អានតួអត្ថបទ
ស៊ីមបាវ៉េ

លោក Emmerson Mnangagwa ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតីស៊ីមបាវ៉េ

លោក Emmerson Mnangagwa បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតីស៊ីមបាវ៉េ ជា​ផ្លូវ​ការ​ហើយ នៅ​ថ្ងៃ​សុក្រ​នេះ។ ការ​ឡើង​កាន់​តំណែង​របស់​លោក Mangagwa នា​ពេល​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ការ​បិទ​ទំព័រ​ប្រវត្តិសាស្ត្រ​របស់​លោក រ៉ូប៊ឺត មូហ្គាបេ ដែល​បាន​លា​លែង​ចេញ​ពី​តំណែង​កាល​ពី​ថ្ងៃ​អង្គារ​ដើម​សប្ដាហ៍​នេះ ដោយ​មាន​ការ​ដាក់​គំនាប​ពី​ក្រុម​យោធា និង​គណបក្ស​របស់​លោក​។ យ៉ាង​ណា​ក៏​ដោយ លោក Emmerson Mnangagwa ត្រូវ​បាន​កាសែត​រដ្ឋ​ស្រង់​សម្ដី​ថា បាន​សន្យា​​ធានា​សន្តិសុខ​និង​សុខុមាលភាព​ជា​អតិបរមា​សម្រាប់​លោក មូហ្គាបេ និង​គ្រួសារ ក្នុង​នាម​ជា​ពលរដ្ឋ​ស៊ីមបាវ៉េ​។​

លោក Emmerson Mnangagwa ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី Zimbabwe នា​ទីក្រុង Harare ថ្ងៃ​ទី​២៤ វិច្ឆិកា ២០១៧
លោក Emmerson Mnangagwa ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី Zimbabwe នា​ទីក្រុង Harare ថ្ងៃ​ទី​២៤ វិច្ឆិកា ២០១៧ REUTERS/Mike Hutchings
ផ្សាយពាណិជ្ជកម្ម

ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់ លោក Emmerson Mnangagwa បានរៀបចំ​ធ្វើ​នៅ​ពហុកីឡដ្ឋាន​ជាតិ នៅ​ជាយ​ទីក្រុង​ហារ៉ារ៉េ នៅ​ថ្ងៃ​សុក្រ​ ទី​២៤​វិច្ឆិកា​នេះ ដោយ​មានការ​ចូល​រួម​អបអរ​ពីសំណាក់​​​ប្រជាពលរដ្ឋ​ស៊ីមបាវ៉េ​យ៉ាង​ច្រើន​កុះករ​។ នៅ​ក្នុង​ពិធី​​នោះ លោក Emmerson Mnangagwa ក្នុង​វ័យ​៧៥​ឆ្នាំ បាន​ស្បថ​ថា លោក​នឹង​ស្មោះ​ត្រង់​នឹង​ស៊ីមបាវ៉េ ហើយ​គោរព​ គាំទ្រ និង​ការពារ​រដ្ឋធម្មនុញ្ញ​ព្រម​ទាំង​ច្បាប់​ដទៃ​ទៀត​របស់​ស៊ីមបាវ៉េ​។

គួររំ​ឭក​ឡើង​វិញ​បន្តិច​ថា ការ​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ស៊ីមបាវ៉េ របស់​លោក Mnangagwa នា​ពេល​នេះ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពេល​លោក រ៉ូប៊ឺត មូហ្គាបេ លា​លែង​ពី​តំណែង​។ មែន​ទែន​ទៅ លោក មូហ្គាបេ ដែល​ស្ថិត​ក្នុង​ស្ថានភាព​សុខភាព​ទន់​ខ្សោយ មាន​បំណង​ចង់​ឲ្យ​ភរិយា​របស់​លោក​ស្នង​តំណែង​ជា​ប្រធានាធិបតី​ស៊ីមបាវ៉េ​។ ប៉ុន្តែ​បំណង​នេះ​មិន​បាន​សម្រេច ដោយ​សារ​តែ​ការ​ដាក់​គំនាប​ពី​ក្រុមយោធា​និង​គណបក្ស​របស់​លោក​។

សារព័ត៌មាន​រដ្ឋ​របស់​ស៊ីមបាវ៉េ បាន​អះអាង​កាល​ពី​ពេល​មុន​នេះ​ថា លោក មូហ្គាបេ អាច​ចូល​រួម​នៅ​ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​ថ្មី។ ប៉ុន្តែ​ក្រោយ​មក ព័ត៌មាន​ឲ្យ​ដឹង​ថា លោក​មូហ្គាបេ និង​លោក Mnangagwa បាន​ជជែក​គ្នា​និង​ព្រម​ព្រៀង​គ្នា​ថា លោក​មូហ្គាបេ ត្រូវ​ការ​សម្រាក​។ ចំណែក​ប្រធានាធិបតី​ថ្មីស៊ីមបាវ៉េ លោក Emmerson Mnangagwa ត្រូវ​បាន​កាសែតរាយការណ៍​ទៀត​ថា លោក​បាន​ធានា​ដល់​លោក​មូហ្គាបេ និង​គ្រួសារ​របស់​លោក​មូហ្គាបេ នូវ​សន្តិសុខ​និង​សុខុមាលភាព​ជា​អតិបរមា ក្នុង​ជីវិត​ឯកជន ជា​ពលរដ្ឋ​ស៊ីមបាវ៉េ​។

ជា​ការ​ពិត ការ​ធានា​របស់​លោក Emmerson Mnangagwa ចំពោះ​លោក មូហ្គាបេ មិន​មែន​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ​។ គេ​ធ្លាប់​ដឹង​កន្លង​មក​ហើយ​ថា លោក Mnangagwa មាន​ប្រវត្តិ​ជា​មនុស្ស​ជំនិត​របស់​លោកមូហ្គាបេ ជា​អតីត​អនុ​ប្រធានាធិបតី​ដេល​ត្រូវ​បាន​លោក មូហ្គាបេ បណ្ដេញ​ចេញ​ពី​តំណែង​។ ធ្លាប់​ជា​រដ្ឋ​មន្ដ្រី​ក្រសួង​ការពារ​ជាតិ មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​មេទ័ព​ឯ​ទៀត លោក Emmerson Mnangagwa មាន​រហ័សនាម​ថា ក្រពើ ព្រោះ​លោក​ជា​មនុស្ស​ស្ងប់ស្ងាត់ មិន​មាត់​មិន​ក តែ​ជា​មនុស្ស​សាហាវ និង​គ្រោះ​ថ្នាក់​បំផុត​។ យ៉ាង​ណា​ក៏​ដោយ តាម​រយៈ​ការ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតីរបស់​លោក Mnangagwa គេ​សង្ឃឹម​ថា ស៊ីមបាវ៉េ នឹង​បើក​ចំហរ​ជើង​មេឃ ទាំង​ផ្នែក​ការទូត និង​សេដ្ឋកិច្ច ដើម្បី​ស្ដារ​មុខ​មាត់​ប្រទេស​ឡើង​វិញ ក៏​ដូច​ជា​ដើម្បី​ផ្ដល់​ការងារ​ធ្វើ​ដល់​ប្រជាពលរដ្ឋ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ