អ.ស.ប.អំពាវនាវ អោយអ៊ីរ៉ង់បញ្ឈប់ការប្រហារជីវិតមនុស្ស ចំពោះឧក្រឹដ្ឋកម្មដោយអនីតិជន
អគ្គស្នងការនៃអ.ស.ប.ទទួលបន្ទុកខាងសិទ្ធិមនុស្ស បានអំពាវនាវនៅថ្ងៃសុក្រម្សិលមិញ ឲ្យអាជ្ញាធរអ៊ីរ៉ង់ ធ្វើការបញ្ឈប់ជាបន្ទាន់ ការប្រហារជីវិតលើអ្នកទោសដែលធ្លាប់បានប្រព្រឹត្តឧក្រឹដ្ឋកម្ម ក្នុងពេលដែលពួកគេនៅជាអនីតិជន ពីព្រោះវា ជាការរំលោភលើច្បាប់អន្តរជាតិ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០៦
អគ្គស្នងការ អ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្ស លោក Zeid Al Hussein បានគូសបញ្ជាក់ថា គ្រាន់តែចាប់តាំងពីដើមឆ្នាំនេះមក អ្នកទោសអ៊ីរ៉ង់ចំនួន ៣នាក់ហើយដែលមានបុរស២នាក់និងស្រ្តីម្នាក់ ត្រូវបានគេប្រហារជីវិតពីបទប្រព្រឹត្តឧក្រឹដ្ឋកម្ម-ឧក្រឹដ្ឋកម្ម ដែលពួកគេបានធ្វើឡើង នៅក្នុងពេលពួកដែលពួកគេទើបមានអាយុតែ ១៥ឬ១៦ ឆ្នាំប៉ុណ្ណោះ។
ផ្ទុយទៅវិញ នៅឆ្នាំ ២០១៧កន្លងទៅនេះ ចំនួន អ្នកទោសដែលជាអនីតិជន និងដែលត្រូវបានគេប្រហារជីវិតដោយព្យួរក មានចំនួនតែ៥នាក់ប៉ុណ្ណោះ។
ចំណែកអ្នកជាប់ទោសទី៤ ដែលនឹងត្រូវប្រហារជីវិតនៅថ្ងៃពុធមុន ត្រូវបានគេព្យួទោសរយៈពេល២ខែ-នេះជាការគូសបញ្ជាក់របស់អគ្គស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅក្នុងសេចក្តីជូនដំណឹងមួយដែលបានចេញផ្សាយនៅទីក្រុងហ្សឺណែវ។ យោងតាមអង្គការ ដដែលនេះ ជនប្រមាណជា៨០នាក់ផ្សេងទៀត កំពុងរង់ចាំការកាត់ទោសប្រហារជីវិត ពីបទឧក្រឹដ្ឋ ដែលពួកគេបានធ្វើឡើងក្នុងពេលដែលពួកគេមានអាយុក្រោម១៨ឆ្នាំ។
អគ្គស្នងការអ.ស.ប. បានរំលឹកទៀតថា ការប្រហារជីវិតលើជនល្មើសដែលជាអនីតិជននេះ ត្រូវហាមប្រាមទាំងស្រុងដោយច្បាប់អន្តរជាតិបើទោះបីជានៅក្នុងកាលៈទេសៈឬក៏នៅក្នុងឧក្រឹដ្ឋកម្មណាមួយក្តី។ ម្យ៉ាងទៀត ការដាក់ទោសប្រហារជីវិតទៅលើអ្នកទោសបែបខាងលើនេះ គឺជាការរំលោភយ៉ាងជាក់ស្តែងទៅលើកាត្វកិច្ចរបស់អ៊ីរ៉ង់ ដោយយោងទៅលើសន្ធិសញ្ញាអន្តរជាតិ ២ ដែល អ៊ីរ៉ង់បានអោយសច្ចាប័ណ គឺអនុសញ្ញាអន្តរៈជាតិស្តីពីសិទ្ធិស៊ីវីលនិងនយោបាយនិងអនុសញ្ញាស្តីពីសិទ្ធិរបស់កុមារ។
ចំណែកអង្គការការពារសិទ្ធិមនុស្សរបស់អាមេរិកឈ្មោះ(Human Right watch HRW) វិញ "អឺរ៉ង់គឺជាប្រទេសទី៤នៅក្នុងចំណោមប្រទេស អារ៉ាប៊ី សាអ៊ូឌីត ប៉ាគីស្ថាន និង យេមែន ដែលបានធ្វើការប្រហារជីវិតមនុស្សអស់ជាច្រើននាក់ នៅក្នុងខណៈពេលដែលពួកគេនៅជាអនីតិជនឬនៅក្រោមអាយុ១៨ឆ្នាំ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ