អានតួអត្ថបទ
កម្ពុជា-បរិស្ថាន

សកម្ម​ជន​ការ​ពារ​ព្រៃឡង់​ថា​សកម្ម​ភាព​កាប់​ឈើ​ទ្រង់​ទ្រាយ​ធំ​ក្នុង​ព្រៃ​ឡង់​ថយ​ចុះ

បណ្តាញ​សហគមន៍​ព្រៃ​ឡង់ បាន​ឲ្យ​ដឹង​ថា​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​ទ្រង់​ទ្រាយ​ធំ​នៅ​ក្នុង​ ព្រៃ​ឡង់​បានថយ​ចុះ​ជាង​មុន​។ ប៉ុន្តែ​សកម្ម​ភាព​កាប់​ឈើ​ទ្រង់​ទ្រាយ​តូច នៅ​តែ​បន្ត​កើត​ឡើង​ដដែល ។ ចំណែក​រដ្ឋាភិបាល​សាទរ​ចំពោះ​ការ​ថយ​ចុះ​ករណី​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ ព្រៃ​ឡង់​។

រូបភាព​ព្រៃឡង់ ​ថត​បាន​ពី​លើ​អាកាស។​
រូបភាព​ព្រៃឡង់ ​ថត​បាន​ពី​លើ​អាកាស។​ @Google
ផ្សាយពាណិជ្ជកម្ម

 
យោង​តាម​ព្រឹត្តិ​បត្រ​ចេញ​ផ្សាយ​នៅ​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០១៧នេះ បណ្តាញ​សហគមន៍​ព្រៃឡង់​បាន​មើល​ឃើញថា​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ព្រៃ​ឡង់​កើត​មាន​ឡើង​តិច​ជាង​មុន។ របាយការណ៍​នោះ បាន​បង្ហាញពី​សកម្មភាព​នៃ​ការ​អង្កេត​ព្រៃឡង់ ចាប់​ពី​ខែ​សីហា ដល់​ខែ​វិច្ឆកា ឆ្នាំ​២០១៦ មាន​សកម្ម​ភាព​កាប់​ឈើ​ខុសច្បាប់​ចំនួន​១៥៤​ករណី។ តួលេខ​នេះ​មាន​ការ​ថយ​ចុះ​ប្រៀប​ធៀប​នឹង​ការ​រាយការណ៍​ចាប់​ពី​ខែ​មេសា ដល់​ខែកក្កដា ឆ្នាំ​២០១៦។

ចំណែក​អ្នក​ស្រីភោគ ហុង ជា​សមា​ជិក​បណ្តាញ​សហគមន៍​ព្រៃឡង់​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ថា ការ​កាប់បំផ្លាញ​ព្រៃឡង់​ទ្រ់ង​ទ្រាយ​ធំ​បាន​ថយ​ចុះ​នៅ​ឆ្នាំ២០១៦ ធៀប​នឹង​ឆ្នាំ២០១៥។ ការ​ថយ​ចុះ​ គឺ​បន្ទាប់​ពី​ព្រៃ​ឡង់ត្រូវ​បាន​ដាក់​បញ្ចូល​ជា​ព្រៃការពារ​។ ប៉ុន្តែ​លោក​ស្រី​ភោគ ហុង​បញ្ជាក់​ថា​សកម្ម​ភាព​កាប់​បំផ្លាញ​ព្រៃ​ឈើទ្រង់​ទ្រាយតូច​នៅ​តែ​មាន​ដដែល​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៥​កន្លង ហើយ​អ្នក​ដែល​កាប់​បំផ្លាញ​ព្រៃ​ឡង់​ទ្រ់ង​ទ្រាយតូច​ទាំង​នោះ គឺ​ជា​អ្នក​ចំណាក​ស្រុក​មក​ពី​ខេត្ត​ដទៃ។​

បើ​តាម​អ្នក​ស្រីភោគ ហុង ក្នុង​អំឡុង​ខែ​កុម្ភៈ​នេះ​បណ្តាញ​សហគមន៍​ព្រៃឡង់​បាន​ធ្វើ​ពិធី​សាសនា​បំបួស ​និង​រំ ស្បង់​ជីពរ​ពណ៌​ទឹក​ក្រូច​លើ​ដើម​ឈើ​ប្រមាណ​១០០​ដើម ហើយ​បាន​រក​ឃើញ​ថា​សកម្ម​ភាព​កាប់​បំផ្លាញ​ព្រៃឈើ​ទ្រង់​ទ្រាយ​ធំ​នៅ​កណ្តាល​ព្រៃ​ឡង់​បាន​ថយ​ចុះ។​ ប៉ុន្តែ​អ្នក​ស្រីភោគ ហុង បាន​បញ្ជាក់​ថា​រហូត​មក​ដល់​ខែកុម្ភៈ​នេះ​សកម្មភាព​កាប់​ឈើ​ទ្រង់​ទ្រាយ​តូច​នៅ​តែ​មាន​ដដែល។​

លោក​សៅ សុភាព​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​បាន​ទទួល​ស្គាល់​ថា​សកម្ម​ភាព​កាប់​បំផ្លាញ​ព្រៃឡង់​នៅ​តែ​មានក្នុង​រូប​ភាព​តូច ប៉ុន្តែ​សកម្ម​ភាព​កាប់​បំផ្លាញ​ទ្រង់​ទ្រាយ​បាន​ធ្លាក់​ចុះ​ហើយ​។ លោក​បន្ថែម​ថា​ក្រោយ​ពី​ទទួលបាន​ព្រៃ​ឡង់​ពី​ក្រសួងកសិកម្ម ក្រសួង​បរិស្ថាន​បាន​បង្កើត​ជា​ដែន​ជម្រក​សត្វ​ព្រៃ ហើយ​បាន​ដាក់​មន្ត្រី​ឧទ្យានុរក្ស នៅ​តាម​ខេត្ត​ទាំង​៤ ដើម្បី​ឃ្លាំ​មើល​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខុស​ច្បាប់​ក្នុង​តំបន់​ព្រៃ​ឡង់។

សូម​បញ្ជាក់​ថា​ព្រៃឡង់​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​ដាក់​ចូល​ជា​ដែន​ជម្រក​សត្វ​ព្រៃ​នៅ​ថ្ងៃ​ទី៩ ខែ​ឧសភា​ឆ្នាំ​២០១៦ កន្លង​ទៅ​។ ព្រៃ​នេះ​មាន​ទំហំ​ប្រមាណ​៣,៦០០​គីឡូ​ម៉ែត្រការ៉េ ស្ថិត​នៅ​ចន្លោះ​ខេត្ត ចំនួន​បួន​ គឺ​ខែត្រ​ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​ខែត្រ​កំពង់ធំ។ រយៈ​ការសិក្សា​ថ្មី​មួយ​របស់​អង្គការ​អភិរក្ស​អន្តរជាតិ និង​អង្គការ​វីន​រ៉ក់​អន្តរជាតិ កាលពី​ឆ្នាំ២០១៥ បាន​ឲ្យ​ដឹងថា តំបន់​ព្រៃ​ឡង់ គឺជា​ទីជម្រក​របស់​ប្រភេទ​សត្វ និង​រុក្ខជាតិ​ជិត១ពាន់​ប្រភេទ។ ព្រៃ​ឡង់ គឺជា​ប្រភព​នៃ​ជីវិត​សម្រាប់​មនុស្ស​ប្រមាណ២សែន ៥ម៉ឺន​នាក់ ដែល​រស់នៅ​ជុំវិញ​វា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ