អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ឃាតកម្ម ​សម្លាប់​​អ្នក​កាសែត​បារាំង ឆ្លុះ​បញ្ចាំង​ពី​អស្ថិរភាព​នៅ​ភាគ​ខាង​ជើង​ម៉ាលី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់​នៅ​កណ្តាលក្រុង ទាំង​កណ្តាល​ថ្ងៃ បន្ទាប់​មក​សម្លាប់​​ចំណាប់​ថ្នូ​រ​ នៅចម្ងាយ​ប្រមាណ​តែ​ជាង​១២​គីឡូម៉ែត្រ តើ​អាច​បក​ស្រាយ​បាន​យ៉ាង​ដូចម្តេច ? វាយប្រហារ​នៅ​ក្រុង​គីដាល ដោយ​ចាប់​អ្នក​យក​ការណ៍​ពិសេស​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI គឺ​ជា​សោកនាដកម្ម​មួយ​​ ដែល​ពួក​ភេរវជន​ប៉ង​​សាបព្រោះ​បង្អាក់​ដំណើរការ​សន្តិភាព​ ខណៈ​ដែលម៉ាលី​កំពុង​រៀប​ចំ​ប្រទេស​ឱ្យ​មាន​ស្ថិរភាព​ឡើង​វិញ។

ផ្លូវ​មួយ ក្នុង​ក្រុង​ Kidal ថត​នៅ​​ខែ​កក្កដា ២០១៣
ផ្លូវ​មួយ ក្នុង​ក្រុង​ Kidal ថត​នៅ​​ខែ​កក្កដា ២០១៣ AFP/KENZO TRIBOUILLARD
ផ្សាយពាណិជ្ជកម្ម

ភេរវជន​ទាំង​បួន ជិះ​រថយន្ត​ Pick –Up បើតាមការ​ពិព័ណនា​របស់​កង​សន្តិសុខ បាន​បើក​យុទ្ធនាការ​ នៅ​មុខ​ផ្ទះ​អ្នក​ទទួល​ខុស​ត្រូវ​Touareg តែ​ម្តង​មុន​នឹង​ចាប់​អ្នក​កាសែត​បារាំង​ទាំង​ពីរ​ ហើយ​បាញ់​សម្លាប់​ចោល​នៅ​ ប្រមាណ​ជាង​១០​គីឡូម៉ែត្រ​ពី​គីដាល់​ ភាគ​ខាង​កើត។ ប្រភព​ព័ត៌មាន​ជា​ច្រើន​ទៀត ក្នុង​ជួរTouareg ថា​មាន​ឧទ្ធម្ភាគចក្រ​របស់​យោធា​បារាំង​ បាន​ដេញ​តាម​ឡាន​​ភេរវជន ហើយ​ភេរវជន​នោះ​ក៏​បាន​ឃើញ​កន្ទុំ​រុយ​តាម ...

មាន​ប្រភព​ព័ត៌មានច្រើន​រៀប​រាប់​អំពី​ហេតុការណ៍​សម្លាប់​អ្នក​កាសែត​ទាំង​ពីរ​នាក់​របស់ យើង​ តែ​​​ពិបាក​នឹង​យក​មក​ផ្គុំ​ជា​ឱ្យ​ចេញ​រឿង​ពិត​​ណាស់ ប៉ុន្តែ​អ្វី​ដែល​ច្បាស់ និង​ជា​ឥទ្ធិពល​ភ្លាម​នោះ គឺ​ទាំង​ទាហាន​បារាំង ម៉ាលី និង​កង​កម្លាំង​អង្គការ​សហប្រជាជាតិ មួក​ខៀវ នៅ​គីដាល រង​សម្ពាធ​ជាងគេ​។ មេរៀន​ដ៏​ជូរចត់​ណាស់ គ្នា​មួយ​ហ្វូង​​ធំ គ្មាន​សមត្ថភាព​ធានា​សុវត្ថិភាពឱ្យ​ក្រុង​តូច​មួយ​ ពី​​ការ​ចាប់ខ្លួន​មនុស្ស​ជា​ចំណាប់​ថ្នូរ។

សំខាន់​ជាង​នេះ​ទៅ​ទៀត គីដាល ក្រុង​និមិត្តរូប​ នៃ​ចលនា​Touareg ខុស​ពី​ក្រុង​ដទៃ​នៃ​ភាគ​ខាង​ជើង​ម៉ាលី មាន​ការ​បែកបាក់​​យ៉ាង​ខ្លាំង។ ក្រុមយោធា​ម៉ាលី​ និង​អតីត​ពួក​ឧទ្ទាម​នៃ​ចលនា​រំដោះ​​ជាតិ Azaward (MNLA) និង​សម្ព័ន្ធ​មិត្ត​ ប្រឈម​មុខ​ដាក់​គ្នា​ដោយ​ចំៗ ស្ទើរ​ក្លាយ​ជា​ការ​ប្រកាស​សង្គ្រាម​ទៅ​ហើយ។ ឯ​ក្រុម​Touareg​ខ្លួន​ឯង​ ក៏​ប្រេះ​ឆា​​ស៊ី​រូង​កាន់​តែ​ជ្រៅ សឹង​ក្លាយ​ជា​សត្រូវ​ ហែកហួរ​​ជា​ក្រុមតូច​​ ជា​កុល​សម្ព័ន្ធ​​ ព្រោះ​ចង់​បាន​ប្រយោជន៍​នយោបាយ​និង​យោធា ឬ​ជំនួយ​។

ក្នុង​ពេល​ជា​មួយ​គ្នា​ ​អំណាច​កណ្តាល​ កំពុង​ប្រឹង​​ស្តារ​អំណាច​គ្រប់គ្រង​តំបន់​​ តាម​រយៈ​ការ​ស្តារ​សន្តិភាព​ ដោយ​ព្រម​ឱ្យ​អតីត​Touareg ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្ត្រ ក្នុង​សម័យ​បោះឆ្នោត​សភា​ថ្ងៃ​ទី ២៤​វិច្ឆកា​ខាង​មុខ​នេះ​ផង។​ តើ​ម៉ាលី​កំពុង​ប្រើ​មធ្យោបាយ​ទិញ​សន្តិភាព​ តាមរយៈការ​បែក​តួនាទី​គ្នា​ឬ ?!

នេះ​ជា​ចំណុច​ខ្សោយ​​មួយ ដែល​ធ្លាប់​អនុវត្ត​​ក្នុង​សម័យ​ដឹកនាំ​ដោយ​ប្រធានាធិបតី​ម៉ាលី​  Amadou Toumani Touré ដែល​អប្រជាប្រិយភាព​រហូត​មាន​រដ្ឋ​ប្រហារ​ទម្លាក់។ គំរូ​​បញ្ជូល​គ្រប់និន្នាការ​Touareg  ទៅ​ក្នុង​រដ្ឋាភិបាល​ ដែល​ទី​បំផុត​ ជា​អាវុធ​មុខ​ពីរ។​ ដោយ​ហេតុ​តែ​អំពើ​ពុករលួយ បក្សពួក តំបន់​ភាគ​ខាង​ជើង​ម៉ាលី​ក្លាយ​ជា​សមរភូមិ​បំពាក់បំប៉ន​ក្រុម​ភេរវនិយម​AQMI​ មកពី​អាល់ហ្សេរី​ទៅ​វិញ។

តាំង​ពី​ចុង​ឆ្នាំ​២០១១​មក ក្រោយ​របប​កាដាហ្វី​ នៅ​លីប៊ី​រំលំទៅ មេកើយ​Taoureg ដែល​ភាគ​ច្រើន​ស្ថិត​ក្នុង​ជួរ​យោធា​លីប៊ី បាន​ធ្វើ​ទុក្ខ​មុក​ម្នេញ​ទាហាន​ម៉ាលី និង​បាន​ចូល​រួម​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​​ប្រធានាធិបតី​មុន។ ភាគ​ខាង​ជើង​ម៉ាលី បាន​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​ពួក​ឧទ្ទាមអាហ្សាវ៉ា ឬ ​MNLA ផង ក្រុម​ភេរវនិយម​AQMIផង ក្រុម​ជីហាត​ និង​ដៃ​ជើង​ ​នៅអាហ្វ្រិក (Mujao)។ ពី​រ​បី​ក្រោយ​មក​ទៀត ក្រុម​(MNLA) ដក​ខ្លួន​ចេញ​​ពី​ក្រុម​AQMI និង​ត្រូវបាន​បណ្តេញ​ចេញ​ពី​ក្រុង​ភាគ​ខាង​ជើង​មួយ​ចំនួន​ ផ្តាច់​ចេញ​ពី​សម្ព័ន្ធមិត្ត​ផ្សេងៗ។ វត្តមាន​​​ពួក​ភេរវនិយម​ដែល​ជំរុញ​ឱ្យ​បារាំង​បង្ខំ​ចិត្ត​ចេញ​ធ្វើ​អន្តរាគមន៍​យោធា នៅ​ថ្ងៃ​ទី ១១​មករា ឆ្នាំ​២០១៣នេះ។

ប្រតិបត្តិការ​បារាំង ដែល​បន្ត​ និង​គាំទ្រ​ដោយ​​កងទ័ព​មួយ​ខៀវ បាន​បណ្តេញ​​ពួក​ភេរវជន​ទាំង​នេះ ពី​ទី​​ក្រុង​ធំៗ និងយុទ្ធសាស្ត្រ​ ក្រោយ​ពី​បាន​បើក​យុទ្ធនាការ​អស់​ជាង​ពីរ​ខែ ប៉ុន្តែ​ពុំ​មាន​ន័យ​ថា​កម្ចាត់​ពួក​ភេរវនិយម​អស់​ទេ។ ដូច​ដែល​បក្ស​ប្រឆាំង​បារាំង​ធ្លាប់​រិះគន់​រដ្ឋាភិបាល​ ថា​គេ​មិន​អាច​បំបាត់​ពួក​ភេរវនិយម​ បាន​ក្នុង​ពេល​ដ៏​ខ្លីឡើយ។ មែន ! នាពេល​ចុង​ក្រោយ​នេះ ក្រុម​ភេរវជន​ហាក់​ប្រមូល​មូល​គ្នា បានឡើង​វិញ​អាច​រៀប​ចំ​ធ្វើ​ភេរវកម្ម​ បង្ក​អសន្តិសុខបាន​ជា​ថ្មី។ លោក​ប្រធានាធិបតី​ម៉ាលី ទើប​ជាប់​ឆ្នោត​ថ្មី កាលពី​ខែ​សីហា បាន​ព្យាយាម​​បង្ហាញ​ចេតនា​ស្ថាបនា​ទំនុក​ចិត្ត​ ដើម្បី​ផ្សះផ្សា​ជាតិ ប៉ុន្តែ​ពេល​ខ្លះ​ភាព​ច្របូក​ច្របល់​ក្នុង​ជួរ​ពួក​ឧទ្ទាម​​ មាន​បក្ស​មាន​ចលនា​ច្រើន​ប្រជែង​គ្នាឯង​ មិន​អនុញ្ញាត​ឱ្យ​​មាន​ការ​ទទួល​ខុស​ត្រូវ​ច្បាស់​លាស់​បាន​ទេ។

គ្រោះ​ថ្នាក់​មួយ​ទៀត​ ដែល​គ្រប់​គ្នា​គិត​ថា​មិន​ជា​អី​ប៉ុន្មាន​នោះ តែ​បាន​គំរាម​កំហែង​ខ្លាំង​ការ​ប៉ុន​ប៉ង​ស្វែង​រក​ស្ថិរភាព​ឱ្យ​តំបន់​នោះ គឺ ភាព​តាន​តឹង​រវាង​សហគមន៍ Touareg និង​អារ៉ាប។​ អំពើ​ហិង្សា​បាន​ផ្ទុះ​ដូច​លាច​ នៅ​តាម​ក្រុង​ផ្សេង​នៃ​ភាគ​ខាង​ជើង​ម៉ាលី​នេះ មាន​ជាអាទិ៍ នៅ​In Khalil តំបន់​តាម​ព្រំ​ប្រទល់​ជាប់​ប្រទេស​អាល់ហ្សេរី ឬ នៅ​ក្បែរ​ក្រុង​Tombouctou។

លើស​ពី​នេះ​ទៅ​ទៀត ប្រទេស​ក្នុង​តំបន់ផ្សេងៗ​ទៀត ខ្លះ​ជាប់​របង​ម៉ាលី​ផង កំពុង​រង​​អំពើ​ហិង្សា​​ពី​សំណាក់​ក្រុម​ប្រដាប់​អាវុធ​ជីហាត​ ក្រុម​AQMI និង​ក្រុម​រណប ជាក់​ស្តែង​ប្រទេស​នីហ្សេរីយ៉ា​ដែល​បាន​រង​ភេរវកម្មអត្តឃាត និង​ការ​ចាប់​ចំណាប់​ថ្នូរ។ ភាគ​ខាង​ត្បូង​វិញ​ ទី​ក្រុង​ ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ជា​មូលដ្ឋាន​ទ័ព​ជើង​ក្រោយ​សម្រាប់​ទប់​ទល់​ពួក​ភេរវនិយម​ Mujao Boko Haram។ ក្រោយ​ការ​បោះឆ្នោត​ប្រធានាធិបតី​ កាលពី​ខែ​សីហា ភាព​រីក​រាយ​តែ​សម្បក​ក្រៅ​បាន​គ្របដណ្តប់​​ប្រទេសម៉ាលី ប៉ុន្តែ​លោក កៃ​តា មាន​ពេល​តិច​តួច​បំផុត​សម្រាប់​ចរចា​ស្វែង​រក​សិ្ថរភាព​ឱ្យ​តំបន់​ភាគ​ខាង​ជើង។ ពុំ​នោះ​ទេ​ក្រុម​ជីហាត អាច​នឹង​បង្កើន​សកម្មភាព​​ភេរវកម្ម​នៅ​ម៉ាលី ដូច​ប្រទេស​ជិត​ខាង​ផ្សេង​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ