ូ​ជាច្រើន​ក្រុម​បាន​បង្កើត​ឡើង ​ដើម្បី​ប្រមូល​ផ្តុំ​គ្នា​ តស៊ូ​ដើម្បី​បង្កើត​ជា​រដ្ឋ​កួដឌីស្ថាន​ពេញ​អធិបតេយ្យ។ ក៏​ប៉ុន្តែ​នេះ​គ្រាន់​តែ​ជា​ក្តី​ស្រម័យ​របស់​ជនជាតិ​នេះ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់។

ដោយឡែក​ជនជាតិ​កួដ​នៅ​ស៊ីរី ​ជា​ក្រុម​ចលនា​មួយ​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​បាស្ឆា អាល់អាសាដ​ផង​ និង​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម​ផង។ សង្រ្គាម​ចលាចល​នៅ​ស៊ីរី​ និង​អ៊ីរ៉ាក់​ កំពុង​ត្រូវ​បាន​ចលនា​តស៊ូ​កួដ ​យក​ជា​ឱកាស ​ដើម្បី​ដណ្តើម​ដែនដី​កាន់កាប់​ផ្តាច់​មុខ។ អញ្ចឹង​ហើយ​បាន​ជា​តួកគី​បារម្ភ​ ព្រោះ​ខ្លាច​ក្រុម​កួដ​បាន​តំបន់​កាន់តែធំ​នៅ​ខាង​ជើងស៊ីរី ​ដែល​ជាប់​ព្រំដែន​តួកគី។ បើ​ក្រុម​កួដ​មាន​កម្លាំង​ នៅ​ក្បែរ​ព្រំដែន​តួកគី ​មាន​ន័យ​ថា​ក្រុម​នេះ ​និង​ជះ​ឥទ្ធិពល​ទៅ​ដល់​ចលនា​តស៊ូ​កួដ​បេកាកា ​នៅ​តួកគី។ ហើយ​ស្រួល​មិន​ស្រួល​ ក្រុម​កួដ​ទាំង​នេះ ​អាច​រួម​កម្លាំង​គ្នា ​ផ្អោប​ដែនដី​ភាគ​ខាង​ត្បូង​តួកគី ​ជាមួយ​នឹង​ដែនដី​ភាគ​ខាង​ជើង​ស៊ីរី​ ឲ្យក្លាយ​ជា​ដែនដី​របស់​ក្រុម​កួដ​តែមួយ ​តែម្តង​ ក៏​ថា​បាន។

នេះហើយ​ជា​ការ​បារម្ភ​របស់​តួកគី ​ក៏​ប៉ុន្តែ ​បើ​តាម​ការ​យល់ឃើញ ​របស់​អ្នក​វិភាគ​ជា​ច្រើន​គឺ​ថា​ តួកគី​បារម្ភ​ជ្រុល ​ឈ្លក់​វង្វេង​ជ្រុល​ តែនឹង​រឿង​ខ្លាច​ក្រុម​បេកាកា ​និង​ក្រុម​កួដ​ដណ្តើម​ឯករាជ្យ។ តួកគី​សុខចិត្ត​ធ្វើ​គ្រប់​យ៉ាង​ ធ្វើយ៉ាង​ណាឲ្យ​តែ​ក្រុម​នេះ​រលាយ ​ បើទោះ​បី​ជា​ត្រូវ​ហុច​ផល​ទៅ​ឲ្យ​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម​ក៏ដោយ។ លទ្ធផល​យើង​ឃើញ​ហើយ​ គឺ​កាំបិត​កំពុងតែ​ចិត​ដង​ឯង។ ភេរវកម្ម​ផ្ទួនៗ​ ជា​ស្នាដៃ​របស់​ក្រុម​ជីហាដ​ផង ​ របស់​ក្រុម​កួដ​ផង។ តួកគី​របស់​លោក​អ៊ែរដូហ្កាន់ ​មាន​សត្រូវ​ជុំទិស​តែម្តង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ