អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ឡេតូនី​​ទទួល​ជនភៀសខ្លួន​តាម​បង្គាប់​ក្រុង​ព្រុចសែល​ប៉ុន្តែ​ដោយ​ចំណាយ​តិច​

ចុះផ្សាយ​នៅ​ថ្ងៃ៖

​ក្នុងឋានៈ​​ជា​សមាជិក​​សហភាព​អឺរ៉ុប​​តាំងពី​​ឆ្នាំ​​២០០៤​​មក​​ឡេតូនី​​មាន​ភារៈ​ចែក​​រំលែក​​បន្ទុក​​នៃ​​រលក​​ជនភៀស​ខ្លួន​ហូរ​ភ្លូកទឹក​ភ្លូកដី​ចូល​សហភាព​នេះ​ក្លាយ​ជា​ឆ្អឹង​ទទឹងក​ទៅ​ហើយ។ ​ប៉ុន្តែ​ឡេតូនី​​​ចេះ​រក​ឃើញ​​ស្នៀត​​គេច​ឲ្យ​ផុត​ពី​ការ​ស្នាក់នៅ​​ជាប់លើដី​ខ្លួន​នៃ​ជនភៀស​​ខ្លួន​​ដោយ​​ព្រម​ជាមួយ​នេះ​​បំពេញតាមកាតព្វកិច្ច​ខ្លួនខាង​ទទួលពួក​គេឲ្យជ្រកកោន។ មូលហេតុ មកពី​ឡេតូនី​បានបង្ក​​លក្ខណៈ​​មិន​អនុគ្រោះ​ឡើយសម្រាប់ការ​រស់​នៅ​ទីនោះ សូម្បីបើ​ពួកគេ​ចង់​​ណាស់​ណាក្តីពី​ព្រោះគេមុខជាគ្មាន​ធនធាន​សម្រាប់​រស់​ទៅ​កើត។​

ជនភៀសខ្លួនរង់ចាំការចែកចាយម្ភូបអាហារនៅជំរំជនភៀសខ្លួនdomeni តាម ព្រំដែនក្រិក-ម៉ាសេដន
ជនភៀសខ្លួនរង់ចាំការចែកចាយម្ភូបអាហារនៅជំរំជនភៀសខ្លួនdomeni តាម ព្រំដែនក្រិក-ម៉ាសេដន REUTERS/Yannis Behrakis
ផ្សាយពាណិជ្ជកម្ម

ស្របនឹង​សណ្តាប់ធ្នាប់​អនុម័ត​នៅ​សហភាពអឺរ៉ុប ប្រទេស​និមួយៗ​ពីក្នុង​ចំណោម ២៨ ប្រទេស​​ជា​សមាជិក មានកាតព្វកិច្ច​ត្រូវ​ទទួលជនភៀស​ខ្លួន​ទៅតាម​កូតា​របស់​ខ្លួន។ សម្រាប់​ឡេតូនី ដែលមាន​បណ្តាជន​ប្រមាណ​២​លាន​នាក់ កូតា​នេះ គឺ ៥៣១​នាក់។

 
លទ្ធផល​នៃ​ការ​ស្ទង់មតិ ធ្វើ​ក្នុង​ខែ​មករា​កន្លង​ទៅ ដោយ​ក្រុមហ៊ុន​សង្គមសាស្ត្រ SKDS សឲ្យ​ឃើញថា​អ្នកស្រុក​ឡេតូនី​ដល់ទៅ ៧៨,៣% នាំគ្នា​ចេញមុខ​ប្រឆាំង​នឹង​ការ​ទទួល​ជនភៀស​ខ្លួន​​នៅលើ​ទឹកដី​ខ្លួន។ គ្រាន់តែ​ក្នុង​កន្លះ​ឆ្នាំ​ចុង​ក្រោយ នៅ​ក្នុង​ក្រុង Riga រដ្ឋធានីប្រទេស​មាន​ប្រព្រឹត្ត​ទៅ​អស់ ៦​លើក​ហើយ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ត្រូវ​មកដល់​ឡេតូនី នៃពួក​ជនភៀស​ខ្លួន។

សម្រាប់​បំពេញ​តាម​កូតា ដែល​ឡេតូនី បាន​ទទួល​យកមក​ដាក់​លើ​ខ្លួន ពួក​អ្នក​តំណាង​នៃ​ក្រសួង​​មហាផ្ទៃ​ប្រទេស​នេះ បានទៅកាន់​ភូមិភាគ​ខាងត្បូង​ទ្វីបអឺរ៉ុប​ដើម្បី​ធ្វើការ​ស្រាល់ជ្រើស​ហើយ​នាំមក​កាន់ដែនដី​ឡេតូនី​គឺ​តែ​ជនភៀសខ្លួន​ណា ដែល​ឆ្លើយស្រប​នឹង​ទាមទារ​បីចំណុច​នៃ​ច្បាប់​ឡេតូនី​ផ្ទាល់​ពោល​គឺ ៖ ស្ថានភាព​គ្រួសារជន​នោះ តើ​ភាសាណា​ដែល​គេចេះ​និយាយ​​និង​ចេះ​សរសេរ, តើ​គេមាន​ចំណេះដឹង​ក្នុង​កម្រិត​ណា។

កាលពីដើម​ខែ​កុម្ភៈ​នេះ អ្នកនាំពាក្យ​ផ្លូវការ​នៃ​ក្រសួង​មហាផ្ទៃ​ឡេតូនីបាន​ថ្លែង​ថា៖ក្នុង​ដំណាក់​​​ឥឡូវ​ពី​ក្នុង​ចំណោម​ជន​ភៀសខ្លួន​និង​ជន​បន្លាស់ទីដែល​បាន​ឆ្លង​សមុទ្រ មក​ដល់​ភូមិភាគ​ខាង​​ត្បូង​ទ្វីប​អឺរ៉ុប គ្មាន​នរណា​ម្នាក់​សុខចិត្ត​បន្ត​ដំណើរ មក​កាន់​ឡេតូនី​ឡើយ។ គាត់​បំភ្លឺ​ឲ្យ​ដឹង​ថា​គេ​ទាំង​នោះ​ជាទូទៅ​ប្រាថ្នា​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ណា​ដែល​មាន​សាច់ញាតិ​គេ​ស្ថិត​នៅ​ស្រាប់​ទៅ​ហើយ​គឺ​ប្រទេស​ដែល​តាំងពីយូរ​មក​ហើយ បាន​បើកទ្វារ​ទទួល​ជន​ភៀស​​ខ្លួន។

ចំណែក​សម្រាប់​ឡេតូនី​និង​ប្រទេស​ពីរ​ទៀត​នៅ​មាត់​សមុទ្របាល់ទិក ពោល​គឺ លីទុយអានី និង​​អេស្តូនី​ ការ​ទទួល​ជនភៀស​ខ្លួន​ឲ្យ​ជ្រកកោន​ជា​រឿង​ថ្មី។

ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​មុន មាន​លេច​ចេញ​មក ដំណឹង​ដែល​ថា​ពី​ក្នុង​កូតា ៥៣១​នាក់​នោះ មាន​ពីរ​គ្រួសារ​​គឺ​មួយ​មក​ពី Erythrée មួយ​ទៀត​មកពី​ Syrie បាន​មក​ដល់​ឡេតូនី​មែន។ តាម​បទ​យកការណ៍​​ផ្សាយ​ដោយ​អ្នកកាសែត ២០​នាក់​ពី​កន្លែង​ផ្ទាល់ គឺ​មាន​អ្នកស្រុក​ឡេតូនី ប្រមាណ ៣០០​នាក់ បាន​នាំគ្នា​ឈរ​សំដែងការ​ប្រឆាំង​ទល់​នឹង​ការ​មក​ដល់​នៃជនភៀសខ្លួនទាំង​នោះ។

ដេប៉ារតឺម៉ង់​ខាងកិច្ចការ​សញ្ជាតិ​និង​ជនបន្លាស់ទី​ឡេតូនី  បាន​ឲ្យ​ដឹង​ថា ក្រោយពី​មក​ដល់​ភ្លាម​ ជនបន្លាស់ទី​ទាំង​នោះ ត្រូវ​បាន​អាជ្ញាធរ ដាក់​ឲ្យ​ស្នាក់នៅ​ក្នុង​មជ្ឈមណ្ឌល​ពិសេស ដើម្បី​រង់ចាំ សេចក្តីសម្រេច​តើ​គេ​អាច​ទទួល​ឬ​ទេ លក្ខន្តិកៈផ្លូវការ​ជា​ជនភៀសខ្លួន។ ពេលស្នាក់នៅ​ទីនេះ គេ​មាន​ដំបូលជ្រក​ព្រមទាំង​ទទួល​ក្នុង​១​ថ្ងៃៗ គឺ​ប្រាក់ ២,១៥ € សម្រាប់​ទិញគ្រឿង​បរិភោគ​និង​សម្រាប់​ការ​ចំណាយផ្សេង​ទៀត។ ជាការកត់សម្គាល់ ឡេតូនី បាន​ចូល​ក្នុង​តំបន់​ចាយ​លុយ € គឺ កាលពី​ថ្ងៃ ១​មករា​ឆ្នាំ២០១៤។

រយៈពេល​ដែល​គេ​ត្រូវ​រង់ចាំ សេចក្តីសម្រេច​អំពី​លក្ខន្តិកៈ​របស់​គេ អាច​ពន្យារទៅ​ពី​៣​ដល់​៦ខែ។ ក្នុង​រយៈពេល​នេះ សាមីខ្លួនរៀន​ភាសា​ឡេតូនីដោយ​រដ្ឋឡេតូនី​ជា​អ្នក​បង់ថ្លៃ។​សម្រាប់​ អនក្ខរជន ដែល​មិន​ចេះ​ន​ខ្វាក់ ការ​បង្រៀន​គេ​ត្រូវស៊ី​ពេល​ដល់​ទៅ ៤៨០​ម៉ោង ដើម្បី​ឲ្យ​គេ​ចេះ​ អក្សរ​ឡេតូនី ថ្នាក់​ទាបបំផុត​ហៅ​ថា​ថ្នាក់ A-1។ បើ សម្រាប់​អ្នក​ដែល​មាន​សញ្ញាប័ត្រ​ឧត្តម​សិក្សា គឺ​ត្រូវ​រៀន​ភាសា​ឡេតូនី​តែ ៣២០​ម៉ោង​ប៉ុណ្ណោះ ដើម្បី​ចេះ​ក្នុង​កម្រិត A-2។

ទីភ្នាក់ងារភាសាឡេតូនី គូស​បញ្ជាក់​ថា​ក្នុង​រយៈពេល ពី​៣​ទៅ​៦​ខែ​ដែល​សាមីជន រង់ចាំ​ទទួល​ ស្ថានភាព​ជា​ជនភៀសខ្លួន គេត្រូវ​រៀន​ភាសា​ឡេតូនី ឲ្យចេះ យ៉ាងហាច​ណាស់​ក្នុងកម្រិត A-1។

បើមិនចេះភាសា​ឡេតូនី​ក្នុង​កម្រិត​នេះ​ទេ ជនភៀសខ្លួន មិនអាច​ត្រូវ​ទទួល​ឲ្យ​ធ្វើការ​ឡើយ សូម្បី​ជា​កសិករ​ជា​អ្នកគង្វាល​ចៀម ជា​អ្នក​សម្អាត​ទីធ្លា ឬ​ជា​អ្នកបោស​សម្រាម។ ហើយដើម្បី​ធ្វើការ​ជាអ្នក​បម្រើ​ក្នុង Bar ឬ​ជា​ជាង​កាត់​សក់ គឺ​ត្រូវចេះ​ភាសា​ឡេតូនី​ចាប់ពី​កម្រិត A-2 ទៅ។ បើហ៊ាន​ធ្វើការ​ដោយ​មិនចេះ​ភាសា​ឡេតូនី ជា​ភាសារដ្ឋ នោះ​សាមីជន​ព្រម​ទាំងនិយោជក​នឹង​ត្រូវ​រដ្ឋ​ពិន័យ​ជា​ប្រាក់​យ៉ាង​ក្រាស់ក្រែល។

ដរាបណាមាន​ការ​ធ្វើ​ហើយ​ជនភៀសខ្លួន លែង​ទទួល​ទៀត​ឡើយ​ប្រាក់​អាហារ ២,១៥ € ក្នុង​១​ថ្ងៃ។ គេ​ចាប់ផ្តើម​ជីវភាព​រស់នៅ​ដោយ​ម្ចាស់ការណ៍​ខ្លួន​ឯង​ដោយ​បង់ថ្លៃ​លំនៅ​ខ្លួនឯង។

ប្រសិន​បើ​ជនភៀសខ្លួន​ចេះ​ភាសា​ឡេតូនី​ទៅ​ហើយ ស្រាប់តែមិន​ចង់​ធ្វើការ​ហើយ​ចង់​បន្ត ការសិក្សា នោះ​គេ​អាច​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋក្នុង​១​ខែៗ គឺ ១៣៩ €។ អាច​ទទួល​ប្រាក់​ជំនួយ​​​ក្នុង​ទំហំនេះ​​គឺ​តែ​សមាជិក​ម្នាក់​ប៉ុណ្ណោះ​នៃ​គ្រួសារ។ សមាជិក​ឯ​ទៀត​អាច​ទទួល​ម្នាក់ៗ​តែ ៩៧ €។ ដូច្នេះ បើ​គ្រួសារ​មាន​គ្នា​៤​នាក់ នោះ​គេ​អាច​ទទួល​សរុប​ទៅ គឺ​តែ ៤៣០ € ក្នុង​១​ខែ។ ក្នុង​ករណី ដែល​សាមីជន រកការធ្វើ បាន​ដូច​ចំណូលចិត្ត​ខ្លួន នោះ​គេ​លែង​ទទួលប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋ​ទឿត​ឡើយ។ ចំណែក​ប្រាក់ ៤៣០ € នោះ គឺ​គេ​ត្រូវបង់​សព្វបង់គ្រប់​តាំងពី​ថ្លៃ​ជួល​លំនៅ​រហូត​ដល់​ថ្លៃអាហារ។

បើនិយាយ​ពី​ថ្លៃ​ទឹក​ថ្លៃភ្លើង​ថ្លៃ​ទូរស័ព្ទ សម្រាប់​លំនៅ​មាន​មួយ​បន្ទប់​ក្នុង​ក្រុង Riga គឺ​ម្តុំ ១០០ € ថ្លៃជួល​លំនៅ​បែប​នេះ យ៉ាងហោចណាស់ គឺ ១៥០ € ក្នុង​១​ខែ ថ្លៃ​ធ្វើដំណើរ​មួយ​លើកៗ តាម យានជំនិះ​សាធារណៈ​ក្នុង​ក្រុង​គឺ ២ €។ គ្រួសារណា ដែល​ទទួល​បាន​សម្រាប់សមាជិក​ម្នាក់ៗ ត្រឹម ១០៧,៥ € គឺត្រូវចាត់ទុកថាក្រីក្រ ហើយអាចទទួលប្រាក់ជំនួយពីរដ្ឋ ២៤១ € ក្នុង១ខែ។

ទោះមានការឧបត្ថម្ភពីរដ្ឋក្តី ក៏ខ្ទង់ចំណូលនៃគ្រួសារជនភៀសខ្លួន ស្ថិតនៅទាបនៅឡើយ តែម្តុំ ៣៣៥ € សម្រាប់មនុស្សពេញវ័យម្នាក់ៗ។ ជាការប្រៀបធៀប នៅឡេតូនី ប្រាក់ខែ​មធ្យម ក្នុងឆ្នាំ ២០១៤ គឺ ៥៦០ € គេជាអ្នកស្រុកមានផ្ទះខ្លួនឯងស្រាប់ មិនចាំបាច់បង់​ថ្លៃ​ជួល​លំនៅឡើយ។

នៅទីបញ្ចប់ គួរនិយាយថា ជនភៀសខ្លួនដែលចេះទទួលបានសញ្ជាតិឡេតូនីមុនគេ កាល​ក្នុង​​ឆ្នាំ ២០០៥ គឺមកពី ប៉ាឡេស្ទីន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ