អានតួអត្ថបទ
កម្ពុជា

ពលករ​ខ្មែរ​ជិត​៨០​នាក់​ត្រូវ​ឃាត់​ខ្លួន​ខណៈ​ដែល​ម៉ាឡេស៊ី​កំពុង​អនុវត្ត​ការ​រឹត​បន្តឹង​ច្បាប់​អន្តោប្រវេសន៍

ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ចំនួន​៧៩​នាក់​នៅ​ថ្ងៃ​សុក្រ​នេះ ត្រូវ​បាន​អាជ្ញាធរ​ម៉ាឡេស៊ី​ឃាត់​ខ្លួន និង​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ត ដើម្បី​សម្រេច​ថា​តើ​ត្រូវ​បញ្ជូន​មក​ប្រទេស​កម្ពុជា​វិញ​ឬ​ត្រូវ​បញ្ជូន​ឡើង​តុលាការ។ ការ​ឃាត់​ខ្លួន​ពលករ​ខ្មែរ​នៅ​ពេល​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួង​មហា​ផ្ទៃ​ម៉ាឡេស៊ី ចាប់​ផ្តើម​ប្រតិបត្តិការ​ឃាត់​ខ្លួន​ពលករ​បរទេស​ធ្វើ​ការ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ចាប់​ពី​ថ្ងៃ​ទី​០១​ខែ​កក្កដា​ឆ្នាំ​២០១៧​កន្លង​ទៅ។

រូបភាពតំណាង៖ ពលករអន្តោប្រវេសន៍
រូបភាពតំណាង៖ ពលករអន្តោប្រវេសន៍ @Facebook
ផ្សាយពាណិជ្ជកម្ម

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​១៤​កក្កដា ចាប់​តាំង​ពី​អាជ្ញាធរ​ម៉ាឡេស៊ី​ផ្តើម​ប្រតិបត្តិការ មក​ទល់​នឹង​ថ្ងៃ​នេះ ក្រៅ​ពី​ការ​ឃាត់​ខ្លួន​ពលករ​ខ្មែរ​ប្រមាណ​ជិត​៨០​នាក់​នេះ មាន​ពលករ​ខ្មែរ​ចំនួន​៣០​នាក់​រួច​ទៅ​ហើយ ដែល​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី​ផ្តល់​កន្លែង​ឲ្យ​ស្នាក់​នៅ​ក្នុង​ស្ថានទូត។

ចំពោះ​ពលករ​ទាំង​នេះ ស្ថានទូត​ខ្មែរ កំពុង​សម្រប​សម្រួល​ដោះ​ស្រាយ​ជាមួយ​អាជ្ញាធរ​ម៉ាឡេស៊ី ដើម្បី​រៀប​ចំ​មាតុភូមិ​និវត្តន៍​មក​កាន់​កម្ពុជា​វិញ។ លើស​ពី​នេះ ក្រសួង​ការ​បរទេស​កម្ពុជា​ក៏​បាន​ណែនាំ​ឲ្យ​ស្ថានទូត​របស់​ខ្លួន​ត្រៀម​ជួយ​ដល់​ពលករ ពលការិនី តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន។

ជាមួយ​គ្នា​នេះ ក្រសួង​ការ​បរទេស នៅ​ថ្ងៃ​នេះ ក៏​បាន​ប្រកាស​ឲ្យ​ដឹង​ដែរ​ថា ស្ថានឯក​អគ្គរាជ​ទូត​និង​ស្ថានកុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​មួយ​ចំនួន ដែល​កម្ពុជា​បាន​បញ្ចូល​ពលករ​របស់​ខ្លួន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ទាំង​នោះ បាន​ជួយ​អន្តរាគមន៍​ដល់​ពលរដ្ឋ​និង​ពលករ​ខ្មែរជា​ច្រើន​​ពាន់​នាក់។ កិច្ច​អន្តរាគមន៍​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១​ខែ​មករា ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៧។

ក្រសួង​ការ​បរទេស​បញ្ជាក់​ថា ស្ថានទូត​និង​ស្ថានកុងស៊ុល​កម្ពុជា​នៅ​ប្រទេស​ថៃ វៀតណាម ឡាវ ភូមា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ចិន ជប៉ុន និង​កូរ៉េ​ខាង​ត្បូង បាន​ជួយ សង្គ្រោះ ស្វែង​រក​ភាព​ស្រប​ច្បាប់​និង​ជួយ​បញ្ជូន​ពលករ​កម្ពុជា​មក​ប្រទេស​វិញ​ជា​បន្ត​បន្ទាប់។ កិច្ច​អន្តរាគមន៍​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ពលករ​ខ្មែរ ប្រឈម​នឹង​ចំណាត់​ការ​ផ្លូវ​ច្បាប់​របស់​ប្រទេស​ទទួល​ឲ្យ​ធ្វើ​ការងារ ការ​បំពាន​ផ្សេងៗ​ពី​សំណាក់​និយោជក ការ​ចាញ់​បោក​មេ​ខ្យល់​ទៅ​ធ្វើ​ការ​និង​ទៅ​រៀបការ​ជាមួយ​បរទេស រង​គ្រោះ​ដោយ​ការ​ជួញ​ដូរ​មនុស្ស បញ្ហា​សុខភាព​ដោយ​ទទួល​រង​នូវ​ការងារ​ដ៏​លំបាក និង​ករណី​បាត់​បង់​ជីវិត​ដោយ​គ្រោះ​ថ្នាក់​ការងារ​ជា​ដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ