បណ្តាញកសាងសន្តិភាពសហគមន៍៖ ការកាប់បំផ្លាញព្រៃឡង់មានការកើនឡើងក្នុងរយៈពេល៦ខែ
ការកាប់បំផ្លាញព្រៃឡង់ក្នុងរយៈពេល៦ខែឆ្នាំ២០១៨នេះ មានការកើនឡើងស្របពេលដែលកម្ពុជាមានបញ្ហានយោបាយ និងការបោះឆ្នោតជាតិកាន់តែខិតជិតមកដល់។ នេះបើតាមអ្នកសម្របសម្រួលបណ្តាញកសាងសន្តិភាពសហគមន៍ ដែលធ្វើការជាមួយសហគមន៍ព្រៃឈើទូទាំងប្រទេសកម្ពុជា។ ចំណែកក្រសួងបរិស្ថានបដិសេធចំពោះការអះអាងនេះ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:០១
លោក សេង សុខហេង អ្នកសម្របសម្រួលបណ្តាញកសាងសន្តិភាពសហគមន៍ឲ្យដឹងនៅថ្ងៃទី១០ ខែកក្កដាថា ការកាប់បំផ្លាញព្រៃឡង់ក្នុងឆមាសទី១នៃឆ្នាំ២០១៨ មានការកើនឡើងប្រៀបធៀបនឹងឆ្នាំ២០១៧កន្លងទៅ។ លោកបញ្ជាក់ថា ការធ្វើចរាចរណ៍ឈើនៅតែបន្តកើតមានឡើងទាំងយប់ទាំងថ្ងៃ ទោះបីជាមានប៉ុស្តិ៍យាមចាំត្រួតពិនិត្យក៏ដោយ។
បើតាមលោក សេង សុខហេង ក្រៅពីរូបភាពកាប់ឈើធំៗ ក៏មានសកម្មភាពនៃការកាប់ទន្ទ្រានដីព្រៃពីអ្នកចំណូលថ្មីនៅជុំវិញតំបន់ព្រៃឡង់ដែរ ហើយលោកក៏មានការព្រួយបារម្ភខ្លាំងចំពោះសកម្មភាពនៃការកាប់ទន្ទ្រាននេះ ដែលមានការកើនឡើងពីមួយខែ ទៅមួយខែ។ លោកមើលឃើញថា ទោះបីជារដ្ឋាភិបាលបានខិតខំក្នុងការការពារមែន ប៉ុន្តែហាក់មិនមានប្រសិទ្ធភាពនោះទេ។
លោក ជា សំអាង អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថារូបភាពតូចៗនៃការកាប់ឈើក្នុងតំបន់ព្រៃឡង់ តែងតែកើតមាន ប៉ុន្តែមិនមានការកើនឡើងនោះទេ ហើយបច្ចុប្បន្នក្រសួងបរិស្ថានក៏បានចាត់វិធានការជាបន្តបន្ទាប់ដែរ។
លោក សុខហេង អះអាងថាការចុះល្បាតព្រៃឡង់ត្រូវបានធ្វើឡើងជារៀងរាល់ខែ ហើយក្នុងមួយលើកៗបណ្តាញសហគមន៍ព្រៃឡង់បានរកឃើញបទល្មើសមិនក្រោម១៥ ទៅ២០ករណី។ លោកថា ក្នុងរយៈពេល៦ខែមកនេះ សហគមន៍ការពារព្រៃឡង់បានបង្រ្កាបបទល្មើសបានមិនក្រោម១០០ករណីនោះទេ។
ឯកសារស្រាវជ្រាវ ដែលបានធ្វើបទបង្ហាញទៅកាន់អង្គការសហប្រជាជាតិ កាលពីចុងខែមិថុនា ឲ្យដឹងថា ព្រៃឈើនៅក្នុងប្រទេសកម្ពុជានឹងបាត់បង់នៅក្នុងឆ្នាំ២០៤០ ប្រសិនបើការកាប់បំផ្លាញនៅតែបន្តកើតមាន។
សូមជម្រាបជូនថាតំបន់ព្រៃឡង់ ដែលស្ថិតក្នុងភូមិសាស្រ្តខេត្តចំនួន៤គឺ កំពង់ធំ ស្ទឹងត្រែង ព្រះវិហារ និងក្រចេះ មានផ្ទៃដីសរុប ៤សែនហិកតា ត្រូវបានរដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យបង្កើតជាដែនជម្រកសត្វព្រៃ “ព្រៃឡង់” កាលពីខែឧសភា ឆ្នាំ២០១៦។ នៅខែមិនា ឆ្នាំ២០១៨ ក្រសួងបរិស្ថាន សង្គមស៊ីវិល និងវិស័យឯកជនបានចុះហត្ថលេខាត្រីភាគី លើកិច្ចព្រមព្រៀងមួយ ក្នុងគម្រោងការអភិរក្ស ព្រៃឈើតំបន់ព្រៃឡង់ ក្នុងគោលបំណង រួមគ្នាការពារ និងអភិរក្សព្រៃនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ