អានតួអត្ថបទ
កម្ពុជា

ថៃ​​ទុក​ពេល​១៥​ថ្ងៃ​​ឲ្យ​​ពលករ​​ខ្មែ​រ​ដែល​​ធ្វើ​ការ​​ខុស​ច្បាប់​ ទៅ​​ចុះ​ឈ្មោះ​​ក្នុង​​បញ្ជី​​ពលក​រ​​បរទេស​​ថៃ​

រដ្ឋាភិបាល​ថៃ នឹង​ទុក​រយៈពេល១៥ថ្ងៃ​ដល់​ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ​ដោយ​ខុសច្បាប់​ឲ្យ​ទៅ​ចុះឈ្មោះ​នៅតាម​ការិយាល័យ​ចុះបញ្ជី​ពលករ​បរទេស ដើម្បី​ទទួលបាន​ភាពស្របច្បាប់​បណ្តោះអាសន្ន​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ។ ការសម្រេច​ទុកពេល​របស់​ថៃ​នេះ​ធ្វើឡើង​ក្នុងជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួង​ការងារ​កម្ពុជា និង​ថៃ​កាលពី​ម្សិលមិញ និង​ទើប​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ដោយ​គណៈកម្មការ​ផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា​ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​នៅថ្ងៃនេះ។

ពលករខ្មែរខុសច្បាប់នៅពេលអាជ្ញាធរយោធាថៃបញ្ជួនមក​វិញ​នា​ពេល​កន្លង​មក​
ពលករខ្មែរខុសច្បាប់នៅពេលអាជ្ញាធរយោធាថៃបញ្ជួនមក​វិញ​នា​ពេល​កន្លង​មក​ RFI
ផ្សាយពាណិជ្ជកម្ម

​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន គណៈកម្មការ​ផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា​ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ បាន​គូសបញ្ជាក់​ដូច្នេះ​ថា រដ្ឋាភិបាល​ថៃ​មិន​អនុវត្ត​ទោសពិន័យ​ចំពោះ​និយោជក​ថៃ​ដែល​កំពុង​ប្រើប្រាស់​ពលករ​ខ្មែរ​ដែល​គ្មាន​ឯកសារ​នោះទេ។ ជាមួយគ្នានេះ ថៃ​នឹង​ផ្តល់ឱកាស១៥ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី២៤ ខែកក្កដា​នេះ ដល់​ថ្ងៃទី០៧ ខែសីហា​ឆ្នាំ២០១៧ ដើម្បី​ឲ្យ​ពលករ​ខ្មែរ និង​និយោជក​ថៃ ដែល​មិនទាន់មាន​ឯកសារ​អ្វី​ទាំងអស់​ឲ្យ​ទៅ​ចុះឈ្មោះ​នៅតាម​ការិយាល័យ​ចុះបញ្ជី​ពលករ​បរទេស។ ការិយាល័យ​ចុះបញ្ជី​ពលករ​បរទេស​នេះ ថៃ​នឹង​បង្កើត​ចំនួន១០កន្លែង​នៅក្នុង​ទីក្រុង​បាងកក និង​មួយកន្លែង​ទៀត​នៅក្នុង​ខេត្តនីមួយៗនៃ​ប្រទេស​ថៃ។ បន្ថែម​លើ​នេះ រដ្ឋាភិបាល​ថៃ ក៏បាន​អនុញ្ញាត​ឲ្យ​ពលករ​ខ្មែរ​ដែលមាន​លិខិតឆ្លងដែន លិខិត​ធ្វើដំណើរ​ឫ​ប័ណ្ណ​ពណ៌​ស៊ី​ជម្ពូ អាចមក​ចុះបញ្ជី​ជាមួយ​មន្ទីរ​ការងារ​ថៃ ដើម្បី​ក្លាយជា​ពលករ​ស្របច្បាប់​វិញ។

ក្រៅពីនេះ រដ្ឋាភិបាល​ថៃ​ក៏បាន​យល់ព្រម​ឲ្យ​កម្ពុជា​រៀបចំ​យុទ្ធនាការ១០០ថ្ងៃ ដើម្បី​ផ្តល់​លិខិតឆ្លងដែន លិខិត​ធ្វើដំណើរ និង​ប័ណ្ណ​ពលករ​កម្ពុជា​ទៅធ្វើ​ការ​នៅ​បរទេស(OCWC)ដល់​ពលករ​ខ្មែរ​ចំនួន១៦ម៉ឺន​នាក់​ក្នុងប្រទេស​ថៃ​ផងដែរ។ យុទ្ធនាការ​នេះ​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី០១ ខែសីហា​ខាងមុខ​តទៅ ដោយ​គណៈកម្មការ​នឹង​បញ្ជូន​ក្រុម​ចល័ត​ចំនួន៤ក្រុម​បន្ថែមទៀត ដើម្បី​ចុះ​ផ្តល់​តាម​រោងចក្រ​ទាំង២០០កន្លែង​ដែលមាន​ពលករ​ខ្មែរ​ធ្វើការ​លើសពី៧០នាក់។ ចំពោះ​កម្រៃ​សេវា​ក្នុង​ការបើក​ផ្តល់​សំណុំ​ឯកសារ​ទាំងនេះ គឺ៩៥០បាត​ឫ​ជាង២៧ដុល្លារ​អាមេរិក។

បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ថៃ​ក៏បាន​យល់ព្រម​ឲ្យ​កម្ពុជា​ធ្វើ​យុទ្ធនាការ​បញ្ជាក់​អត្តសញ្ញាណ​ពលករ​ខ្មែរ​ដែល​មិនទាន់មាន​លិខិត​ធ្វើដំណើរ និង​ប័ណ្ណ​OCWC ដើម្បី​យកទៅ​សុំ​ភាពស្របច្បាប់​ពី​អាជ្ញាធរ​ថៃ​ដោយ​កំណត់​យន្តការ​បញ្ជាក់​អត្តសញ្ញាណ​ពលករ និង​បើក​ឯកសារ​ជូន​ពលករ​ក្នុង​ថ្ងៃ​តែមួយ​ហើយ​ពលករ​អាច​ទៅសុំ​ទិដ្ឋាការ​ស្នាក់នៅ និង​ទិដ្ឋាការ​ការងារ​បាន​នៅ​កន្លែង​តែមួយ​តែម្តង។ យុទ្ធនាការ​នេះ​នឹង​ចាប់ផ្តើម​ក្នុង​សប្តាហ៍​ទី១ នៃ​ខែសីហា តទៅ។ ត​ម្រៃ​សេវា​ក្នុង​ការធ្វើ​និង​បើក​សំណុំ​ឯកសារ​ក្នុង​ថ្ងៃ​តែមួយ​គឺ ២.៣៥០បាត​ឫ​ជាង៦៨ដុល្លារ​អាមេរិក។

ដំណោះស្រាយ​ថ្មី​សម្រាប់​ពលករ​ខ្មែរ​ទាំងនេះ បាន​កើតឡើងភ្លាមៗបន្ទាប់ពី​ពលករ​ខ្មែរ​ដែល​ធ្វើការ​ខុសច្បាប់​នៅ​ប្រទេស​ថៃ ត្រូវបាន​បញ្ជូនមក​ក​ម្ពុ​ជា​វិញ​រាប់ពាន់នាក់។ គិត​ត្រឹម​ថ្ងៃទី៥កក្កដា ពលករ​ខ្មែរ​ចំនួន​ជាង៣ពាន់៦រយ​នាក់​ហើយ​ត្រូវបាន​អាជ្ញាធរ​ថៃ​បញ្ជូន​មកវិញ។ យ៉ាងណាក៏ដោយ ចំពោះ​បញ្ហា​នេះ និង​បន្ទាប់ពី​រកឃើញ​ដំណោះស្រាយ​ថ្មី​នេះ គណៈកម្មការ​ផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា​ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​បាន​អំពាវនាវ​ឲ្យ​ពលករ​ទាំងអស់​រក្សា​ភាពនឹងន​ក្នុងការ​បំពេញការងារ​ជា​ប្រក្រតី​តទៅទៀត​ជាមួយនឹង​និយោជក​របស់ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ