អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ឡេតូនី ទ័លចំណេះ នៅពីមុខ ការឃោសនារុស្ស៊ី​​​​​​​​​​​​​​​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពីរសប្តាហ៍​មុន រដ្ឋសភា​ឡេតូនី បាន​សារភាព​ថា ក្រោយពី​មាន​សង្គ្រាម​ឃោសនា ប្រព្រឹត្ត​ទៅ អស់​ពីរ​ឆ្នាំ​ក្នុង​ប្រទេស​ខ្លួន គឺ​ជា​ការឥត​ប្រយោជន៍​សោះ បើនៅតែ​បន្ត​ប្រឈម​ទល់ នឹង​ការឃោសនា ពី​ខាង​រុស្ស៊ី ពីព្រោះ​អ្នក​ស្រុក​និយាយ​ភាសា​រុស្ស៊ី ដែល​មាន​ចំនួន​ដល់​ទៅ ៣០% នៃ​បណ្តាជន​នៅ​ឡេតូនី ជាទូទៅ គឺ​មាន​លក្ខន្តិកៈ “មិនមែន​ជា​ពលរដ្ឋ” ឡេតូនី​ទេ ហើយ​គេ នៅ​តែ​ជឿ​ស៊ុប​ដដែល តាមការ​ឃោសនា​របស់​រុស្ស៊ី។ នៅ​ពី​មុខ​ស្ថានភាព​នេះ ប្រធានាធិបតី​ឡេតូនី បាន​បង្ហើប​ឲ្យ​ដឹង​ថា ក្នុង​២​ឆ្នាំ​ទៀត ជា​កិត្តិយស​ដល់ ខួប​១០០​ឆ្នាំ នៃ​ឯករាជ្យ​រដ្ឋ​ឡេតូនី អ្នក​ស្រុក​បែប​នេះ​មួយ​ចំនួន​ធំ នឹង​ទទួល​បាន ឋានៈជា “ពលរដ្ឋ” ឡេតូនី។

ទង់ជាតិ​ឡេតូនី នៅ​ជញ្ជាំង​គណៈកម្មការ​អឺរ៉ុប​ក្រុង​ព្រុចសែល ថ្ងៃ​ឡេតូនី​ចូល​ជា​តំបន់​អឺរ៉ូ ថ្ងៃទី ១ មករា ២០១៤
ទង់ជាតិ​ឡេតូនី នៅ​ជញ្ជាំង​គណៈកម្មការ​អឺរ៉ុប​ក្រុង​ព្រុចសែល ថ្ងៃ​ឡេតូនី​ចូល​ជា​តំបន់​អឺរ៉ូ ថ្ងៃទី ១ មករា ២០១៤ REUTERS/Francois Lenoir
ផ្សាយពាណិជ្ជកម្ម

ទាំងអ្នកនយោបាយឡេតូនី ទាំង​អ្នកស្រាវជ្រាវ​ឡេតូនី នាំគ្នា​និយាយ​ថា ការតស៊ូ​ដើម្បី​បញ្ចុះបញ្ចូល អ្នក​ស្រុក​រុស្ស៊ី​និយម ឥត​បាន​ហុច​មក​នូវ​លទ្ធផល ដែល​គេ​សង្ឃឹម​ចង់​បាន​ឡើយ។

 
របាយការណ៍ ចេញដោយ មជ្ឈមណ្ឌល​ខាង​សន្តិសុខ​និង​ខាង​ស្រាវជ្រាវ​យុទ្ធសាស្ត្រ នៃ​បណ្ឌិត​សភា​ការពារ​ជាតិ​ឡេតូនី បង្ហាញ​ឲ្យ​ឃើញ​ថា អ្នកស្រុក​ដែល​និយាយ​ភាសា​រុស្ស៊ី រស់​នៅ ឡេតូនី នៅ​តែ​ចាត់ទុក​ខ្លួន​គេ ជា​ពលរដ្ឋ​ប្រទេស​រុស្ស៊ី និង អតីត​សហភាព​សូវៀត ហើយ​យល់​ថា ការជ្រៀតជ្រែក​ពី​ខាង​រុស្ស៊ី ជា​រឿង​ចាំ​បាច់​ត្រូវ​តែ​ប្រព្រឹត្ត​ទៅ ដើម្បី​ដោះស្រាយ​បញ្ហាសិទ្ធិ របស់​បណ្តាជន​និយាយ​ភាសា​រុស្ស៊ី ដែល​ស្ថិត​នៅ​ក្រោម​ការជាន់ឈ្លី ហើយ​គេ​ជឿ​ថា​ក្នុង​ប្រទេស​ឡេតូនី​បច្ចុប្បន្ន កំពុង​តែងើប ក្បាល​ឡើង​វិញ គឺ​របប​ហ្វាស៊ីស្តនិយម របប​ដែល​រើសអើង ចំពោះ​អ្នក​ស្រុក​ណា​ដែល​មិន​ចេះ ភាសា​ឡេតូនី ជា​ភាសា​រដ្ឋ។ 

ប្រធាន គណៈកម្មការរដ្ឋសភា​ឡេតូនី​ខាង​បញ្ហា​ការពារ​ប្រទេស លោក Aynar Latkovskis បាន​និយាយ​ត្រង់ៗ​ថា ៖ តើ​តាម​របៀប​ណា ដែល​ត្រូវ​ប្រយុទ្ធ​ទល់​នឹង​ការឃោសនា​នេះ? រុស្ស៊ី​ធ្វើ​ការឃោសនា​នេះ ដូច​ជំនាន់​សូវៀត​អញ្ចឹង។ នៅតាម​ប្រទេស​ប្រជាធិបតេយ្យ បែប​យ៉ាង​ឡេតូនី មិនមែន​ជា​ការងាយស្រួល​ឡើយ​ប្រើ​វិធី “លាង​ខួរក្បាល” មនុស្ស។ តាមខ្ញុំយល់ អាច​សម្រេច​បាន​ដូច​ចិត្ត លុះ​ណាតែ​កន្លង​ផុត មនុស្ស​ប៉ុន្មាន​ស្រករ​ទៀត។

ការឃោសនា ពីខាងវិមានក្រេមឡាំង ពាំនាំជាគ្រោះថ្នាក់

ជាងពីរឆ្នាំមុន ក្រោយពីវិបត្តិផ្ទុះឡើងនៅ​អ៊ុយក្រែន ពួក​អ្នកនយោបាយ​ឡេតូនី នាំគ្នា​បុក​ពោះ ខ្លាច​ក្រែង​វិបត្តិ​បែប​នេះ កើត​ឡើង​ទាំង​នៅ​ឡេតូនី​ដែរ ដោយ​មក​ពី​មាន​អ្នក​ស្រុក​និយាយ​ភាសា រុស្ស៊ី ​ស់នៅ ក្នុង​ចំនួន​យ៉ាង​ច្រើន។

ប៉ូលីស​សន្តិសុខ​ឡេតូនី បានព្រមានត្រង់ៗ អំពីការគម្រាម​ដល់​សន្តិសុខ​ជាតិ ពី​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី ព្រម​ទាំង​បាន​អំពាវនាវ ឲ្យ​កម្រិត​ការផ្សាយ​ជា “វិទ្ធង្សនា“ របស់​ប្រព័ន្ធ​នេះ ហើយ​ឲ្យ​បំផុសបំផុល​ការផ្សាយ​ជា​ភាសា​រុស្ស៊ី​ដែរ ប៉ុន្តែ​ពី​ខាង​ទូរទស្សន៍​និង​វិទ្យុ​ឡេតូនី​ផ្ទាល់។

មូលហេតុមកពី ជនជាតិ​រុស្ស៊ី​នៅ​ឡេតូនី ពេលមើល​ទូរទស្សន៍​រុស្ស៊ី គឺ​តែង​ខ្លប​តាម​ឥទ្ធិពល នៃ​ការឃោសនា​រុស្ស៊ី ហើយ​ក្នុង​ករណី បើ​សេណារីយ៉ូ​គ្រីមេ កើតឡើង​នៅ​ឡេតូនី គេ​មុខ​ជា​ស្ថិត នៅ​ខាង​វិមាន​ក្រេមឡាំង​ពុំខាន។ ពិត​ការយល់​ឃើញ​បែប​នេះ ដែល​បាន​បម្រើ​ជា​ទឡ្ហីករណ៍ ឲ្យ​បក្ស​សម្ព័ន្ធ​អូតង់ ពង្រាយ​អង្គភាព​ទ័ព​ខ្លួន ប្រចាំការ​នៅ​ឡេតូនី។

ក្នុងន័យនេះ អាជ្ញាធរឡេតូនី បានបិទ​ការផ្សាយ​របស់​កាណាល់​ទូរទស្សន៍​រុស្ស៊ី RTR-Russia ក្នុង​ប្រទេស​ឡេតូនី ហើយ​រំលែក​ទឹក​ប្រាក់​ទាំង​លានៗ​ដុល្លារ សម្រាប់​បង្កើត​ឡើង កាណាល់​ទូរទស្សន៍​សាធារណៈ​ឡេតូនី​ផ្សាយ​ជា​ភាសា​រុស្ស៊ី​ដែរ និង​បាន​អនុម័ត​វិសោធនកម្ម​មួយ​ចំនួន ឆ្ពោះ​ទៅ​ប្រយុទ្ធ​ទល់​នឹង​គ្រោះថ្នាក់ បណ្តាល​មកពី “សង្គ្រាម​ឃោសនា“។

នីតិវិធីបែបនេះ ក៏កំពុងប្រព្រឹត្តទៅ ទាំង ក្នុង​ប្រទេស​ពីរ​ផ្សេងទៀត​នៅ​មាត់​សមុទ្រ​បាលទិក គឺ លីទុយអានី និង អេស្តូនី។

ជារឿងថ្លៃ ហើយ គ្មានប្រសិទ្ធិភាព

កន្លងផុតពីរឆ្នាំហើយ ឥឡវ​បក្ស​សម្អ័ន្ធ​អូតង់ បាន​សម្រេច​ពង្រាយ​យោធា​ខ្លួន ឲ្យ​វត្តមាន​ជា​អចិន្ត្រៃយ៍​តែ​ម្តង នៅ​អឺរ៉ុប​ខាងកើត ​ប៉ុន្តែ​គ្មាន​នរណា​ចង់​ទប់ទល់​នឹង​ការឃោសនា​របស់​រុស្ស៊ី ទៀត​ឡើយ ដ្បិត​ត្រូវ​ចំណាយ​ច្រើន ហើយ​បញ្ចុះបញ្ចូល អ្នកស្រុក​និយាយ​ភាសា​រុស្ស៊ី មិន​បាន​សម្រេច​ដូច​ចិត្ត​ឯណា។

ស្របនឹងទិន្នន័យ ផ្តល់ដោយ​ក្រុមហ៊ុន​ទូរទស្សន៍​ឡេតូនី TNS ៖ ក្នុង​២​ឆ្នាំ​កន្លង​ទៅ​នៃ​ការផ្សាយ របស់​កាណាល់​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី “ប៉ុស្តលេខ-១ “ ជះ​ទៅ​លើ ប្រទេស​ឡេតូនី តាមរយៈ​កាណាល់​បាល់ទិក​ទី​១​ ប្រជាប្រិយភាព​នៃ​កាណាល់​ទូរទស្សន៍​សាធារណៈ​ឡេតូនី LTV បាន​ធ្លាក់​ពី ២,៧% មក​នៅ​ត្រឹម ២%។

លទ្ធផលនៃ​ការស្រាវជ្រាវ ក៏​ស​ឲ្យ​ឃើញ​ថា ពី​ក្នុង​ចំណោម​អ្នក​ស្រុក​ឡេតូនី ដែល​​និយាយ​ភាសា​រុស្ស៊ី មាន​ដល់​ទៅ ៤៦% មិន​ខ្ចី​មើល និង មិន​ខ្ចី​ស្តាប់​ឡើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឡេតូនី។

ដោយសិក្សា អំពីបញ្ហា តើ​សង្គម​ឡេតូនី អាច​ធ្លាក់​ក្នុង”អស្ថិរភាព” ឬ​ទេ បណ្ឌិត​សភា​ការពារ​ប្រទេស​ឡេតូនី បាន​ចេញ​របាយការណ៍​ដែល​ថា ទោះបី​អាជ្ញាធរ​ឡេតូនី ខំ​តស៊ូ​អស់​២​ឆ្នាំ​ក្តី ទល់​នឹង​ការឃោសនា​របស់​វិមាន​ក្រេមឡាំង ក៏​បណ្តាជន​ឡេតូនី​ដែល​និយាយ​ភាសា​រុស្ស៊ី ភាគច្រើន នៅតែ​ប្រកាន់​យក​បន្ទាត់​អែប​ទៅ​ខាង​រុស្ស៊ី ទាំង​ក្នុង​រឿង​ជម្លោះ​នៅ​អ៊ុយក្រែន ទាំង​អំពី​ស្ថានភាព​របស់​គេ​ផ្ទាល់ ដែល​ត្អូញ​ថា ដោយ​កាន់​ក្រដាស​ស្នាម ដែល​ថា គេ “មិនមែន​ជា​ពលរដ្ឋ” ឡេតូនី គេតែង​រង​នូវ​ការរើសអើង ពី​ខាង​រដ្ឋអំណាច​ឡេតូនី​ផ្ទាល់។ ជាក់ស្តែង ក្នុង​លក្ខន្តិកៈ​បែប​នេះ គេ​គ្មាន​សិទ្ធិ​បោះឆ្នោត​ទេ។

បន្ថយចំនួន អ្នកស្រុកដែលថា មិនមែនជាពលរដ្ឋ ឡេតូនី

អាជ្ញាធរឡេតូនី គ្រោងកាត់​បន្ថយ​ចំនួន​អ្នក​ស្រុក ដែល​មាន​លក្ខន្តិកៈ “មិនមែន​ជា​ពលរដ្ឋ” ហើយ ដែល​ក្នុងនោះ ភាគច្រើន​លើសលុប គឺ អ្នក​ដែល​និយាយ​ភាសា​រុស្ស៊ី។ កាត់បន្ថយនេះ គឺតាម រយៈ ការប្រគល់​ទៅ​អ្នក​ស្រុក​បែប​នេះ​មួយ​ចំនួន​ធំ​តែ​ម្តង នូវ​លក្ខន្តិកៈ​ជា ”ពលរដ្ឋ”។ ការប្រគល់​នេះ ជា​ភារកិច្ច​នៃ​ក្រុម​ប្រឹក្សា ផ្សំ​ឡើង ពី​ប្រធានាធិបតី​បច្ចុប្បន្ន លោក Raymond Vejonis និង បណ្តា​អតីត​ប្រមុខ​រដ្ឋឡេតូនី។ ពិធីប្រគល់ នឹងប្រព្រឹត្ត​ទៅ​ក្នុង​ឆ្នាំ​២០១៨ ជា​ឆ្នាំ​ខួប គម្រប់ ១០០ឆ្នាំ តាំងពី​រដ្ឋ​ឡេតូនី​បាន​ឯករាជ្យ ក្នុង​ឆ្នាំ១៩១៨ មក។ តាមស្ថិតិចុងក្រោយ ឡេតូនី មាន​បណ្តាជន​សរុប គឺ ប្រមាណ​២​លាន​នាក់ ដែល​ពី​ក្នុង​នោះ ម្តុំ ៣០% ជា អ្នកស្រុកនិយាយ ភាសារុស្ស៊ី៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ